ការ​ចំអាស​សព

រូបគំនូរ​ប្រុសៗអង្គុយ​ចំអាសសព​នៅក្នុង​វត្តបូ។​ Andy Townsend

រូបគំនូរ​ប្រុសៗអង្គុយ​ចំអាសសព​នៅក្នុង​វត្តបូ។​ Andy Townsend

វិចិត្រករ​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ពិធី​លាង​ជម្រះ​សព ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ព្រលឹង​ទៅ​កាន់​សុគតិភព

នៅ​ពេល​ធ្វើ​ដំណើរ​នា​ពេល​ថ្មីៗ​របស់​លោក​ទៅ​ក្រុង​សៀមរាប លោក អែនឌី ថោនសែន វិចិត្រករ​អូស្ត្រាលី មាន​ឱកាស​បាន​ចូល​ទៅ​ក្នុង​វត្ត​បូ អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​រយៈ​ពេល​ពីរបី​ម៉ោង ជាមួយ​នឹង​សៀវភៅ​គូរ​គំនូរ ប៊ិច និង​ខ្មៅដៃ​របស់​លោក។

ការ​មក​លេង​ទីក្រុង​ជា​លើក​ទី​ពីរ​កាលពី​ខែ​កក្កដា ជាមួយ​កូន​ស្រី រ៉ូស និង​ភរិយា ស៊ូហ្ស៊ី ប្លិច ជា​វិចិត្រករ របស់​លោក លោក ថោនសែន បាន​ក្លាយ​ជា​មនុស្ស​ជិត​ស្និទ្ធ​នៅ​វត្ត​នេះ។ លោក​បាន​និយាយ​ថា “ជា​កន្លែង​ប្លែក​មួយ។ យើង​យល់​ថា នេះ​ជា​ទី​ជម្រក​ដ៏​ល្អ​មួយ​ក្នុង​កន្លែង​ដែល​មាន​ភាព​មមាញឹក​នៃ​ខេត្ត​សៀមរាប”។

នៅ​យប់​មួយ គាត់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ពិធី​ពិសេស​មួយ។

លោក ថោនសែន បាន​និយាយ​ថា “នៅ​ល្ងាច​មួយ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ភ្លេច​ដប​ទឹក​ខ្មៅ​របស់​ខ្ញុំ​នៅ​លើ​បង្កាន់​ដៃ។ ដូច្នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​វត្ត​បូ​វិញ”។ នៅ​ពេល​ទៅ​ដល់​វត្ត លោក​បាន​អង្គុយ និង​បាន​យក​សៀវភៅ​គូស​គំនូរ​របស់​លោក​ចេញ ដូច​សព្វ​មួយ​ដង។

មិន​យូរ​ប៉ុន្មាន លោក​ដឹង​ខ្លួន​ថា​មាន​អ្វី​ចម្លែក​បាន​កើត​ឡើង​នៅ​ក្បែរ​នោះ។ មនុស្ស​ប្រុស​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៩​នាក់​អង្គុយ​ជា​ពីរ​ជួរ ទល់​មុខ​គ្នា។ លោក ថោនសែន បាន​រៀបរាប់​ថា “ពួកគេ​កំពុង​កាន់​បុរស​ម្នាក់​ដោយ​ក្តី​គោរព ដែល​សណ្តូក​ខ្លួន​លើ​ជើង​របស់​ពួកគេ ចំអាស​ឲ្យ​គាត់​ដោយ​សាប៊ូ​និង​ទឹក”។

លោក​បាន​និយាយ​ថា “ដំបូង ខ្ញុំ​មិន​ប្រាកដ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នឹង​ភ្នែក ប៉ុន្តែ នៅ​ពេល​មួយ​នោះ ខ្ញុំ​ដឹង​ថា បុរស​នោះ​ជា​អ្នក​ស្លាប់។ មិត្ត​ភក្តិ បង​ប្អូន ឬ ឪពុក​របស់​ពួកគេ​អង្គុយ​សណ្តូក​ជើង​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ថប់​​បារម្ភ​ណាស់។ ខ្ញុំ​ខ្វល់​នឹង​ការ​មើល​ឃើញ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​យ៉ាង​នេះ”។

គំនូរវត្តបូ។ Andy Townsend

គំនូរវត្តបូ។ Andy Townsend

ពេល​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដើរ​សំដៅ​មក​គាត់ ហើយ​ឃើញ​គាត់​កំពុង​គូស​ទិដ្ឋភាព​នោះ ក៏​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ជិត។

