អាជ្ញាធរ ផ្តល់​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ដែល​ពុលផ្សិត នៅ​ស្រុក​អូរជ្រៅ​

ខេត្តបន្ទាយមានជ័យ: អំណោយ​ពី​ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ពី​លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ បានផ្តល់​ដល់​មួយ​គ្រួសារ ដែល​ពុលផ្សិត​កន្លងមក នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​
    
​សូម​រំលឹកថា មួយ​គ្រួសារ​របស់​ជនរងគ្រោះ ដែល​ពុលផ្សិត​នោះ មាន​ទាំងអស់ ៦​នាក់ ១-​ឈ្មោះ ឡា​ច ឈឿន ភេទ ប្រុស អាយុ ៥៣​ឆ្នាំ ត្រូវជា​ឪពុក មាន​អាការ​ធ្ងន់​។​២-​ឈ្មោះ​សន រិ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ម្ដាយ មាន​អាកា​រៈ​ធ្ងន់ និង​កូនៗ មាន ៣-​ឈ្មោះ ទី ម៉ាត់​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​អាកា​រៈ​ស្រាល  ។ ៤-​ឈ្មោះ ឈឿន តើ ភេទ​ស្រី អាយុ ១៦​ឆ្នាំ មាន​អាកា​រៈ​ធ្ងន់​។ ៥-​ឈ្មោះ ឈឿន គ្រី ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​អាកា​រៈ​ធ្ងន់ និង​៦-​ឈ្មោះ ឈឿន ណា​ភេទ​ស្រី អាយុ ១៤​ឆ្នាំ មាន​អាកា​រៈ​ធ្ងន់​។ គ្រួសារ​នេះ រស់នៅក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​
    
​ពូ​ឡា​ច ឈឿន ត្រូវជា​ឪពុក បាន​នាំ​កូនស្រី​ឈ្មោះ ឈឿន ណា ទៅរក​ជីក​ទំពាំង​នៅ​ជាយ​ព្រំដែន​កម្ពុជា ថៃ បានឃើញ​ផ្សិត​ដុះ​នៅ​គុម្ព​ឫស្សី ក៏បាន​ដកយក​មក​ផ្ទះ ប្រញាប់​ស្ល​អោយ​កូនៗ​ហូប ពេល​ទៅ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង និង​ជម្រះ​ស្មៅ​ឲ្យ​គេ​។ ក្រោយពី​ហូប​រួច ឪពុក ម្តាយ និង​កូនៗ​ទាំងអស់ កើត​ក្អូ​ត​ចង្អោរ​។ អ្នក​ទាំងនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ពេទ្យ​បាន​យកចិត្តទុកដាក់​ព្យ​បាល​ជនទីទ័លក្រ ដែល​ពុលផ្សិត​ទាំងនេះ ហើយ​បានជា​សះស្បើយ និង​បាន​វិល​ទៅផ្ទះ​វិញ​។​
 
​កាលពី​ថ្មី​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអោយ​លោក​ឧកញ៉ា ហង្ស ស៊ីផា ទីប្រឹក្សា​លោក និង​លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ  ទៅសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ម្ហូបអាហារ ថវិកា​ដល់​គ្រួសារ​នេះ​៕​

អាជ្ញាធរ ផ្តល់​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ដែល​ពុលផ្សិត នៅ​ស្រុក​អូរជ្រៅ​

អាជ្ញាធរ ផ្តល់​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ដែល​ពុលផ្សិត នៅ​ស្រុក​អូរជ្រៅ​