CNRP គ្រោងបង្កើត ក្រុមការងារមូលដ្ឋាន ដើម្បីជួយ ប្រជាពលរដ្ឋ ធ្វើអត្តសញ្ញាណបណ្ណ នៅតាមភូមិ-ឃុំ

ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានប្រកាសថា គណបក្សសង្រ្គោះ ជាតិ នឹងចាប់ផ្តើម បង្កើត ក្រុមការងារមូលដ្ឋានមួយ ដើម្បីជួយប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ដែលមិន ទាន់មានអត្តសញ្ញាណបណ្ណ ឱ្យទទួលបានអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា មុនការបោះឆ្នោតអាណត្តិ ក្រោយនេះ។

ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់សិក្ខាសាលារបស់ CNRPស្តីពី «ដំណើរឆ្ពោះទៅរកការបោះ ឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ» នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ថា នាសណ្ឋាគារអ៊ីមភឺរៀល លោក សម រង្ស៊ី បានមានប្រសាសន៍ថា បើសិនជាពលរដ្ឋដែលគ្មានអត្តសញ្ញាណបណ្ណ ហើយមិន មានលទ្ធផលក្នុងការចំណាយលុយ ធ្វើអត្តសញ្ញាណបណ្ណនោះ គណបក្សសង្រ្គោះជាតិ នឹងបង្កើតមូលនិធិមួយដើម្បីផ្តល់លុយ និងសោហ៊ុយធ្វើដំណើរដល់ពួកគេ។

លោកបន្តថា “យើងនឹងចាប់ផ្តើមណែនាំឱ្យរចនាសម្ព័ន្ធរបស់យើងនៅតាមភូមិនីមួយៗ ធ្វើបញ្ជីអ្នកដែលអត់ ទាន់មានអត្តសញ្ញាណបណ្ណ តើមានមូលហេតុអ្វី ខ្វះអ្វី ហើយតាមដានជួយប្រជា ពលរដ្ឋដោយមិនរើសមុខ ទោះជាប្រជាពលរដ្ឋគាំទ្រគណបក្សណាក៏ដោយ មិនប្រកាន់ថាគាត់បោះ ឆ្នោតឱ្យគណបក្សណានោះទេ ប៉ុន្តែបើប្រជាពលរដ្ឋណា ដែលគាត់លើកឡើងថាគាត់គ្មាន អត្តសញ្ញាណបណ្ណ គាត់ជួបការលំបាក គណបក្សសង្រ្គោះជាតិនឹងជួប”។

ប្រធានគណបក្សប្រឆាំងដដែល បានបន្ថែមថា ក្រុមការងារនេះនឹងជួយប្រឹក្សាយោបល់ផ្នែករដ្ឋបាល ដល់ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណបណ្ណ ហើយនឹងផ្តល់លុយដល់ពួកគាត់ សម្រាប់អ្នកដែលមិន មានលទ្ធភាពបង់ថ្លៃ។

លោកបញ្ជាក់ថា បើប្រជាពលរដ្ឋក្រមែនទែន យើងនឹងជួយពួកគេជាលុយ ទាំងបង់ថ្លៃរដ្ឋបាល និងថ្លៃ សោហ៊ុយធ្វើដំណើរឱ្យគាត់ ទទួលបានអត្តសញ្ញាណបណ្ណ គណបក្សសង្រ្គោះជាតិ នឹងបង្កើតមូលនិធិ មួយពិសេស ដើម្បីជួយប្រជាពលរដ្ឋគ្រប់រូប ដែលមានកង្វះខាត ដើម្បីឱ្យទីបញ្ចប់ពួកគាត់ទទួលបាន អត្តសញ្ញាណបណ្ណមុនថ្ងៃបោះឆ្នោត៕

CNRP គ្រោងបង្កើត ក្រុមការងារមូលដ្ឋាន ដើម្បីជួយ ប្រជាពលរដ្ឋ ធ្វើអត្តសញ្ញាណបណ្ណ នៅតាមភូមិ-ឃុំ