មន្រ្តីជំនាញព្រំដែន មិនចាប់អារម្មណ៍ សម្តីគ្មានប្រយោជន៍ លោក សួន សេរីរដ្ឋា ថាក្រុមស្រាវជ្រាវ ព្រំដែនអន់ ជាងពលរដ្ឋ

ភ្នំពេញ ៖ អនុប្រធាន គណៈកម្មាធិការជាតិ កិច្ចការព្រំដែន លោកស្រី កុយ ពិសី បានថ្លែងថា លោកស្រី មិនចាប់អារម្មណ៍ និងមិនយកចិត្តទុកដាក់ ទៅលើពាក្យលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងថា អ្នកជំនាញ ព្រំដែនគ្មានវិជ្ជាជីវៈ និងអន់ជាងប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន។

លោក សួន សេរីរដ្ឋា បានថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៥ថា ក្រុមអ្នកធ្វើការ ស្រាវជ្រាវលើ កិច្ចការព្រំដែនសព្វថ្ងៃនេះ ខ្វះចំណេះដឹង អន់ជាងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាយដែន។

លោកស្រី កុយ ពិសី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នេះជាសម្តីគ្មានការ ហើយពួកបក្សប្រឆាំងមិនដែលឲ្យតម្លៃទៅក្រុមមន្រ្តីជំនាញព្រំដែនឡើយ។

លោកស្រីបញ្ជាក់ថា “ខ្ញុំគ្មានអ្វីអធិប្បាយទេ ពួកគាត់(អ្នកប្រឆាំង)មិនចេះឲ្យតម្លៃមកលើអ្នកព្រំដែនទេ មានតែពួកគាត់ដែល ជាអ្នកចេះ ចឹងស្រេចតែពួកគាត់ទៅ ។ បើពួកយើងគ្មានជំនាញច្បាស់លាស់ តើធ្វើការងារ ម៉េចកើត យើងរាល់ថ្ងៃធ្វើការ សុទ្ធតែ មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ហើយពួកគាត់ចេះតែមើលងាយ រាជរដ្ឋាភិបាលរហូតចឹងខ្ញុំមិនដឹងបកស្រាយម៉េចទេ”។

លោក សួន សេរីរដ្ឋា បន្តថា សព្វថ្ងៃគ្រូពេទ្យនៅស្រុកខ្មែរគ្មានជំនាញច្បាស់លាស់អ្វីទេ បានទៅតែស្ទាបអ្នក ជំងឺរករោគសញ្ញា ដូច្នេះបៀបបីដូចជាអ្នកជំនាញខាងផែនទី ដែលអ្នកគ្មានជំនាញបានតែទៅស្ទាបផែនទី ដោយដឹកនាំការស្រាវជ្រាវគ្មាន ជំនាញច្បាស់លាស់។

លោកបញ្ជាក់ថា “ការផ្ទៀងផ្ទាត់ផែនទី ខ្លួនឯងអត់មានជំនាញផែនទីផង”។

ទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ផែនទី លោកបានលើកឡើងថា លោកមិនទាន់ហានទទួលស្គាល់ថា ផែនទីដែល ផ្ទៀងផ្ទាត់ជាមួយបារាំង និងយូអិន ត្រឹមត្រូវទេព្រោះលោកមិនមែនជាអ្នកជំនាញខាងភូមិសាស្រ្ត។

លោកក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ត្រូវស្រាវជ្រាវរកអ្នកជំនាញ ផែនទីនិងភូមិ សាស្រ្តមកធ្វើការជាមួយគ្នា។

សូមបញ្ជាក់ថា សព្វថ្ងៃលោក បណ្ឌិតសុខ ទូច ប្រធានក្រុមសា្រវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា បាននឹង កំពុងដឹកនាំសមាជិក ចុះរុករកបង្គោលព្រំដែនសល់ពីសម័យអាណានិគមនិយមបារាំង យ៉ាងផុសផុល ដើម្បីបញ្ជាក់ឲ្យកាន់ តែច្បាស់អំពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម៕