រុ​ស្ស៊ី​បន្ត​វាយប្រហារ​លើ​ស៊ី​រី​ទៀត​ហើយ​ពិភាក្សា​ជាមួយ​អា​មេ​រិ​ក

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១ តុលា ជា​ថ្ងៃ​ទី​២ ជាប់​ៗ​គ្នា​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​ទៀត​សំដៅលើ​ពួក​ប្រឆាំង​នឹង​របប​លោក បា​ចា​អាល់​អាសា​ដ នៅ​ពេល​ដែល​កងទ័ព​រុ​ស្ស៊ី និង​កងទ័ព​អា​មេ​រិ​ក​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​ចៀសវាង​រាល់​ឧប្បត្តិហេតុ​អាកាស​នៅ​ស៊ី​រី ។

សង្គ្រាមប៉ាកា​នៅ​បន្ត​លើ​បណ្តា​គោលដៅ​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ។ ក្រុង​មូ​ស្គូ​អះអាង​ថា សំដៅលើ​ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម តែ​សហរដ្ឋអាមេរិក និង​ពួក​សម្ព័ន្ធមិត្ត​សង្ស័យ​ថា ក្រុង​មូ​ស្គូ​ចង់​ជួយ​សង្គ្រោះ​លោក អាសា​ដ ក្រោម​រូបភាព​នៃ​ការ​បិទ​បាំង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។

ផ្ទុះ​ឡើង​ពី​ខែមីនា ឆ្នាំ​២០១១​មក ជម្លោះ​នៅ​ស៊ី​រី​កាន់តែ​ស្មុគស្មាញ​ខ្លាំង ហើយ​ឈាន​ចូល​របត់​ថ្មី​ជាមួយ​ការ​ចូលរួម​របស់​រុ​ស្ស៊ី ជា​សម្ព័ន្ធមិត្ត​របស់រប​បលោក បា​ចា​អាល់​អាសា​ដ ដែល​ចាប់ផ្តើម​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដំបូង​ៗ​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ក្រុមចម្រុះ​ធំ​មួយ​មាន​ប្រទេស​ដល់​៥០ ចូលរួម​នាំមុខ​ដោយ​សហ​រដ្ឋអាមេរិក ហើយ​រុ​ស្ស៊ី​មិន​ចូលរួម​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤​មក ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី តែ​ពុំ​អាច​បំបាក់​ក្រុម​នេះ​បាន ។ ពេល​នេះ​ដែនអាកាស​ស៊ី​រី​មាន​ទាំង​បេសកកម្ម​របស់​ក្រុមចម្រុះ មាន​ទាំង​កង​យន្តហោះ​របស់​របប​ស៊ី​រី​ប្រឆាំង​ពួក​ឧទ្ទាម ហើយ​ឥឡូវ​ពួក​រុ​ស្ស៊ី​ហក់​ចូល​មក​ទៀត​ដោយ​ដាក់​ពង្រាយ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ជាង​៥០​គ្រឿង​នៅ​ស៊ី​រី រយៈពេល​ប៉ុ​ន្មា​ន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។

ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​ថា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​៣​លើក​ចុង​ក្រោយ​នេះ គឺ​នៅ​តំបន់ IDLIB នៅ​ហា​ម៉ា និង​នៅ​ក្រុង​ហូ​ម ។ គោលដៅ​វាយប្រហារ​សំដៅលើ​បណ្តា​ឃ្លាំង​អាវុធ ជំរំ​ហ្វឹកហ្វឺន​មួយ ពិសេស​បណ្តា​បុ​៉​ស្តិ៍​បញ្ជាការ ។ ក៏​ប៉ុ​ន្តែ​សហរដ្ឋអាមេរិក និង​ពួក​សម្ព័ន្ធមិត្ត ព្រមទាំង​បណ្តា​ក្រុម​ឧទ្ទាម​អះអាង​ថា សកម្មភាព​របស់​រុ​ស្ស៊ី តាម​ពិត​តម្រង់​លើ​បណ្តា​ក្រុម​ឧទ្ទាម​ដែល​គំរាមកំហែង​របប​លោក អាសា​ដ ហើយ​ពុំ​មែន​ត្រឹមតែ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ ។ ម្យ៉ាងវិញទៀត ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​លោក JOHN MCCAIN រហូត​និយាយ​ថា ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​សំដៅលើ​ពួក​ឧទ្ទាម​ដែល​ទទួល​ការ​បណ្តុះបណ្តាល និង​ផ្តល់​លុយកាក់​ដោយ CIA ។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក ស័​រ​ហ្គេ​យ​ឡាវ​រូ​៉​វ បានការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​លោក​នៅ​ស៊ី​រី ដោយ​លោក​អះអាង​ថា គោលដៅ គឺ​សំដៅ​បណ្តា​ក្រុម​ភេរវកម្ម ហើយ​ពុំ​មាន​ទិស​ដៅ​ជួយ​ដល់​លោក អាសា​ដ ឱ្យ​រក្សា​អំណាច​ឡើយ ៕