“ខ្ញុំ​រក​បាន​កន្លែង​ស្ងាត់​មួយ​នៅ​ឃ្លាត​ចម្ងាយ​ប្រហែល​ប្រាំ​ឬ​ប្រាំ​មួយ​ម៉ែត្រ​…​​ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ដើរ​ឆរ​ចុះ​ឡើងៗ ក៏​ប៉ុន្តែ​គេ​ហាក់​ដូចជា​មិន​សូវ​រវល់​នឹង​ខ្ញុំ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ទេ”។ សៀវភៅ​គូស​គំនូរ​ជា​ធម្មតា​មិន​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​រំខាន​ខ្លាំង​ទេ ប៉ុន្តែ​បើ​គាត់​កាន់​ម៉ាស៊ីន​ថត​វិញ គេ​ប្រហែល​ជា​មិន​អាច​ទទួល​យក​បាន​ទេ។

វិចិត្រករ​វ័យ​៦០​ឆ្នាំ​រូប​នេះ​មាន​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​ដើម្បី​គូរ​ទិដ្ឋភាព​នោះ ខណៈ​ដែល​ប្រុសៗ​ដុស​លាង​សព ហើយ​ស្រីៗ​វិញ​យក​ទឹក​មក​ឲ្យ​ពួកគេ​ចំអាស។

យោង​តាម​ជំនឿ​ពុទ្ធសាសនា​ថេរវាទ មនុស្ស​ដែល​ចែកឋាន ដំបូង​ត្រូវ​យមរាជ​ហៅ​សួរ កាត់​សេចក្តី។ យមរាជ​សម្រេច​លើ​វាសនា​របស់​អ្នក​ស្លាប់ ថា​តើ​គេ​ត្រូវ​មក​ចាប់​កំណើត​នៅ​លើ​ផែនដី​វិញ ឬ​ត្រូវ​បញ្ជូន​ទៅ​ឋានសួគ៌ ឬ ឋាន​នរក។

ក្នុង​ប្រពៃណី​ខ្មែរ សព​ត្រូវ​ចំអាស​ភ្លាម​បន្ទាប់ពី​ស្លាប់​ដើម្បី​រៀបចំ​ឲ្យ​អ្នក​ស្លាប់​នោះ​ឲ្យ​ទៅ​ជួប​យមរាជ។

លោក អាំង ជូលៀន អ្នក​សិក្សា​អំពី​សង្គម​និង​វប្បធម៌ ជំនាញ​ខាង​ប្រពៃណី​និង​ជំនឿ​ខ្មែរ បាន​និយាយ​ថា “ធ្វើ​កិច្ចការ​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង គេ​ចាត់​ទុក​ថា​សំខាន់ ពីព្រោះ តាម​ជំនឿ​របស់​ប្រជាជន អ្នក​ស្លាប់​នឹង​ទៅ​ជួប​យមរាជ គឺ​ស្តេច​នៃ​សេចក្តី​ស្លាប់ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​ស្លាប់​ត្រូវតែ​បង្ហាញ​ខ្លួន”។

លោក​បាន​និយាយ​ថា គ្រួសារ​ខ្លះ​រក្សា​សព​ទុក​នៅ​ផ្ទះ​ឲ្យ​សាច់​ញាតិ​និង​មិត្ត​ភក្តិ​មើល ដូច្នេះ​ការ​ចំអាស​សព​ត្រូវ​ធ្វើ​ជា​សម្ងាត់​ដោយ​សាច់​ញាតិ​និង​អ្នក​ស្គាល់​ពីរបី​នាក់​ប៉ុណ្ណោះ។

រូបគំនូរ​ព្រះសង្ឃនៅវត្តបូ។ Andy Townsend

រូបគំនូរ​ព្រះសង្ឃនៅវត្តបូ។ Andy Townsend

នៅ​ពេល​លាង​ជម្រះ​រួច​ហើយ គេ​គ្រប​សព​នឹង​ក្រណាត់​ស ហើយ​តម្កល់​ក្នុង​បន្ទប់​ធំ ដើម្បី​ឲ្យ​ភ្ញៀវ​អាច​មក​មើល​អ្នក​ស្លាប់ និង​គោរព​ដល់​គ្រួសារ​សព។

គ្រួសារ​ខ្លះ​ជ្រើសរើស​រៀបចំ​សព​និង​ដាក់​តម្កល់​នៅ​វត្ត ដោយ​មិន​ដាក់​នៅ​ផ្ទះ​ទេ ដូច​ក្នុង​ករណី​ដែល​លោក ថោនសែន បាន​ឃើញ​នឹង​ភ្នែក​នៅ​វត្ត​បូ​ស្រាប់។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​សព​ស្ងួត​ហើយ “ប្រុសៗ​ចាប់​លើក​និង​សែង​សព​ថ្្នមៗ​ទៅ​កន្លែង​តម្កល់​សព ហើយ​រុំ​ក្រណាត់​ស និង​ស្លៀកពាក់​ឲ្យ​សព។

