ស្ត្រីខ្មែរ២នាក់ ចាញ់បោកមេខ្យល់ បញ្ឆោតនាំយក ទៅរៀបការ នៅចិន នឹងបញ្ជូនវិលត្រឡប់ មកកម្ពុជាវិញ នៅសប្តាហ៍នេះ

ភ្នំពេញ៖ ស្ត្រីខ្មែរពីរនាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត នំាយកទៅរៀបការ ជាមួយបុរសជនជាតិ នឹងត្រូវវិលត្រឡប់មកកាន់កម្ពុជាវិញ នៅសប្តាហ៍នេះ បន្ទាប់ពីមានកិច្ចអន្តរគន៍ ពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នេះបានបញ្ជាក់ថា ស្រ្តីរងគ្រោះទំាងពីរនាក់នោះ ទី១.ឈ្មោះ រ៉ែម ស្រីមុជ អាយុ២៥ឆ្នាំ រស់នៅភូមិក្តុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជីជាំង ។ ក្រោយកិច្ចអន្តរគមន៍សង្គ្រោះ រ៉ែម ស្រីមុជ នឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ២៣ : ៣០ នាទី យប់ តាមជើងយន្តហោះ CZ ៣២៣ ។

ដោយឡែកស្រ្តីរងគ្រោះទី២.ឈ្មោះ ចំរើន ធារី អាយុ ២១ ឆ្នាំ នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តជាំងស៊ី ។ ធារី នឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងសៀមរាប នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ១៥ : ០០ នាទី រសៀល តាមជើងយន្តហោះ K ៦៦៥៩។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើការណែនាំ ដល់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៥ នេះ អោយទាក់ទងទៅ អាជ្ញាធរចិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ស្ត្រីខ្មែរ០២នាក់ ឈ្មោះ ធន់ ស្រីមុំ អាយុ ១៧ ឆ្នាំ និង សែ គន្ធា អាយុ ២៧ ឆ្នាំ ដែលចាញ់បោកមេខ្យល់យកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅប្រទេសចិន តាំងពីឆ្នាំ២០១៣ ហើយត្រូវបានប្តីវាយធ្វើបាប និងបិទសិទ្ធិសេរីភាព អោយបាន វិលត្រឡប់មកកម្ពុជាវិញ តាមការស្នើសុំរបស់ ឪពុក-ម្តាយជនរងគ្រោះទាំងពីរនាក់នេះ៕