ក្រ​សួង​ការ​ងារ​នឹង​ប្រ​កាស​ដាក់​ឱ្យ​ដំ​ណើរ​ការ​របប​សោធ​ន​និ​វត្ដន៍​នៅ​ដើម​ឆ្នាំ ២០១៧

ភ្នំពេញ៖ បន្ទាប់​ពី​បាន​ដាក់​ឱ្យ​អ​នុ​វត្ដ​ន៍​បេ​ឡា​ជា​តិ របប​សន្ដិ​សុខ​សង្គម​រួច​មក​​ក្រ​សួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិ​ជ្ជា​ជី​វៈគ្រោង​នឹង​ដាក់​ឱ្យ​ដំ​ណើរ​ការ​រប​ប​សោ​ធន៍​និ​វត្ដ​ន៍នៅ​ដើម​ឆ្នាំ២​០​១​៧​​ខាង​មុខ​នេះដើ​ម្បី​ការ​ពារ​ផល​ប្រ​យោ​ជន៍ និង​ការ​ផ្ដល់​ប្រាក់​បំ​ណាច់​ផ្សេង​ៗ ជូន​ដល់​បង​ប្អូន​កម្មករ​​នៅ​ពេល​មាន​អា​យុ​​ត្រូវ​ចូល​និ​វត្ដ​ន៍ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ិត សំហេង រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិ​ជ្ជា​ជី​វៈ នៅ​ក្នុង​ពិ​ធី​អប​អរ​សា​ទរ​នៃ​ការ​ទ​ទួល​បាន​វិ​ញ្ញា​បន​ប​ត្រ​ អង្គ​ភាព​ឆ្នើម ក្នុង​ការ​អនុ​វត្ដ​របប​សន្ដិ​សុខ​សង្គម ផ្នែក​ហា​និ​ភ័យ​ការ​ងារ​ពី​សមាគ​ម​សន្ដិ​សុខ សង្គម​អា​ស៊ាន​នៅ​ថ្ងៃ​ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ ។ លោក អ៊ិត សំហេង បាន​លើក​ឡើង​ថា​ការ​រៀប​ចំ​ប្រ​ព័ន្ធ សោធ​ន៍និ​វត្ដន៍​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​គិត​គូរ នា​ពេល​អនា​គត ក្នុង​ការ​ផ្ដល់​នូវ​អត្ថ​ប្រ​យោ​ជន៍ ស​ម្រាប់​បង​ប្អូន កម្មករ​និ​យោ​ជិតដែល​កំ​ពុង​បម្រើ​ការ​ងារ នៅ​តាម​រោង​ចក្រ​សហ​គ្រាស និង​ក្រុម​ហ៊ុន​ឯក​ជន ។ ម្យ៉ាង​ទៀត​បើ​តាម​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ ការ​អនុ​វត្ដ​លើ​របប​សោ​ធន៍​និ​វត្ដន៍​នេះ តម្រូវ​ឱ្យ​កម្មករ​និ​យោ​ជិត​ទាំង​អស់ អាច​ទទួល​បាន​នូវ​ប្រាក់​បំ​ណាច់ និង​ធា​នា​ប្រាក់​អត្ថ​ប្រ​យោ​ជន៍​ត្រ​ឡប់​មក​​វិញ​ចាប់​ពី ២០ឆ្នាំ ក្រោយ​ពី​ការ​ចូល​ជា​សមា​ជិក និង​កា​របង់​វិ​ភាគ​ទាន ៕ ដោយ៖ តារា