បែកធ្លាយ កំលាំង​ទាហាន​ដឺ​បេ ភូមិភាគ​ទី​៤ ឈរជើង​នៅ​ចំណុច​ច្រក​អានសេះ​បាញ់កាំភ្លើង​អាកា ចំនួន ៧​គ្រាប់ ទៅលើ​គោយន្ត​ដឹកឈើ​របស់​ប្រជាពលរដ្ឋ​

​ព្រះវិហារ: ប្រជាពលរដ្ឋ​ម្នាក់ បានដាក់​ពាក្យបណ្តឹង​មក​អភិបាលស្រុក​ជាំ​ក្សាន្ត ឲ្យ​ជួយ​ធ្វើការ​ដោះស្រាយ​ចំពោះ​រូបគាត់ ដែល​រងគ្រោះ ត្បិត​អី​ទាហាន​ការិយាល័យ​ទី​២ (​ដឺ​បេ​) នៃ​ទីបញ្ជាការ​យោធា​ភូមិភាគ​ទី​៤ ប្រចាំ​ច្រក​អានសេះ ២​រូប បាន​យក​កាំភ្លើង​អាកា បាញ់​ទៅលើ​គោយន្ត​ដឹកឈើ​របស់គាត់ និង​ជំរិត​ទារប្រាក់​ចំនួន ៣​លាន​រៀល​។
​រឿងក្តី​នេះ មិនទាន់មាន​ការដោះស្រាយ​ឲ្យ​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ហើយ​ថ្នាក់លើ ក៏​មិន​ជ្រាប​ពី​រឿងនេះ​ដែរ​។​
​    ​
​ហេតុការណ៍​ទាហាន​ដឺ​បេ បាញ់​គោយន្ត​របស់​ប្រជាពលរដ្ឋ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង ៧ និង ៣០​នាទី យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ ស្ថិតនៅ​ចំណុច​ព្រំដែន​ច្រក​អានសេះ ក្នុងភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខណៈពេលដែល​ជនរងគ្រោះ​ដឹកឈើ​បេង និង​ធ្នង់ ប្រមាណ ៦​ផ្លាន ចុះមក​ជើងភ្នំ​។
​    ​
​ក្នុង​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ជិន វឹង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​មាន​សាក្សី ចំនួន ៦​រូប​ផង បានដាក់​ពាក្យបណ្តឹង មក​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត ដោយ​ធ្វើ​ការប្តឹង​ទាហាន ២​រូប គឺ​ម្នាក់​ឈ្មោះ លុច និង​ម្នាក់​ឈ្មោះ ឆាត ដែល​គេ​ស្គាល់​ថា​ជា​ទាហាន​នៅ​ការិយាល័យ​ទី​២ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ ឈរ​នៅ​ច្រក​អានសេះ​។
​ក្នុង​បណ្តឹង​ដដែល​បាន​បញ្ជាក់ថា ក្នុង​វេលា​ម៉ោង​ដូចខាងលើ រូបគាត់​ឈ្មោះ ជិន វឹង បាន​បើក​គោយន្ត​កន្ត្រៃ​ដឹកឈើ​បេង និង​ធ្នង់​ប្រមាណ ៦​ផ្លាន ពី​ព្រំដែន ដើម្បី​យកមក​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​។​

​ពាក្យ​ប្តឹង​បន្តថា ពេល​បើក​គោយន្ត​ដឹកឈើ​ចេញមក​បាន​បន្តិច ក៏ត្រូវ​បាន​ឈ្មោះ លុច និង​ឈ្មោះ ឆាត ឲ្យ​ម្ចាស់​មក​ដោះស្រាយ និង​និយាយ​គ្នា នៅពេលនោះ​ឈ្មោះ លុច បាន​យក​កាំភ្លើង​អាកា​៤៧ បាញ់​មួយ​គ្រាប់​ទៅ​កង់​គោយន្ត​ផ្នែក​ខាងក្រោយ និង​បន្ទាប់មក​ឈ្មោះ ឆាត ក៏បាន​ទាញ​កាំភ្លើង​ពី​ឈ្មោះ លុច បាញ់​ចំនួន ៣​គ្រាប់​ទៀត ហើយក៏​បាន​ឲ្យ​គោ យន្ត​ឈប់ និង​ធ្វើការ​ដោះ​ក្បាល​គោយន្ត​ជនរងគ្រោះ ហើយក៏​យក​ក្បាល​គោយន្ត​នោះ ដឹក​ឡាន​ចាកចេញ​បាន​ចំនួន​២​ម៉ែត្រ ក៏បាន​បាញ់​ចំនួន​៣​គ្រាប់​ទៀត ត្រូវ​កង់​គោយន្ត​ខាងក្រោយ​ទៀត ហើយ​ឈ្មោះ ឆាត បាន​ស្រែកថា​យក​ខ្នោះ មក​ដាក់​ម្ចាស់​ឲ្យ​ជាប់​នឹង​គោយន្ត និង​បន្ទាប់មក​ម្ចាស់​គោយន្ត​ឈ្មោះ ជិន វឹង ក៏​រត់គេចខ្លួន​។​

