ស្ថានទូត​បារាំង សាទរ​សិស្ស​ថ្នាក់​ភាសា​បារាំង​-​ខ្មែរ ទទួលជោគជ័យ ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

ស្ថានទូត​បារាំង សាទរ​សិស្ស​ថ្នាក់​ភាសា​បារាំង​-​ខ្មែរ ទទួលជោគជ័យ ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

ភ្នំពេញ​: ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា ឆ្នាំនេះ អត្រា​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៥ របស់​សិស្ស​ថ្នាក់​ពីរ​ភាសា​បារាំង​-​ខ្មែរ មាន ៧៥,៩ ភាគរយ ខ្ពស់ជាង​អត្រា​សិស្ស​ជាប់​បាក់​ឌុប​ទូទាំងប្រទេស ដែលមាន ៥៥,៨៨ ភាគរយ​។ ក្នុងពេលដែល​ប្រទេស​បារាំង និង​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​ថ្នាក់​ពីរ​ភាសា​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ កម្មវិធី​ថ្នាក់​ពីរ​ភាសា បាន​ជួយ​ឱ្យ​សិស្ស​កម្ពុជា ៤.០០០ នាក់ ទទួលបាន​ការសិក្សា ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​កម្ពុជា​ចំនួន​១១ គិត​ចាប់តាំងពី​ការបង្កើត​កម្មវិធី​នេះ​មក​។​លទ្ធផល​នេះ បាន​ស្តែង​ឲ្យ​ឃើញ​ពី​ឧត្តមភាព​នៃ​កម្មវិធី​ថ្នាក់​ពីរ​ភាសា​បារាំង​-​ខ្មែរ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា កញ្ញា អ៊ូង មុនី​រាសី ដែល​មកពី​ខេត្តបាត់ដំបង ស្ថិត ក្នុង​លំដាប់​ទី​១៧ ក្នុងចំណោម​សិស្ស​ទាំង ១០៨ រូប​ដែល​ទទួល បាន​និទ្ទេស A ទូទាំងប្រទេស​។ កញ្ញា ក៏​ធ្លាប់​ទទួល បាន​រង្វាន់​លេខ​១ ក្នុងការ​ប្រកួតប្រជែង​កម្មវិធី​បទ​យកការណ៍​ស្តីពី​ជីវិត​សិស្ស​ថ្នាក់​ពីរ​ភាសា​។ យុវតី​រូបនេះ ស្ថិតក្នុង​ចំណោម​សិស្ស​ទាំង ៣៨៦ រូប នៃ​ថ្នាក់​ពីរ​ភាសា បារាំង​-​ខ្មែរ ដែល​បានទទួល​ជោគជ័យ​ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​។ សូម​អបអរសាទរ​យុវ​សិស្ស​ទាំងអស់ និង​សូម​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​ទៅមុខទៀត​៕​