ផល​ប៉ះពាល់​នៃ​អំពើ​អាសគ្រាម​លើ​កុមារី

ក្រុម​គ្រួសារ​កុមារី​ម្នាក់​អាយុ ១១​ឆ្នាំ​ ទាមទារ​រក​យុត្តិធម៌ បន្ទាប់​ពី​កុមារី​រូប​នោះ​ត្រូវ​គ្រូបង្រៀន​របស់​នាង​ដាក់​ពិន័យ​ដោយ​អោយ​សម្រាត​សំពត់​នៅ​ចំពោះ​មុខ​មិត្ត​រួម​ថ្នាក់។ មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ។

ទាំង​ក្រុម​គ្រួសារ និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្នើ​អោយ​ភាគី​ពាក់ព័ន្ធ​ជំរុញ​ដំណើរការ​សំណុំ​រឿង​គ្រូបង្រៀន​ដាក់​ពិន័យ​កុមារី​ដោយ​អំពើ​អសីលធម៌ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​កុមារី​រង​គ្រោះ។

ក្នុង​វ័យ ៦០​ប្លាយ លោកស្រី រ័ត្ន សារ៉ន ដែល​ជា​ជីដូន​របស់​កុមារី​មាន​ប្រសាសន៍​ថា គ្រួសារ​លោកស្រី​ប្រាថ្នា​ចង់​បាន​យុត្តិធម៌​ចៀសវាង​កុំ​ឲ្យ​រឿង​ហេតុ​ដដែល​នេះ​កើត​ឡើង​លើ​ក្មេង​ស្រី​ផ្សេង​ទៀត៖ «ចង់​បាន​យុត្តិធម៌! សំណង​ក៏​ខ្ញុំ​ចង់​បាន ជំងឺ​ចិត្ត​អី​ខ្លះ​ដែរ ហើយ​ចង់​ឲ្យ​គាត់ គឺ​លោកគ្រូ គាត់​ទទួល​ខុស​ចំពោះ​មុខ​ច្បាប់»

លោកស្រី​បាន​រៀបរាប់​ថា កាល​ពី​ថ្ងៃ​មួយ​ក្នុង​ខែ​ឧសភា កន្លង​ទៅ ចៅស្រី​ដែល​មាន​អាយុ ១១​ឆ្នាំ ទើប​រៀន​នៅ​ថ្នាក់​ទី​២ ត្រូវ​គ្រូ​បង្រៀន​នៅ​បឋមសិក្សា ហ៊ុន សែន វត្តថ្មី ឈ្មោះ ដួង សាណេត ដាក់​ពិន័យ​នៅ​ក្រោយ​ពេល​ដែល​នាង​មិន​ចេះ​អាន​មេរៀន។ ប៉ុន្តែ​ចៅស្រី​មិន​បាន​ប្រាប់​លោកស្រី​ដោយ​ផ្ទាល់​ទេ គឺ​មាន​អ្នក​ភូមិ និង​កុមារ​ជា​មិត្ត​រួម​ថ្នាក់​ជា​អ្នក​ប្រាប់៖ «និយាយ​ថា គ្រូ​ស្រាត អ៊ីចឹង​កូន​មួយ​នោះ​វា​អត់​ព្រម​ទៅ​រៀន​ដែរ ព្រោះ​គ្រូ​ហ្នឹង​ស្រាត​វា​ដែរ តែ​ស្រាត​បន្តិចៗ ដូច​ថា ទាញ​ខោ​ ទាញ​សំពត់​ចុះ​ក្រោម​បន្តិចៗ ហើយ​វា​ក៏​លើក​វិញ​ភ្លាម​ទៅ។ ចំណែក​ចៅ​ខ្ញុំ​ហ្នឹង បញ្ជា​អោយ​សិស្ស​ប្រុស​ស្រាត អោយ​វា​ឈរ​លើ​កៅអី​គ្រូ ប្រើ​អោយ​សិស្ស​ប្រុស​ស្រាត​ដល់​កែង​ជើង​ ហើយ​ខោ​ខាង​ក្នុង​ជា​ខោ​ខោវប៊យ​ទៀត ស្រាត​ទាំង​ខោ​ ទាំង​សំពត់។ ចៅ​វា​អត់​បាន​ប្រាប់​ទេ​ វា​អត់​ហ៊ាន​ទេ មាន​សិស្ស​ដូចគ្នា​គេ​ប្រាប់ ពេល​ខ្ញុំ​ស្រាវ​ជ្រាវ​ទៅ​ឃើញ​ដូច​គេ​ប្រាប់ បាន​ជា​ខ្ញុំ​ធ្វើ​ពាក្យ​ប្ដឹង»

គ្រូ​បង្រៀន ឈ្មោះ ដួង សាណេត និង​ក្រុម​គ្រួសារ​កុមារី រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា នា​ឃុំ​សង្កែ ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។