លោក ថោនសែន បាន​ចំណាំ​អាវ​របស់​បុរស​នោះ​មាន​ស្លាក​សញ្ញា​ដែល​លោក​បាន​ឃើញ​លើ​ខោអាវ​បុគ្គលិក​ក្នុង​ឧទ្យាន​បុរាណ​អង្គរ នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ទី​នោះ។

តាម​ជំនឿ​ប្រជាជន​បាន​ឲ្យ​ដឹង​ថា គេ​ដាក់​ប្រាក់​ក្នុង​ដៃ​អ្នក​ស្លាប់​ដើម្បី​ឲ្យ​អ្នក​ស្លាប់​អាច​បង់​ឲ្យ​ឆ្មាំ​ដែល​អាច​រារាំង​ផ្លូវ​ទៅ​ជួប​យមរាជ និង​មាន​ប្រាក់​នៅ​ពេល​អ្នក​នោះ​ត្រូវ​ចាប់​ជាតិ​ជាថ្មី។

បន្ទាប់មក​អាចារ្យ​គ្រប​ក្រណាត់​ស​ឲ្យ​សព។

មិន​ថា​នៅ​ឯ​ផ្ទះ​បង​ប្អូន ឬ​នៅ​វត្ត​នោះ​ទេ សព​អាច​តម្កល់​ឲ្យ​មើល​រយៈ​ពេល​ជាច្រើន​ថ្ងៃ។ បន្ទាប់​មក​គេ​ធ្វើ​ពិធី​បូជា​សព ហើយ​ពិធី​ដ៏​សំខាន់​ក្រោយ​បូជា​សព គឺ​ពិធី​ប្រែរូប គឺ​ធ្វើ​ឡើង​ដោយ​អាចារ្យ​វត្ត។

នៅ​ពេល​ណា​ការ​បូជា​បញ្ចប់ ហើយ​ធាតុ​ត្រជាក់ អាចារ្យ​គូស​ធាតុ​នោះ​ទៅ​ជា​រាង​មនុស្ស។ សូន​ក្បាល​មនុស្ស​បែរ​មុខ​ទៅ​ទិស​មួយ ពួកគេ​សួរ​គ្នា ថា​តើ​នេះ​ជា​ទិស​ត្រឹមត្រូវ​សម្រាប់​អ្នក​ស្លាប់​ទៅ​ចាប់​ជាតិ​ហើយ​ឬ​នៅ។ ចម្លើយ​ដំបូង​គឺ​ទេ ពួកគេ​គូស​រូប​ជាថ្មី​ដោយ​ក្បាល​បែរ​ទៅ​ទិស​មួយ​ផ្សេង​ទៀត ហើយ​បន្ត​សួរ​ឆ្លើយ​ម្តង​ទៀត។ នៅ​ទី​បញ្ចប់ ក្បាល​រូប​សំណាក​បែរ​ទៅ​ទិស​ខាង​កើត ហើយ​អាចារ្យ​នឹង​ឆ្លើយ​តប​ថា “បាទ នេះ​ជា​ទិស​ត្រឹមត្រូវ​ហើយ”។

លោក ជូលៀន បាន​និយាយ​ថា “ទិស​ត្រឹមត្រូវ​មាន​ន័យ​ថា ការ​ចាប់​កំណើត​ជាថ្មី​ត្រឹមត្រូវ”។ ហើយ​បង្វិល​អ្វីៗ​ជុំវិញ ឲ្យ​អ្នក​ស្លាប់​មិន​អាច​ត្រឡប់​មក​វិញ​បាន អ្នក​ស្លាប់​លែង​ជា​របស់​ពិភព​លោក​នេះ​ទៀត​ហើយ ឥឡូវ​ត្រូវ​ចាប់​ជាតិ​ជាថ្មី ប៉ុន្តែ​ស្ថិត​ក្នុង​ទីស្ថាន​ដ៏​ល្អ និង​ក្នុង​ទិស​ត្រឹមត្រូវ”។

លោក​បាន​ពន្យល់​ថា “ហេតុ​នេះ​ហើយ​ពិធី​បុណ្យ​សព​គឺ​សំខាន់​ណាស់ ពីព្រោះ ប្រសិនបើ​ពិធី​នេះ​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ​ទេ វា​ធ្វើ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​មិន​អាច​ទៅ​ចាប់​ជាតិ​បាន ក្លាយ​ទៅ​ជា​ព្រលឹង​តែលតោល។