​ក្នុង​បណ្តឹង​ខាងលើ បានបញ្ជាក់​ទៀតថា បន្ទាប់មក​ឈ្មោះ ឆាត បាន​ស្រែក​ទារលុយ​ចំនួន ៣​លាន​រៀល ឲ្យ យកមក​ឲ្យ​អញ​ទើប​រួចខ្លួន​។ បន្ទាប់មកទៀត គេ​ក៏​បានឃើញ​ឈ្មោះ ខេមរា និង​ឈ្មោះ ហ៊ួ​រលៀង មកដល់​កន្លែងកើតហេតុ ហើយក៏​ហៅ​ទៅ​ដោះស្រាយ​នៅផ្ទះ​ឈ្មោះ ឆាត ហើយ​ក្រោយមក​ម្ចាស់​គោយន្ត​បាន​យល់ព្រម​ប្រគល់​លុយ​ចំនួន ១​លាន​រៀល ទៅ​ឲ្យ​ឈ្មោះ ឆាត នោះ​ទៅ​។​

​ទោះបី​រឿងនេះ ជនរងគ្រោះ​បានប្រគល់​លុយ​ទៅ​ឲ្យ​ឈ្មោះ ឆាត រួចហើយ​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ គាត់​មិន​សុខចិត្ត ទើប​ដាក់​ពាក្យបណ្តឹង​មក​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ជនរងគ្រោះ​មិនទាន់​ទទួលបាន​ការដោះស្រាយ​នៅឡើយ​ទេ​។
​ហេតុនេះ ពួកគាត់​ស្នើ​ឲ្យ​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​៤ ដែលមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កង ទ័ពជើងគោក មាន​វិធាន​ចំពោះ​កូនចៅ​របស់ខ្លួន​ដែល​បានធ្វើ​ខុស​នោះ​ផង បើ​មិន​អញ្ចឹង​ស្លាប់​ប្រជាពលរដ្ឋ​អស់ហើយ​។​

​កាលពី​ល្ងាច​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ អ្នកយក​ពត៌មាន​មិនអាច​សុំ​ជួប​បំភ្លឺ​បាន​ពី​ទាហាន ដែល​បាញ់​គោយន្ត​នោះបានទេ​៕

បែកធ្លាយ កំលាំង​ទាហាន​ដឺ​បេ ភូមិភាគ​ទី​៤ ឈរជើង​នៅ​ចំណុច​ច្រក​អានសេះ​បាញ់កាំភ្លើង​អាកា ចំនួន ៧​គ្រាប់ ទៅលើ​គោយន្ត​ដឹកឈើ​របស់​ប្រជាពលរដ្ឋ​

បែកធ្លាយ កំលាំង​ទាហាន​ដឺ​បេ ភូមិភាគ​ទី​៤ ឈរជើង​នៅ​ចំណុច​ច្រក​អានសេះ​បាញ់កាំភ្លើង​អាកា ចំនួន ៧​គ្រាប់ ទៅលើ​គោយន្ត​ដឹកឈើ​របស់​ប្រជាពលរដ្ឋ​
​រូបភាព​៖​គោយន្ត​របស់​ជនរងគ្រោះ​ឈ្មោះ ជិន វឹង ដែល​រងគ្រោះ​ដោយ​ទាហាន​ដឺ​បេ​ភូមិភាគ​ទី​៤​បាញ់​៕​គូលែន​