តាំងខ្លួន​ជា​សមត្ថកិច្ច​ដើរ​វាយ​គេ និង​គំរាម ក្រោយ​ជាប់​ខ្នោះ​ខ្លួនឯង​

ឧ​ត្ត​រ​មានជ័យ: យុវជន​ម្នាក់ តាំងខ្លួន​ជា​សមត្ថកិច្ច​ដើរ​រករឿង​អ្នកស្រុក ដោយ​យក​ដំបង​ដែក​វាយ​គេឯងនិង​ចាប់​អ្នកនេះ​ចាប់​អ្នកនោះ​ដាក់គុក តែ​បែរជា​សមត្ថ​​កិច្ច​ប៉ុស្តិ៍​បន្សាយ​រាក់ វាយខ្នោះ រុញ​បញ្ចូល​គុក​ខ្លួនឯង​ទៅវិញ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥  ក្រោយមកត្រូវបាន​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​ក៏​ប្ដឹងទៅ​នគរបាល​ប៉ុស្តិ៍ បន្សាយ​រាក់​ចាប់ឃាត់ខ្លួន​សួរនាំ នៅ​ចំណុច​ខាងលិច​សួនច្បារ​ផ្សារ​រាត្រី ស្ថិតក្នុង ភូមិ​កំណប់សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​គង់ លៀន ភេទ​ប្រុស អាយុ​២២​ឆ្នាំរស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។  ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បានវត្ថុតាង​ខ្នោះដៃ​១ ប្រដាប់​ឆក់​១ ទូរស័ព្ទ​២​គ្រឿង និង​ដំបង​វាយ​លូត​១​ដើម​។​

 ការឃាត់ខ្លួន​ជនសង្ស័យ​គឺ សមត្ថកិច្ច​ធ្វើឡើង​ក្រោយពី​មាន​ពលរដ្ឋ​រងគ្រោះ​ម្នាក់ឈ្មោះ សទ្ធា និ​ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​ប្តឹង ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ដោយបាន​រៀបរាប់ថា ជនសង្ស័យ​ខាងលើ​បាន​យក​ដំបង​ដែក និង​ខ្នោះដៃវាយដំ​លើ​រូប​ខ្លួន ទើប​ក្រោយ​ស្រាវជ្រាវ​ក៏​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យយកមក​សួរនាំ ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការតាមច្បាប់​៕N​