លោក សម រង្ស៊ី ចាត់ទុក ​គណបក្សតូចៗថា គ្រាន់តែជា «អំពិលអំពែក» ប៉ុណ្ណោះ !

ភ្នំពេញ៖ លោក សម រង្ស៊ី បានចាត់ទុកគណបក្សតូចៗ ដែលកើតចេញព្រោងព្រាតនៅពេលនេះថាជា «អំពិលអំពែក» រះនៅពេលមុនបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបោះឆ្នោតរួច គណបក្សទាំងនោះនឹងរលាយស្ងប់ស្ងាត់ទៅវិញ ដូចការបោះឆ្នោតអាណត្តិមុនៗដូច្នោះដែរ។

លោកបានថ្លែងនៅក្នុងសន្និសីទកាសែត នៅសណ្ឋាគារអ៉ីមភើរៀល នាល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះថា «យើងមើលបទពិសោធន៍យើងបោះឆ្នោត ៥ដងហើយ រាល់ពេលបោះឆ្នោតម្តងៗ គឺមានគណបក្សច្រើនណាស់ជាង២០ឯណោះ ចូលរួមក្នុងការបោះឆ្នោត ដូច្នេះយើងអត់មានការភ្ញាក់ផ្អើលទេ នៅពេលជិត បោះឆ្នោតយើងឃើញមានគណបក្សច្រើនព្រោងព្រាត ដូចអំពិលអំពែក ដល់ពេលបោះឆ្នោតហើយ វារលត់ទៅវិញបាត់ឈឹង ដល់ពេល ៥ឆ្នាំក្រោយចេញអំពិលអំពែកមកទៀត»។

ក្រៅពីគណបក្សចាស់ដូចជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ដែលមិនទទួលបានអសនៈ ក្នុងរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ពេលនេះគណបក្សថ្មីបានបង្កើតឡើង ដោយមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត អាណត្តិក្រោយនេះដែរ ដោយក្នុងនោះមានគណបក្ស អំណាចខ្មែររបស់លោក សួន សេរីរដ្ឋា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ , គណបក្សមូលដ្ឋាន ប្រជាធិបតេយ្យ របស់លោក យ៉េង វីរៈ និងគណបក្សខ្មែរសាមគ្គីរបស់លោកស្រី ឡាក់ សុភាព ជាដើម។

លោក សម រង្ស៊ី បានពន្យល់ថា ទោះជាមានគណបក្សច្រើនពេលនេះក៏ដោយ ក៏បទពិសោធកន្លងមក មានគណបក្សតិចតួចណាស់ ដែលទទួលបានអសនៈ នៅក្នុងរដ្ឋសភា ហើយពេលនេះមានតែគណបក្ស២ប៉ុណ្ណោះ គឺគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ ។ លោកថា «ទោះជាមានគណបក្សចូលរួម (បោះឆ្នោត) រាប់សិបគណបក្ស ប៉ុន្តែជាក់ស្តែងមានតែ២-៣គណបក្ស (ជាប់ឆ្នោត) ដូច្នេះយើងកុំទៅខ្វល់ខ្វាយ គណបក្សតូចៗ ដែលទើបនឹងបង្កើត បើយើងធ្វើការវិភាគទៅសង្ឃឹមតិចណាស់»៕

លោក សម រង្ស៊ី ចាត់ទុក ​គណបក្សតូចៗថា គ្រាន់តែជា «អំពិលអំពែក» ប៉ុណ្ណោះ !

លោក សម រង្ស៊ី ចាត់ទុក ​គណបក្សតូចៗថា គ្រាន់តែជា «អំពិលអំពែក» ប៉ុណ្ណោះ !

លោក សម រង្ស៊ី ចាត់ទុក ​គណបក្សតូចៗថា គ្រាន់តែជា «អំពិលអំពែក» ប៉ុណ្ណោះ !