ស.រ.អា.​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ជួយ​ឥណ្ឌូនេស៊ី​ស្វែង​រក​ការ​ពិត​នៃ​ការ​សម្លាប់​រង្គាល​កាលពី​៥០ឆ្នាំ​មុន

ស.រ.អា.​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ជួយ​ឥណ្ឌូនេស៊ី​ស្វែង​រក​ការ​ពិត​នៃ​ការ​សម្លាប់​រង្គាល​កាលពី​៥០ឆ្នាំ​មុន

លោក Tjeerd de Zwaan (រូប​ស្តាំ) ឯក​អគ្គ​រាជ​ទូត​របស់​ហូឡង់​ប្រចាំ​ឥណ្ឌូនេស៊ី​បោះ​ផ្កា​ទៅ​លើ​កន្លែង​បញ្ចុះ​សព​នៅ Rawagede Hero Cemetery ក្នុង​ពេល​រំលឹក​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ភូមិ Rawagede ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១១។

សប្តាហ៍​នេះ​ជា​ខួប​៥០​ឆ្នាំ​ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​នៅពេល​ដែល​មន្រ្តី​យោធា​៦​នាក់​ត្រូវ​បាន​គេ​សម្លាប់​ដែល​ជាផ្នែក​មួយ​នៃ​ការ​ចោទ​ប្រកាន់​ពី​ការ​ងើប​បះបោរ​របស់​ក្រុម​ឆ្វេង​និយម។ ​ការ​ងើប​បះបោរ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បង្ក្រាប ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥០០.០០០នាក់។​ បញ្ញាវ័ន្ត ​គ្រូ​បង្រៀន ​សមាជិក​សហជីព ​សមាជិក​ចលនា​ស្រ្តី​ ហើយ​និង​ជន​ស៊ីវិល​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ត្រូវ​បាន​គេ​មើល​ងាយ ​និង​ត្រូវ​បាន​គេ​សម្លាប់។

ខុស​ពី​ការ​កាប់​សម្លាប់​នៅ​ទីកន្លែង​ផ្សេងៗ​ទៀត​ដូចជា​នៅ​ប្រទេស​រវ៉ាន់ដា (Rwanda) និង​កម្ពុជា​ ឥណ្ឌូនេស៊ី​មិន​ប៉ុនប៉ង​ស្វែង​រក​អ្វី​ដែល​បាន​កើត​ឡើង​ ឬ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​ទាំង​នោះ​ទេ។

ក្រុម​អ្នក​រិះ​គន់​និយាយ​ថា ​ពេល​វេលា​បាន​មក​ដល់​ហើយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បិទ​ទំព័រ​ប្រវត្តិសាស្រ្ត​នោះ ​ដោយ​ការ​ស៊ើបអង្កេត​លើ​ឯកសារ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។ ក៏ប៉ុន្តែ ​ក្រុម​អ្នក​គាំទ្រ​មិនមែន​ត្រឹម​តែ​ទាមទារ​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ទេ ​ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ​សាធារណជន​មើល​ឯកសារ​របស់​ខ្លួន​នៅ​ពេល​នោះ​ដែរ។

ដោយសារ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ខែ​នេះ ​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​នឹង​ជំរុញ​ឲ្យ​បញ្ចេញ​ឯកសារ​សម្ងាត់​ទាំង​នោះ។​ ក្រុម​អ្នក​គាំទ្រ​និយាយ​ថា ​ការណ៍​នេះ​នឹង​ត្រឹម​តែ​សម្រាល​ទំនួស​ខុស​ត្រូវ និង​ការ​ជាប់​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ​ក៏ប៉ុន្តែ​ក៏​បង្កើន​ការ​គាប​សង្កត់​លើ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​គាំទ្រ​ជន​រងគ្រោះ​តាម​រយៈ​គណៈកម្មការ​ស្វែង​រក​ការ​ពិត។

ក្រុម​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ​និង​ទីភ្នាក់ងារ​ចារកម្ម​ផ្សេងៗ​ទៀត​ពី​ការ​មិន​អន្តរាគមន៍ និង​ការ​សម្លាប់​ជន​សង្ស័យ​ជា​ពួក​កុម្មុយនិស្ត​ដែល​មាន​ចំនួន​រហូត​ដល់​មួយ​លាន​នាក់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់ ទោះ​ជា​អាមេរិក​មិន​បាន​ជួយ​ដោយ​ផ្ទាល់​ក៏​ដោយ៕