រឿង​៤យ៉ាង​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​ដឹង​ពី​គ្រូ​ជម្រើស​ជាតិ Lee Tae Hoon


រឿង​៤យ៉ាង​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​ដឹង​ពី​គ្រូ​ជម្រើស​ជាតិ Lee Tae Hoon

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ច្រើនគួរ​ឲ្យ​កត់​សំគាល់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង Lee Tae Hoon ដែល​បាន​ប្រកាស​ថា​ លោក​ដាក់​ចិត្ត​ស្រលាញ់​ប្រទេស​កម្ពុជា​តាំង​ពី​ចូល​ដឹក​នាំ​ក្រុម​ដំបូង។ ដូច្នេះ​ខណៈ​នេះ Sabay ​សូម​លើក​យក​៤​ចំណុច​ដែល​អ្នក​គាំទ្រ​ទាំង​អស់​ត្រូវ​ដឹង​ពី​លោក​គ្រូ Lee ៖

 

១- ជំនួស​ការ​គ្រូ​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង

 

រឿង​៤យ៉ាង​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​ដឹង​ពី​គ្រូ​ជម្រើស​ជាតិ Lee Tae Hoon

 

មុន​ពេល​ចូល​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាកាល​ពី​ឆ្នាំ​២០១០ លោក Lee Tae Hoon​ ​ធ្លាប់​បាន​ធ្វើ​ជា​ជំនួយការ​គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បួង​ដែល​ជា​ប្រទេស​កំណើត​របស់​លោក។

 

២- ចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិកម្ពុជា៣ដង

លោក Lee Tea Hoon អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ដឹក​នាំ​យូរ​ជាង​គេ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​លើក​ទី​មួយ​នៅ​ខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កក្កដា ឆ្នាំ ២០១២ ហើយ​លើក​ទី២ ​ចាប់​ពី​​ថ្ងៃ​ទី១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ និង លើក​ទី៣ នេះ​​ចាប់​ពី​ខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដែរ លោក Lee ធ្លាប់​បាន​ដឹកនាំ​ក្រុម​​យុវជន​ក្រោម​អាយុ​២១ ឆ្នាំ (U-21) ក្រុម​យុវជន​ក្រោម​អាយុ​២៣ ឆ្នាំ​ (U-23) និង ក្រុម​ជម្រើសជាតិ ហើយ​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ចូលរួម​ប្រកួត​​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2010, AFC Challenge Cup 2012, World Cup Qualifier 2014, BIDC Cup 2011, Sea game 2011, Hassanal Bolkiah Trophy(HBT) 2012, BIDC Cup 2013, Sea Games 2013,  Hassanal Bolkiah Trophy(HBT) 2014, AFF Suzuki Cup Qualifier 2014, FIFA World Cup 2018 Qualifier, Sea Games 2015 ជាដើម។

 

៣- ដឹក​នាំ​ក្រុម​កម្ពុជា​ជម្រុះ​បាល់ទាត់​ពិភព​លោក​បាន​២​ដង​ហើយ

 

រឿង​៤យ៉ាង​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​ដឹង​ពី​គ្រូ​ជម្រើស​ជាតិ Lee Tae Hoon

 

​លោក Lee ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ World Cup​ វគ្គ  Qualifier  បាន​ចំនួន​២​ដង​មក​ហើយ ពោល​គឺ World Cup ​ឆ្នាំ​២០១៤​ម្ដង និង World Cup ២០១៨ ខាង​មុខ​នេះ។ កាល​ពី​វគ្គ​ជម្រុះ World Cup ២០១៤ ​លោក Lee ​បាន​នាំ​ក្រុម​កម្ពុជា​ឈ្នះ​ឡាវ ៤-២ នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ថ្ងៃ​ទី ២៩ខែមិថុនា ឆ្នាំ២០១១ (ជើង​ទី​១ )​ ប៉ុន្តែ​ចាញ់​ឡាវ​វិញ​នៅ​ជើង​ទី​២ ដោយ​លទ្ធផល ៦-២ ។ សរុប​គ្រាប់​បាល់ កម្ពុជា​ចាញ់ ឡាវ ៦-៨ នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ ប្រចាំ​ទ្វីប​អាស៊ី។ ចំណែក​វគ្គ​ជម្រុះ​ World C up 2018 ​វិញ ​លោក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ឆ្លង​​ផុត​ជុំ​ទី​១ នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ឈ្នះ​ម៉ាកាវ ៣-០ នៅ​ក្នុង​ដី និង​១-០ នៅ​ក្រៅ​ដី។ បច្ចុប្បន្ន​លោក​កំពុង​បន្ត​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជម្រុះ​បាល់ទាត់​ពិភពលោក​ជុំ​ទី​ពីរ​ក្នុង​ពូល E នៅ​តំបន់​អាស៊ី។

 

៤- ប្រពន្ធ និង​កូន​រស់​នៅ​កម្ពុជា

ដោយ​ស្រលាញ់​ពេញ​ចិត្ត​ទឹក​ចិត្ត​វិស័យ​បាល់ទាត់​កម្ពុជា និង​ប្រជា​ជន​កម្ពុជា លោក Lee ​បាន​ទាំង​នាំ​ប្រពន្ធ​ និង​កូន​ស្រី​ទាំង​ពីរ​មក​ស្នាក់​នៅ​​​ប្រទេស​កម្ពុជា​ទាំង​អស់​គឺ​នៅ​ម្ដុំ​កាំកូស៊ីធី៕

 

អត្ថបទ៖ មុន្នី រម្យ