ទឹក​ច្រោះ​ដាច់​ក្បាលស្ពាន​តា​ហោ​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៦ និង​៥៤​នាទី​យប់ ថ្ងៃ​ទី​២ តុលា​នេះ មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​កំពុង​ដឹក​ដី​ចាក់​ទប់​ក្បាលស្ពាន​តា​ហោ ដែល​កំពុង​ហូរ​ច្រោះ​ដាច់​ក្រោម​គល់​ស្ពាន​តា​ហោ​ខាងលិច ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ជន់​ពេញ​អាង​ព្រែក​ទន្លេ​វ៉ៃ​គោ បណ្តាល​ឲ្យ​ទឹក​ហូរ​លើ​ទ្វារ​អាង ហើយ​ក៏​ហូរ​ច្រោះ​ដាច់​ដី​ថ្នល់​ជាប់​ក្បាលស្ពាន​ខាងលិច​កាលពី​ម៉ោង​៤​ល្ងាច ហើយ​រយៈពេល​តែ​មួយ​ម៉ោង​គឺ​នៅ​ម៉ោង​៥​ល្ងាច ស្រាប់តែ​ហូរ​បាក់​ដី​ទំហំ​ជិត​២​ម៉ែត្រ ។

លោក​អភិបាលខេត្ត​បាន​ទៅ​ពិនិត្យ​ឃើញ​ថា អាច​បាក់​ក្បាលស្ពាន​ខូច​ថ្នល់ និង​ស្ពាន ក៏​បញ្ជា​ឲ្យ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដឹកនាំ​កម្លាំង​យក​រថយន្ត​បែន​ដឹក​ដី​ចាក់​ទប់​ភ្លាម​ៗ​រហូត​មក​ដល់​ម៉ោង​៧​យប់​មិន​ទាន់​ទប់​រួចរាល់​ទេ កំពុង​ឲ្យ​រថយន្ត​ជី​ដី​ទាំង​យប់​មក​ចាក់​រហូត​ជឿជាក់​ថា ទឹក​ឈប់​ហូរ​ច្រោះ តែ​ពេល​នេះ​ភ្លៀង​កំពុង​ធ្លាក់​មិនដឹង​ថា ទប់​បាន​ជោគ​ជ​យ័ ឬ​យ៉ាងណា​ទេ ៕