អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​ពួក​ប្រឆាំង​ស៊ី​រី

ប្រទេស​តួ​ក​គី និង​បណ្តា​ប្រទេស​ចូលរួម​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២ តុលា ដល់​រុ​ស្ស៊ី​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ការ​វាយប្រហារ​របស់​ខ្លួន​លើ​ពួក​ប្រឆាំង​ស៊ី​រី ហើយ​ប្រមូលផ្តុំ​លើ​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​រួម​មួយ សហរដ្ឋ​អា​េ​ម​រិ​ក អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ តួ​ក​គី និង​បណ្តា​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​វាយតម្លៃ​ថា​អន្តរាគមន៍​របស់​រុ​ស្ស៊ី គឺជា​ការ​បង្កើន​ថ្មី​ក្នុង​ជម្លោះ​ដែល​នាំ​ឱ្យ​លទ្ធិ​ជ្រុលនិយម​កាន់តែ​រីកសាយ ។

សេចក្តី​ប្រកាស​រួម​នេះ​អះអាង​ថា យើង​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​របស់​យើង​ចំពោះ​ការ​ដាក់​ពង្រាយ​ខាង​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី ហើយ​ពិសេស​បំផុត​ការ​វាយប្រហារ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា មក របស់​កងទ័ពអាកាស​រុ​ស្ស៊ី​លើ​ក្រុង​ហា​ម៉ា ហូ​ម និង IDLIB បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ច្រើន​នាក់​ស្លាប់ ហើយ​ពុំ​មែន​សំដៅលើ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១ តុលា វាយតម្លៃ​ថា រាល់​ការ​អះអាង​ដែល​ថា បណ្តាជន​ស៊ី​វិល​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី គឺជា​ការ​វាយប្រហារ​ខាង​ការ​ឃោសនា​មួយ ។

ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​រុ​ស្ស៊ី លោក​អា​ឡិច​សី ពូ​ស្កូវ ថ្លែង​កាលពី​ថ្ងៃ​ទី​២ តុលា ថា យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី នឹង​មាន​រយៈពេល​៣​ទៅ​៤​ខែ ហើយ​បង្កើន​ខ្លាំង​ទៀត ៕