នាយក​បឋមសិក្សា ហ៊ុន សែន វត្ត​ថ្មី លោក ពៅ សាមឿន មាន​ប្រសាសន៍​ថា លោកគ្រូ ដួង សាណេត បាន​សារភាព​ទទួល​កំហុស​ថា ពិត​ជា​បាន​ដាក់​ពិន័យ​លើ​កុមារី​នោះ​មែន។ លោក​ថា ក្រុម​ប្រឹក្សា​វិន័យ​បាន​ស្ដី​បន្ទោស និង​តម្រូវ​អោយ​លោកគ្រូ​រូប​នោះ​សរសេរ​កិច្ចសន្យា​ពុំ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ត​ទៅ​ទៀត។

លោក​បន្ត​ថា ករណី​នេះ​ក៏​បាន​ការ​ស្ដីបន្ទោស​ពី​ការិយាល័យ និង​មន្ទីរ​អប់រំ​​ដែរ៖ «ការិយាល័យ​រាយការណ៍​ទៅ​មន្ទីរ មន្ទីរ​ដឹង​ហើយ​ក៏​ចេញ​លិខិត​ស្ដី​បន្ទោស​ថា ក្នុង​នាម​ជា​គ្រូ​បង្រៀន​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ គឺ​គាត់​អត់​គាំទ្រ ហើយ​ក្នុង​នាម​ជា​នាយក ខ្ញុំ​ក៏​អ៊ីចឹង​ដែរ»

លើស​ពី​នេះ លោក​នាយក​ក៏​បាន​ផ្លាស់ប្ដូរ​គ្រូបង្រៀន​រូប​នោះ​មិន​អោយ​បង្រៀន​សិស្ស​នៅ​ថ្នាក់​ទី​២ ត​ទៅ​ទៀត ដោយ​លោក​សង្កេត​ឃើញ​ថា ក្មេង​ស្រី​នៅ​ក្នុង​ថ្នាក់​មាន​ការ​ភ័យខ្លាច៖ «ដូរ​កណ្ដាល​ឆ្នាំ ដូរ​អត់​អោយ​បង្រៀន​ថ្នាក់​ដដែល​វិញ​ទេ។ កាល​ណា​បើ​សិស្ស​ហ្នឹង​រៀន​ជាមួយ​គ្រូ​ហ្នឹង វា​អត់​មក​រៀន​ទេ តែ​បើ​ដូរ​គ្រូ​ផ្សេង​វា​មក អ៊ីចឹង​ខ្ញុំ​ដូរ​តែ​ម្ដង»

បើ​តាម​ជីដូន​កុមារី​អោយ​ដឹង​ថា ករណី​នេះ​មាន​ការ​សម្របសម្រួល​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​មិន​បាន​លទ្ធផល ទើប​លោកស្រី​សម្រេច​ប្ដឹង​ទៅ​តុលាការ។ ក្នុង​បណ្ដឹង​លោកស្រី ទាមទារ​ប្រាក់​ជំងឺ​ចិត្ត និង​យុត្តិធម៌។

យ៉ាង​នេះ​ក្ដី​លោកស្រី​ថា ជា​អ្នក​ភូមិ​ផង​ជា​មួយ​គ្នា លោកស្រី​ពិត​មិន​ចង់​អោយ​លោក​គ្រូ ដួង សាណេត មាន​ទោស​ជាប់​ពន្ធនាគារ​អ្វី​ឡើយ៖ «ខ្ញុំ​ទារ ៣​ពាន់ (ដុល្លារ) ដល់​គាត់​លោម​ពេក ខ្ញុំ​ក៏​ចុះ​នៅ​ត្រឹម ៥០០​ទេ តែ​គាត់​នៅ​អត់​ព្រម​អោយ គឺ​គាត់​អោយ​តែ ៣០០​ទេ។ មុន​ដំបូង​នៅ​ត្រឹម​ឃុំ​ពាក្យ​ហ្នឹង ដែល​គេ​ហៅ​ទៅ​ដោះស្រាយ ដល់​ព្រម​អោយ​តែ ៣០០​ហ្នឹង ខ្ញុំ​ក៏​ឡើង​ទៅ​ដល់​ជួប​លីកាដូ (LICADHO) និង​អាដហុក (ADHOC) ​​​នៅ​ខេត្ត»

ដោយ​ឡែក​ចំពោះ​មន្ត្រី​ការពារ​សិទ្ធី​មនុស្ស​លីកាដូ ប្រចាំ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា លោកគ្រូ​បង្រៀន​រូប​នោះ​ប្រឈម​នឹង​ទិស​ព្រហ្មទណ្ឌ ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​បាន​ប្រព្រឹត្ត​លើ​អនីតិជន៖ «អារម្មណ៍​ដក់​ក្នុង​ចិត្ត ​គឺ​ប៉ះពាល់​ផ្លូវ​ចិត្ត​គាត់​ខ្លាំង​ចំពោះ​កុមារ​ហ្នឹង​ បន្ត​រហូត​ដល់​ពេល​គាត់​ពេញ​រូប​ពេញ​រាង ហើយ​ធ្វើ​អោយ​សិស្ស​ដទៃ​​ទៀត ជា​ពិសេស​គឺ​កុមារី គាត់​នឹង​ខ្លាច​គ្រូ​បង្រៀន​រូប​នោះ បើ​សិន​អត់​មាន​វិធានការ​ណា​មួយ​ផ្ដន្ទាទោស​គ្រូ​បង្រៀន​ហ្នឹង​ទេ។ បើ​និយាយ​ពី​សិទ្ធិ​កុមារ​វិញ គឺ​ប៉ះពាល់​ខ្លាំង​ណាស់»

