ស្ត្រី​ខ្មែរ ២ នាក់​បន្ថែមទៀត ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន​

ភ្នំពេញ: ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ ចំនួន ២​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន  នៅ​ប្រទេស​ចិន ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ នៅ​ថ្ងៃទី​២​តុលា​នេះ បង្ហាញថា ស្ដ្រី​ខ្មែរ​រងគ្រោះ​ទាំង ២​នាក់ នោះ មានឈ្មោះ​៖ រ៉ែ​ម ស្រី​មុជ អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ក្តុ​រលើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ  បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជី​ជាំ​ង​។ ស្ដ្រី​រូបនេះ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ២៣ : ៣០ នាទី យប់ តាម​ជើងយន្តហោះ CZ ៣២៣ ។ ចំណែក​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ចំរើន ធា​រី អាយុ ២១ ឆ្នាំ នៅ​ភូមិ​សំពៅ​ពូន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី​។  ស្ដ្រី​រូបនេះ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​សៀមរាប នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ : ០០ នាទី រសៀល តាម​ជើងយន្តហោះ K ៦៦៥៩​។​

​លោក ជុំ សុន្ទរី បាន​លើកឡើងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០១៥ ដល់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អោយ​ទាក់ទង​ទៅ​អាជ្ញាធរ​ចិន ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ២​នាក់​ទៀត ឈ្មោះ ធន់ ស្រីមុំ  អាយុ ១៧ ឆ្នាំ និង សែ គ​ន្ធា  អាយុ ២៧ ឆ្នាំ ដែល​ចាញ់បោក​មេខ្យល់ យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន តាំងពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ប្តី​វាយ​ធ្វើបាប និង​បិទ​សិទ្ធិសេរីភាព អោយបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ តាម​ការស្នើសុំ​របស់​ឪពុកម្តាយ​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ​៕