លោក​អូបាម៉ា ​ទ្រាំ​លែង​បាន​ ក្រោយ​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស​ជា​ថ្មី

ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សកល​វិទ្យាល័យ​មួយ ​នៃ​រដ្ឋ​អូរីហ្គុន ​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​តក់​ស្លុត​ជា​ថ្មី​ម្តង​ទៀត។ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ស្លាប់​ ដោយសារ​គ្រាប់​កាំភ្លើង​ចំនួន​១០ ​នាក់ ​និង​របួស​៧នាក់​ផ្សេង​ទៀត។ លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ ​ដោយ​លោក​មិន​បាន​លាក់លៀម​នូវ​កំហឹង​របស់​លោក​ ចំពោះ​ហេតុការណ៍​នេះ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក ​អត់​ទ្រាំ​មិនបាន ​គឺ​ហេតុការណ៍​បាញ់​រះ​របៀប​នេះ ​បាន​កើត​ឡើង​ជា​រើយៗ ​ប៉ុន្តែ​ច្បាប់ ​ស្តី​ពី​ការ​រិតបន្តឹង​ការ​គ្រប់គ្រង​អាវុធ ​ដែល​ជា​តំណោះស្រាយ​នោះ​ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​អាមេរិក​មួយ​ចំនួន​ប៉ែង​ជើង​រហូត។