មាត្រា​២៤៩ នៃ​ក្រមព្រហ្មទណ្ឌ​ស្ដីពី​បទ​បង្ហាញ​កេរ្តិ៍​ភេទ​ចែង​ថា អំពើ​បង្ហាញ​កេរ្តិ៍​ភេទ ដែល​នាំ​អោយ​អ្នក​ដទៃ​មើល​ឃើញ​នៅ​ទី​កន្លែង​មួយ​ដែល​សាធារណជន​អាច​មើល​ឃើញ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ ៣​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ដល់ ៥​សែន​រៀល។

ចំណែក​មាត្រា​៤៣ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ចែង​ថា អំពើ​អាស​មាន​ន័យ​ថា ការ​ប៉ះពាល់ ការ​បង្ហាញ​កេរ្តិ៍​ភេទ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ភេទ​របស់​ជន​ដទៃ ឬ​ការ​អោយ​ជន​ដទៃ​ប៉ះពាល់​កេរ្តិ៍​ភេទ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជន​ល្មើស​ខ្លួន​ឯង ឬ​របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​អោយ​រំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជនល្មើស។ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​ជន​មាន​អាយុ​តិច​ជាង ១៥​ឆ្នាំ នឹង​ត្រូវ​ផ្ដន្ទាទោស​អោយ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ដល់ ៦​លាន​រៀល។

លោក បូពិណ្ណរ័ត្ន រំពឹង​ថា ព្រះរាជអាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង នឹង​ពន្លឿន​រឿង​ក្ដី​នេះ ដើម្បី​បញ្ចប់​ភាព​ភ័យ​ខ្លាច​របស់​កុមារី​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ និង​នៅ​សាលារៀន៖ «រហូត​មក​ដល់​ពេល​នេះ​គឺ ៥​ខែ​ហើយ​អត់​មាន​ដំណឹង​អី (ពី​ព្រះរាជអាជ្ញា) ដល់​គាត់​ទេ ចេះ​តែ​ហៅ​គាត់​អោយ​ដក​ពាក្យ​បណ្ដឹង។ អោយ ២​ពាន់​អី​ថា​តែ​មាត់។ ខ្ញុំ​ចាំ​តែ​មើល​នីតិវិធី​ហ្នឹង​វា​យ៉ាង​ម៉េច? ពេល​សួរ​យាយ​ហ្នឹង​គាត់​ថា (ព្រះរាជអាជ្ញា) អោយ​គាត់​​​​ដក​ពាក្យ​បណ្ដឹង​ហើយ អោយ​គាត់​កែ​ទៀត កែ​បទ​ល្មើស​ថា​អត់​បាន​សម្រាត​សំពត់​ទេ គឺ​គ្រាន់​តែ​គំរាម​ទេ ដល់​អ៊ីចឹង​គាត់​អត់​ព្រម ដោយសារ​ខ្លាច​គេ​ប្ដឹង​បក​វិញ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ព្រះរាជអាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង បាន​​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​តុលា។

ចំណែក​ក្រសួង​កិច្ចការ​នារី​តាមរយៈ​គណនេយ្យ​ហ្វេសប៊ុក (Facebook) បាន​សរសេរ​សារ​ ថ្កោលទោស​ចំពោះ​គ្រូ​បង្រៀន​ឈ្មោះ ដួង សាណេត ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​កុមារី​ជា​អនីតិជន​អាយុ ១១​ឆ្នាំ ដោយ​ឱ្យ​សិស្ស​ប្រុស​សម្រាត​សំពត់​មុខ​មិត្ត​រួម​ថ្នាក់។

ក្រសួង​ចាត់​ទុក​ទង្វើ​នេះ​ថា ប្រាសចាក​ពី​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ជា​បទ​ល្មើស​មួយ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សតិអារម្មណ៍ កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​ក្មេង​ស្រី​រូប​នេះ និង​គ្រួសារ​ទាំង​មូល។ ក្រសួង​កិច្ចការ​នារី​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​តាមដាន​លើ​ករណី​នេះ។

ចំពោះ​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ​រំពឹង​ថា នឹង​អាច​ជួយ​អោយ​កុមារី​រូប​នេះ​បន្ត​ការ​សិក្សា ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច និង​មាន​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។