សេចក្តីថ្លែងការណ៍ របស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក្នុងសម័យប្រជុំលើកទី ៧០ របស់អង្គការ សហប្រជាជាតិ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានធ្វើសេចក្តី ថ្លែងការណ៍ក្នុង សម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការ សហប្រជាជាតិនៅ ទីក្រុងញីវយ៉ក ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៥។

ក្នុងសម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំ ឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដ៏សំខាន់ និងជាឪកាសមួយ សំរាប់ធ្វើការឆ្លុះបញ្ចាំង នូវអ្វីដែល ស្ថាប័នពិភពលោក នេះត្រូវធ្វើ ដើម្បីដោះស្រាយការប្រឈមជាសកល ក្នុងពេលបច្ចុប្បន្ន។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការទំាងស្រុងរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ក្នុងសម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញីវយ៉ក៖

កម្ពុជាស្វាគមន៍យ៉ាងខ្លាំងក្លាចំពោះការអនុម័ត “របៀបវារៈអភិវឌ្ឍន៍” ក្រោយឆ្នាំ ២០១៥ ដែល ជាទស្សនវិស័យដ៏ ទូលំទូលាយ ដើម្បីកសាងសង្គមមួយសំរាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយ និងបង្កើតឡើងនូវវិបុលភាព សមភាព ជាងមុនសំរាប់គ្រប់គ្នានៅលើពិភពលោក ក្នុងឆ្នាំ ២០៣០។

ក៏ប៉ុន្តែ យើងខ្ញុំជឿជាក់ថា គន្លឹះនឹងស្ថិតនៅលើថាតើត្រូវធានាការសំរេចដោយជោគជ័យដោយ របៀបណា ជាមួយ នឹងមេរៀនដែលទទួលបានពីគោលដៅអភិវឌ្ឍន៍សហសតវត្ស។ យើងខ្ញុំជឿថា ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខនេះ គ្រប់ភាគីទាំងអស់ ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ នឹងកៀកដៃគ្នាដើរតាម “របៀបវារៈអភិវឌ្ឍន៍” ដ៏ឧត្តុង្គឧត្តមនេះ។

ភាពក្រីក្រ អសន្តិសុខស្បៀង ។ល។ នៅតែជាឧបស័គ្គរាំងស្ទះផ្លូវ។ បច្ចុប្បន្ន ប្រជាជនប្រមាណ ៨០០ លាននាក់ ខ្វះខាតម្ហូបអាហារ និងរស់នៅក្រោមកំរិតក្រីក្រ ហើយប្រជាជនពិភពលោក នឹងកើនដល់ ៩ ប៊ីលលាន ក្នុងឆ្នាំ ២០៥០។ សម្ពាធលើសន្តិសុខស្បៀង នឹងត្រូវកើនឡើងថែមទៀត។ ខ្ញុំគិតថា អភិបាលកិច្ចល្អ ការកែទម្រង់ នយោបាយ និងការបង្កើនវិនិយោគក្នុងផលិតកម្មម្ហូបអាហារ គឺជាការ ឆ្លើយតបចំពោះការប្រឈមនេះ។
ការប្រឈម ទាំងនេះ ដែលត្រូវបានធ្វើអោយមានភាពធ្ងន់ធ្ងរថែមទៀត ដោយជម្លោះប្រដាប់អាវុធ បានបង្ខំអោយ ប្រជាជនភៀសខ្លួនចេញពីប្រទេសកំណើតខ្លួនកាន់តែច្រើនឡើងៗ។ បាតុភាពនេះ ដែល ត្រូវបានធ្វើអាជីវកម្ម ដោយការរត់ពន្ធមនុស្ស បានឈានដល់កំរិតអាសន្ននៅអឺរ៉ុប ហើយវាអាចនៅក្នុង កំរិតទាប់ជាងនេះនៅអាស៊ី។ កម្ពុជា សូមសម្តែងនូវករុណាធម៌យ៉ាងជ្រាលជ្រៅចំពោះសោកនាដ្ឋកម្ម ដែលបានកើតមានថ្មីៗនេះ ចំពោះជន ចំណាកស្រុក តាមសមុទ្រនៅអ៊ឺរ៉ុប។

ការប្រែប្រួលអាកាសធាតុ គឺជាការប្រឈមសកលធ្ងន់ធ្ងរមួយទៀត នៅពេលដែលបណ្តាប្រទេស ឧស្សាហកម្ម បានសាយភាយឧស្ម័នផ្ទះបៃតងច្រើនជាងគេបំផុត ហើយប្រទេសកំពុងអភិវឌ្ឍន៍ដែល ពឹងផ្អែកលើកសិកម្ម បានក្លាយជាជនរងគ្រោះដ៏សំខាន់នៃការប្រែប្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ ព្យុះទីហ្វុង ទឹកជំនន់ និងការរាំង ស្ងួត ដែលមានផលប៉ះពាល់យ៉ាងធំធេងទៅលើសន្តិសុខស្បៀង ភាពក្រីក្រ និងសុខមាលភាពសង្គម។

ដូចនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា “សម័យប្រជុំលើកទី ២១ របស់សន្និសិទ ទីក្រុងប៉ារីស” ក្នុងខែធ្នូ នៅទីក្រុង ប៉ារីស នឹងសំរេចបាននូវការសន្និដ្ឋានដែលត្រូវតែប្រតិបត្តិ ស្របតាមគោលការណ៍ “ការទទួលខុសត្រូវរួម ប៉ុន្តែខុសប្លែក ពីគ្នា” ដើម្បីប្រឈមនឹងការគំរាមកំហែងជាសកលរបស់ការប្រែប្រួល អាកាសធាតុ ហើយនិង ផលវិបាករបស់វាមកលើសុខមាលភាពប្រជាជន។

កម្ពុជា បានលើកឡើងនូវ “ផែនការយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ ឆ្នាំ ២០១៤ - ២០២៣” របស់ខ្លួន ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៣ ដែលជាផែនការយុទ្ធសាស្រ្តថ្នាក់ជាតិទូលំទូលាយមិនធ្លាប់ដែលមាន ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ តាមរយៈ ការបន្សាំ ការកាត់បន្ថយផលប៉ះពាល់ និងការអភិវឌ្ឍន៍ដែល មានកាបោនទាប។

កម្ពុជា ក៏បានអនុម័ត “ផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍បៃតងសំរាប់ ឆ្នាំ ២០១៣ - ២០៣០” ។ បន្ថែម លើនេះ កម្ពុជាក៏បានបង្កើត ក្រុមប្រឹក្សាសំរាប់ការអភិវឌ្ឍន៍បៃតង សំដៅលើក ស្ទួយសេដ្ឋកិច្ចបៃតង។

ចំពោះ បញ្ហាអន្តរជាតិ កម្ពុជាកត់សំគាល់ថា ឧក្រិដ្ឋកម្មដែលបង្ករឡើងដោយក្រុមជ្រុលនិយម ហឹង្សា (IS/ISIS) និងក្រុមជាច្រើនទៀតដែលមានឈ្មោះខុសៗគ្នានៅអាហ្រ្វិក និងអាស៊ី នៅតែបន្ត កើនឡើង និងរីករាលដាល ទោះបីមានការទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្ត និងប្រតិបត្តិការយោធាថ្នាក់ ជាតិក៏ដោយ។ កម្ពុជាជឿជាក់ថា ប្រជាជាតិទាំងអស់ គួរតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនអមនុស្សធម៌ទាំងនោះ ក្នុងលក្ខណៈ ទូលំទូលាយ និងមានប្រសិទ្ធភាពមួយ។

កម្ពុជា សូមស្វាគមន៍នូវការបង្កើតទំនាក់ទំនងការទូតសារជាថ្មីរវាងគុយបា និងសហរដ្ឋអាមេរិក បន្ទាប់ពីមានការ ហ៊ុព័ទ្ធអយុត្តិធម៌ប្រឆាំងនឹងពលរដ្ឋគុយបាអស់រយៈពេល ៥២ ឆ្នាំ កន្លងមកនេះ។ កម្ពុជា ស្នើឲ្យដកចេញដោយគ្មាន ល័ក្ខខ័ណ្ឌបន្ទាប់ពីមានការបង្កើតទំនាក់ទំនងការទូតឡើងវិញ។

កម្ពុជា ក៏សូមស្វាគមន៍នូវផែនការសកម្មភាពទូលំទូលាយរួម ស្តីពីកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង និងសមាជិកអចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិទាំង៥ និងអាល្លឺម៉ង់។ កម្ពុជា យល់ស្របថា កិច្ចព្រមព្រៀង នេះ មិនត្រឹមតែក្លាយជាចំនុចរបត់នៃទំនាក់ទំនង អ៊ីរ៉ង - អាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាស ឈានទៅរកសន្តិភាពក្នុងតំបន់ សន្តិសុខ និងស្ថេរភាពនយោបាយ ផងដែរ។

ដោយផ្អែកលើតថភាពថ្មី របស់ពិភពលោក កម្ពុជា គាំទ្រការធ្វើកំណែទំរង់របស់អង្គការសហប្រជា ជាតិសំដៅធ្វើឱ្យ អង្គការនេះមានលក្ខណៈប្រជាធិបតេយ្យ និងមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយ នូវការប្រឈមសំខាន់ៗ របស់ពិភពលោក។ ក្នុងគោលដៅនេះ តាមទស្សនៈរបស់កម្ពុជា មហាសន្និបាត នៃអង្គការសហប្រជាជាតិ គួរតែមាន អំណាចជាងមុនដើម្បីលើកកំពស់អភិបាលកិច្ចសកល នៅក្នុង ប្រព័ន្ធអង្គការសហប្រជាជាតិ ។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការ សហប្រជាជាតិ (ECOSOC) ក៍ត្រូវតាមដាននូវការអនុវត្តដោយមាន ប្រសិទ្ធភាពនៃ “របៀបវារៈសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០” ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយប្រមុខដឹកនាំ ពិភពលោក ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរមានលក្ខណៈប្រជាធិបតេយ្យ និងតំណាងភាពច្រើនជាងមុន ទាំងក្នុង សមាជិកអចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍ ដើម្បីធានាសន្តិភាព និងសន្តិសុខជា សកល នៅចំពាះមុខសភាពការណ៍ ដែលកំពុងវិវត្តន៍ប្រកបដោយគ្រោះថ្នាក់ នៅលើពិភពលោកនាពេល បច្ចុប្បន្ននេះ៕