កែ វណ្ណៈ ៤​ឆ្នាំ​ផ្លាស់​ប្ដូរ​ក្ដី​ស្រមៃ​ព្រោះ​វិស័យ​បាល់​ទាត់​ខ្មែរ

កែ វណ្ណៈ ៤​ឆ្នាំ​ផ្លាស់​ប្ដូរ​ក្ដី​ស្រមៃ​ព្រោះ​វិស័យ​បាល់​ទាត់​ខ្មែរ

ខ្សែ​ប្រយុទ្ធ​កំពុង​លេច​ធ្លោ​នៅ​ក្រុម​ក្រសួង​ការពារ​ជាតិ កែ វណ្ណៈ បាន​ផ្លាស់​ប្ដូរ​ក្ដី​ស្រមៃ​របស់​ខ្លួន​កាល​ពី​បួន​ឆ្នាំ​មុន​ដែល​ចង់​បើក​ហាង​លក់​ដូរ​ មក​ធ្វើ​ជា​គ្រូ​បង្វឹក​បាល់​ទាត់​មាន License (អាជ្ញាប័ណ្ណ) វិញ បន្ទាប់​ពី​មើល​ឃើញ​វិស័យ​​បាល់​ទាត់​ខ្មែរ​កំពុង​រីក​ចម្រើន។

 

កែ វណ្ណៈ ៤​ឆ្នាំ​ផ្លាស់​ប្ដូរ​ក្ដី​ស្រមៃ​ព្រោះ​វិស័យ​បាល់​ទាត់​ខ្មែរកីឡាករ កែ វណ្ណៈ 

 

កាល​ពី​ឆ្នាំ​២០១១ កីឡាករ​មក​ពី​ខេត្ត​កណ្ដាល កែ វណ្ណៈ បាន​បង្ហើប​ពី​ក្ដី​ស្រមៃ​មួយ​គឺ ចង់​បើក​ហាង​លក់​ដូរ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​ទី​២ បើ​ទោះ​បី​ពេល​នោះ​កំពុង​មមាញឹក​ក្នុង​អាជីព​កីឡា​ក្ដី ព្រោះ​រូប​គេ​គិត​ថា ​ចាប់​យក​​ការ​លេង​បាល់ទាត់​ដើម្បី​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​អនាគត នឹង​មិន​ធ្វើ​ឲ្យ​ការ​រស់នៅ​​បាន​ល្អ​ប្រសើរ​ឡើយ។

 

យ៉ាង​ណា​ក្ដី នា​ពេល​ថ្មី​ៗ​នេះ វណ្ណៈ បែរ​ជា​មាន​បំណង​ចង់​ធ្វើ​ជា​គ្រូ​បង្ហាត់​បាល់​ទាត់​ទៅ​វិញ។ ខ្សែ​ប្រយុទ្ធ​ក្រុម​ក្រសួង​ការពារ​ជាតិ​រូប​នេះ បាន​ប្រាប់ Sabay ថា៖ «ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​បាល់​ទាត់ ខ្ញុំ​ចង់​រៀន​ពី​អ្វី​ដែល​ទាក់​ទង​នឹង​បាល់​ទាត់ ហើយ​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្ហាត់​បាល់​ទាត់​ដែល​មាន License… ចង់​រៀន​ពី​បាល់​ទាត់​ឲ្យ​បាន​ខ្ពង់​ខ្ពស់ ដើម្បី​​បង្ហាត់​ថ្នាល​ក្រោយ​ៗ​​ទៀត… ជួយ​វិស័យ​បាល់​ទាត់​ជាតិ​រីក​ចម្រើន»។

 

ចំពោះ​​មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​បំណង​ប្រាថ្នា​នេះ វណ្ណៈ បាន​បញ្ជាក់​ថា ដោយ​សារ​ប៉ុន្មាន​ឆ្នាំ​មុន បាល់​ទាត់​ខ្មែរ​មិន​សូវ​មាន​អ្នក​គាំទ្រ​ឡើយ ប៉ុន្តែ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​រីក​ចម្រើន​​ខ្លាំង ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ៗ​មាន​មោទនភាព និង​មាន​ចំណាប់​អារម្មណ៍​បន្ត​អាជីព​បាល់​ទាត់ ជា​ពិសេស​អ្នក​គាំទ្រ​ច្រើន​ខុស​មុន។

 

វណ្ណៈ បាន​ចាប់​ផ្ដើម​លេង​បាល់​ដំបូង​ឲ្យ​វិទ្យាល័យ​ដែល​ខ្លួន​រៀន។ ដោយ​សារ​មាន​សមត្ថភាព​ទើប​បន្ត​លេង​ក្រុម​ក្រសួង​ការពារ​ជាតិ​តាំង​ពី​ឆ្នាំ២០០៩ រហូត​ដល់​ឆ្នាំ​២០១៥​នេះ តាម​រយៈ​កីឡាករ​ភ័ក្រ រ៉ាឌី។ អាជីព​​ក្នុង​ក្រុម​ការពារ​ជាតិ​ ​វណ្ណៈ​បាន​ជួយ​ឲ្យ​ក្រុម​​ឈ្នះ​ពានរង្វាន់​​​សម្ដេច​ហ៊ុន សែន​លើក​ទី៤​ កាល​ឆ្នាំ​២០១០​ ហើយ​ស៊ុត​​បញ្ចូល​ទី​បន្ត​បន្ទាប់​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ៕

 

ចុចអាន៖ អ្នក​គាំទ្រ​ដឹង​អ្វី​ខ្លះ​ពី​ខ្សែ​ការពារ​ក្រុម​បឹងកេត សុខ សុវណ្ណ? ​

 

អត្ថបទ៖ គង់ វិសាល