លោក​ហ៊ុន ម៉ា​ណែ​ត​៖​ការគោរព​ស្រឡាញ់គ្នា​ក្នុង​សកម្មភាព​មនុស្សធម៌​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សុខសន្តិភាព​

ភ្នំពេញ: លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៅកាន់​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត គ្រូពេទ្យនិង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​ព្រមទាំង ភ្ញៀវ​ជាតិ​អន្តរជាតិ​ជា​​ច្រើន​នាក់ នៅក្នុង​សន្និសីទ​វិទ្យាសាស្ត្រ​សុខាភិបាល​លើក​ទី​២ ដែល​រៀបចំ​ដោយ សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា​ឆ្នាំ​២០១៥​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ លោក ហ៊ុន ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា​៖​ការជួយ​គ្នា និង​ការគោរព​ស្រឡាញ់គ្នាតាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ គឺជា​មូលដ្ឋាន​​គ្រឹះ​នៃ​សុខសន្តិភាព ព្រោះ​យើង​បានផ្តល់​ស្នាមញញឹម និង​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ ទោះ​តិចក្តី​ច្រើនក្តី តាមរយៈការព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ​។​

​លោក​បាន​បន្តថា​គ្រូពេទ្យ​ដែល​ល្អ គឺ​មិន​ត្រឹម​តែមាន​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវមាន​ល​ក្ខិ​ណ​:​សម្បត្តិ ជាច្រើន​ទៀត ក្នុងនោះ​ឥ​យា​បទ​និង​សីលធម៌​វិជ្ជាជីវៈ​​គឺ​កត្តា​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ការព្យាបាល ប្រកបដោយ​ភាពយុត្តិធម៌ មិនប្រកាន់វណ្ណៈ ពណ៌​សំបុរ​អ្វី​ឡើយ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ការចុះ​ធ្វើ​សកម្មភាព ចុះជួយ​ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែក កម្លាំង​ស្ម័គ្រចិត្ត​និង​ការប្រមូលផ្តុំ គ្រប់ផ្នែក​ដើម្បី​ធ្វើ​​សកម្មភាព​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ តាម​គោលដៅ​ជនបទ សំដៅ​កាត់បន្ថយ​ភាពក្រីក្រប្រជាពលរដ្ឋ​ដែលជា​ការងារ អទិភាព​មួយ​របស់​  រាជរដ្ឋាភិបាលកម្ពុជា។
        ​
​ក្នុង​ឳ​កាស​នោះដែរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហង្ស ច័ន្ទ​វរៈ ប្រធាន​សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ប្រារព្វ​ធ្វើ សន្និសីទ​​វិទ្យាសាស្ត្រ​សុខា ភិ​បាល​លើក​ទី​២ ក្រោម​ប្រធានបទ ពង្រឹងសមត្ថភាព​និង​សីលធម៌គ្រូពេទ្យ ក្នុង​គោលបំណង​បំប៉ន​ចំណេះដឹង​និង​សីលធម៌​ដល់​គ្រូពេទ្យ​​ក្នុង​គោលបំណង​លើក​កំ​ម្ព​ស់​សេវា​សុខាភិបាល ឲ្យ​កាន់តែ​ប្រសើរឡើង ប្រកបដោយគុណភាព​ខ្ពស់​។

​លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ សមាគម​បាន​ពិនិត្យ​និងព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​សរុប បាន​ចំនួន​១៥៩៧៣​នាក់​និង​ប្រារព្ធ​ធ្វើ​សិក្ខាសាលា​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចំនួន​២​លើក​។​
          
​សូមបញ្ជាក់ថា ក្រោយពី​ធី​បើក​សន្និសីទ​វិទ្យាសាស្ត្រ​សុខាភិបាល​លើក​ទី​២ក្រោមប្រធានបទ ពង្រឹងសមត្ថភាព​និង​សីលធម៌​គ្រូពេទ្យ ក៍មាន​ការធ្វើ​បទ​បង្ហាញរបស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​ផ្សេងៗ​និង​ការ​ទស្សនា​ការតាំង​ពិ​ពណ៌ផលិតផល សម្ភារៈ​សុខាភិបាល​ផងដែរ​៕R​

លោក​ហ៊ុន ម៉ា​ណែ​ត​៖​ការគោរព​ស្រឡាញ់គ្នា​ក្នុង​សកម្មភាព​មនុស្សធម៌​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សុខសន្តិភាព​