ក្រសួង​វប្បធម៌ ប្រកាស​ស្រាវជ្រាវ និង​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៅ​ទូទាំងប្រទេស​

: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចាប់ផ្តើម​ស្រាវជ្រាវ និង​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នានា​នៅ​ទូទាំងប្រទេស ដើម្បី​ចងក្រង​ជា​ឯកសារ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ឱ្យ​ស្ថិតនៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាញ​ក្រោយ​។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​វិធីសាស្ត្រ​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​ថ្នាក់ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង​វប្បធម៌ លោក សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មានប្រសាសន៍ថា កម្ពុជា​សំបូរ​ទៅដោយ    បេតិកភណ្ឌ​វប្ប​ធ៌​អរូបី​ជាច្រើន​ទម្រង់ ដែលជា​ឃឿន​នៃ​អរិយធម៌ វប្បធម៌ បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ ប៉ុន្តែ​មរតក​ទាំងនេះ​ទាមទារ​ឱ្យមាន​ការចាត់វិធានកា​រពារ​ជាបន្ទាន់​ដើម្បី​កុំឱ្យ​បាត់បង់ និង​រលាយ​សាបសូន្យ​ចេញពី​សង្គម​ខ្មែរ​។​

​លោក​បាន​បញ្ជាក់ថា ដើម្បី​ការពារ​ធនធាន​វប្បធម៌​អរូបី​ដ៏​មានតម្លៃ​នេះ​ឱ្យបាន​គង់វង្ស​នោះ ក្រសួង​ត្រៀម​ចុះ​ស្រង់​ស្ថិតិ​រាល់​ទម្រង់​វប្បធម៌​អរូបី​ទាំងអស់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស ដើម្បី​ចងក្រង​ទៅជា​ទិន្នន័យ​ថ្នាក់ជាតិ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម សម្រាប់​ជា​ឯកសារ​ស្រាវជ្រាវ ការថែរក្សា​ការពារ និង​ការ​ផ្ទ​រ​បន្តទៅ​អ្នកជំនាន់ក្រោយ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា នៅពេល​ចុះបញ្ជី​រួចរាល់​ហើយ ចំពោះ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​ណា​ដែលមាន​វ័យ​ចំណាស់​ហើយ​ប្រឈម​នឹង​ការបាត់បង់​នោះ ក្រសួង​លើកទឹកចិត្ត​ឱ្យមាន​ការបណ្តុះបណ្តាល​ដ​ល់​អ្នកជំនាន់ក្រោយ​ដើម្បី​កុំឱ្យ​រលាយ​សាបសូន្យ​។​

​ជាមួយគ្នានេះ នៅពេល​ដឹង​ប្រភព​និង​អត្តសញ្ញាណ​វប្បធម៌​អរូបី​ដែល​បង្ហាញថា ជា​របស់​ខ្មែរ នឹង​អាច​ឈានទៅ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​ផងដែរ​។​

​លោកស្រី អាន ឡឺ​មេស៍ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ផែនការ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​កម្ពុជា​នេះ គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ បន្ទាប់ពី​កម្ពុជា​បានផ្តល់​សច្ចាប័ន​ក្លាយជា​ប្រទេស​សមាជិក​របស់​អង្គការ​យូណេស្កូ ក្នុងការ​ការពារ ថែរក្សា បេតិកភណ្ឌ​វប្បធម៌​អរូបី ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​បានលើកឡើង​ថា ការ​ចងក្រង​បាន​នូវ​ទ​ន្និ​ន័យ​ទាំងអស់នេះ វា​មិន​ត្រឹមតែ​បានបង្ហាញ​ពី​តម្លៃ​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បណ្តុះ​គំនិត​ឱ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​ការពារ​កុំឱ្យ​មានការ​បាត់បង់​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា​បានទទួល​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​ពី​អង្គការ​យូណេស្កូ​បាន​ចំនួន​ពីរ​ទម្រង់​ហើយ គឺ​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ឆ្នាំ​២០០៣ និង​ល្ខោន​ស្រមោល​ស្បែក​ធំ កាលពី​ឆ្នាំ​២០០៥៕​