អាស៊ាន រួម​គ្នា​ពង្រឹង​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​ក្នុង​តំបន់

ភ្នំពេញ៖ ប្រទេសជាសមាជិកអាស៊ានទាំង ១០ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ ស្តីពី ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានសម្រេចរួមគ្នាពង្រឹងសមត្ថភាពផ្នែកប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងតំបន់ឲ្យកាន់តែមានសមត្ថភាពថែមទៀត។

 យោងតាមឯកសារ ដែលមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា សមាជិកអាស៊ានទាំង ១០ បានឯកភាព និងព្រមព្រៀងគ្នាបានអនុម័តទៅលើចំណុចសំខាន់ៗជាច្រើន។
 ឯកសារដដែល បានបន្តថា “កិច្ចប្រជុំបានរួមគ្នាពង្រឹងសមត្ថភាពផ្នែកប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដែលក្នុងនោះរួមមាន ចៅក្រម, ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ តាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការតំបន់ និងអន្តរជាតិដែលពាក់ព័ន្ធ”។

ប្រភពខាងលើ បានបន្ថែមថា សមាជិកទាំង ១០ប្រទេស ក៏បានប្តេជ្ញាចិត្តជាថ្មី ក្នុងការបន្តធ្វើសហប្រតិបត្តិការយ៉ាងជិតស្និត ដើម្បីខិតខំបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន ក្នុងតំបន់ឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ ស្តីពី ឧក្រិដ្ឋកម្មឆ្លងដែនរយៈពេល ៣ថ្ងៃនោះ ក៏មានការចូលរួមពីសំណាក់ប្រទេសជាមិត្តមួយចំនួន មានដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ឯភាគីកម្ពុជា បានដឹកនាំចូលរួមកិច្ចប្រជុំដោយ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អាស៊ាន រួម​គ្នា​ពង្រឹង​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​ក្នុង​តំបន់

អាស៊ាន រួម​គ្នា​ពង្រឹង​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​ក្នុង​តំបន់

អាស៊ាន រួម​គ្នា​ពង្រឹង​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​ក្នុង​តំបន់