ក្រ​សួង​​មហា​ផ្ទៃ​​រឹត​​បន្តឹ​ង​​យាន​យន្ត​​ដែល​​ប្រើ​ប្រាស់​​ស្លាក​​លេខ ន.ប និង ខ.ម

ភ្នំពេញ៖ អង្គ​ការ​​មិន​​មែន​​រដ្ឋា​ភិ​បាល​​ដែល​​ឃ្លាំ​​មើល​​ការ​​អនុវត្ត​​ច្បាប់​​ច​រា​ចរ​ណ៍​ផ្លូវ​​គោក​យល់​​ឃើញ​​ថា បម្រាម​​ដែល​​ក្រ​​សួង​​មហា​ផ្ទៃ​ ចេញ​​ចំ​ពោះ​​យាន​យន្ត​​ដែល​​ប្រើ​ប្រាស់​​ស្លាក​​លេខ ន.ប និង ខ.ម នៅ​​តែ​​ពុំ​​មាន​​ប្រ​សិទ្ធ​ភាព ឬ​​មិន​​អាច​​ប្រើ​ប្រាស់​​ជា​​ផ្លូ​វ​​ការ​​នោះ​​ទេ ។ បើ​ទោះ​ជា​បែប​ណា ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជំហរ​ថា នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ចំពោះ​រថយន្ត​ណា​ដែល​នៅ​តែ​បន្ត​ប្រើ​ប្រាស់​​ស្លាក​​លេខ ន.ប និង ខ.ម ដោយ​ខុស​ច្បាប់​នេះ។ នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៤​ចំណុច គឺ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​ជាតិ ត្រូវ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​នាំ​ចូល និង​ពន្ធ​ផ្លូវ​តាម​ការ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ឃាត់​យានយន្ត ដក​ហូត​ប័ណ្ណ​សម្គាល់​ស្លាក​លេខ និង​ព្រមាន​ដល់​ម្ចាស់​រថយន្ត ចំពោះ​យានយន្ត​នគរបាល​ជាតិ​ណា​ដែល​អនុញ្ញាត​ឲ្យ​ពុំ​មែន​ជា​នគរបាល​ប្រើប្រាស់ និង​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ​ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ផល​ប្រយោជន៍​ឯកជន ត្រូវ​ឃាត់​រថយន្ត និង​ម្ចាស់ ឬ​អ្នក​បើកបរ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​នគរបាល​ជាតិ​មិន​ត្រឹមត្រូវ ឬ​ក្លែងក្លាយ និង​ចំណុច​ចុង​ក្រោយ គឺ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ត្រួត​ពិនិត្យ​នៅ​តាម​អង្គភាព ឬ​តាម​ដង​ផ្លូវ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​មួយ​ទេ ដែល​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ ត្រូវ​ខ្វល់ខ្វាយ ពោល​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រតិកម្ម​ជាច្រើន​ដង​ណាស់​ហើយ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​បាន​ត្រឹម​ដូច​កៅស៊ូ​កង ឬ​អនុវត្ត​បាន​មួយ​រយៈពេល​ខ្លី […]