លោក ជូលៀន បាន​និយាយ​ថា ភ្ជុំ​បិណ្ឌ ជា​ពិធី​សាសនា​សំខាន់​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​ចាប់​ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ហើយ​នឹង​ចប់​នៅ​ថ្ងៃ​ទី​១១​ខែ​តុលា ទាក់ទិន​ទៅ​នឹង​ព្រលឹង​ដែល​រសាត់​អណ្តែត​ទាំង​នោះ ពោល​គឺ​មនុស្ស​ទុគ៌ត ក្មេង​កំព្រា មនុស្ស​គ្មាន​ទីពឹង ឬ​មនុស្ស​ដែល​ស្លាប់​ក្នុង​សង្គ្រាម ដែល​គេ​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ។

រូបគំនូរវត្តបូ។ Andy Townsend

រូបគំនូរវត្តបូ។ Andy Townsend

លោក​បាន​ឲ្យ​ដឹង​ថា “ការ​ពិត ន័យ​សំខាន់​របស់​ភ្ជុំបិណ្ឌ គឺ​ត្រូវ​ជួយ​ព្រលឹង​តែល​តោល​ឲ្យ​ចាប់​ជាតិ ហើយ​មិន​ទុក​ឲ្យ​នៅ​តែលតោល​គ្មាន​ទី​បញ្ចប់​ទេ”។

លោក ជូលៀន បាន​មាន​ប្រសាសន៍​ថា មាន​តែ​នៅ​កម្ពុជា​ទេ ពិធី​បុណ្យ​រយៈ​ពេល​១៥​ថ្ងៃ​នេះ​មាន​តាំង​ពី​សម័យ​អង្គរ ហើយ​ក៏​ជា​ឱកាស​មួយ​ដើម្បី​រំឭក​និង​ជួយ​ព្រលឹង​ដូន​តា និង​ញាតិកា​ដែល​បាន​ចែកឋាន​ទៅ​ហើយ។

ក្នុង​ពេល​១៤​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ ប្រជាជន​មក​ជួប​ជុំ​គ្នា​នៅ​តាម​វត្ត​អារាម​មុន​ពេល​ថ្ងៃ​រះ។ គេ​ដើរ​ប្រទក្សិណ​បី​ជុំ​ដោយ​ស្ងៀម​ស្ងាត់​ជុំវិញ​ព្រះវិហារ ចោល​បាយ​បិណ្ឌ ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា “ភ្ជុំបិណ្ឌ” ដើម្បី​ផ្តល់​អាហារ​ដល់​ព្រលឹង​ដែល​វិលវល់ ដើម្បី​ឲ្យ​ពួកគេ​អាច​ទៅ​ចាប់​ជាតិ​បាន។

លោក ជូលៀន បាន​និយាយ​ថា “ពិធី​នេះ​តាម​ពិត​មាន​ទស្សនីយ​ភាព​ល្អ​អស្ចារ្យ ពីព្រោះ ធ្វើ​ឡើង​នៅ​ពេល​យប់​ក្នុង​ចំណោម​មនុស្ស​ស្ងៀមស្ងាត់។ វា​ល្អ។ នៅ​មុន​ពេល​ថ្ងៃ​រះ គេ​ធ្វើ​ពិធី​នេះ​ជា​ទៀងទាត់ ដោយ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។

ភ្ជុំបិណ្ឌ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​ជាមួយ​នឹង​ពិធី​សាសនា​ដ៏​ធំ​នៅ​វត្ត ដែល​បញ្ចប់​នៅ​ពេល​ថ្ងៃ​ត្រង់ ប៉ុន្តែ​ព្រះសង្ឃ​នៅ​ធ្វើ​ពិធី​សូត្រ​ធម៌​ពេញ​មួយ​ថ្ងៃ​នៅ​វត្ត​មួយ​ចំនួន។

ចំពោះ​លោក ថោនសែន ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​មើល​ការ​ចំអាស​សព មិន​អាច​បំភ្លេច​បាន​ទេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​ពិធី​សាសនា​ដ៏​អស្ចារ្យ​មួយ។ យប់​នោះ ខ្ញុំ​បាន​គូរ​គំនូរ​នេះ​ភ្លាម” ដោយ​ប្រើ​ខ្មៅដៃ​អាគ្រីលិក។

ផែនការ​របស់​លោក​នៅ​ទី​បញ្ចប់ ត្រូវ​ប្រែក្លាយ​ការ​គូរ​នោះ​ទៅជា​ផ្ទាំង​គំនូរ​ដ៏​ធំ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ចង់​ទុក​វា​ជា​គំនូរ​វាស គឺ​ផ្ទាំង​គំនូរ​នៃ​ពេល​វេលា​មួយ​ដ៏​ពិសេស៕ និត

 

The post ការ​ចំអាស​សព appeared first on ខេមបូឌា ដេលី.