ស៊ឹមកា​ត​ទូរស័ព្ទ​ប្រើ​នៅ​កម្ពុជា​ជាង​20​លាន ខណៈ​ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ប្រមាណ​15​លាន​នាក់

ស៊ឹមកា​ត​ទូរស័ព្ទ​ប្រើ​នៅ​កម្ពុជា​ជាង​20​លាន ខណៈ​ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ប្រមាណ​15​លាន​នាក់

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ស៊ី​មកា​ត​មាន​ចំនួន​ជាង​២០  លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ចំនួន​ប្រជាជន​សរុប​មាន​ប្រមាណ​១៥​លាន​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ថ្លែង​ក្នុង​សិក្ខាសាលា​មួយ ស្តី​ពី​សេរីភាព​អ៊ីន​ធើ​រ​ណេ​ត​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៩​កញ្ញា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក ស៊ិ​ន រ៉ា​ពី​ដ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឱ្យ​ដឹង​ថា ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាម​ន៍ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ជាង​២០​លាន​នាក់​/​គ្រឿង  ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ​១៥​លាន​នាក់ ។

ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប​នោះ ដោយសារ​តែ​ប្រជាជន​ខ្លះ​ប្រើប្រាស់​ទូរស័ព្ទ​លើស​ពី​មួយ​គ្រឿង គឺ​អ្នកខ្លះ​ប្រើ​ពីរ​គ្រឿង ទៅ​បី​គ្រឿង ដែល​អត្រា​ស្មើនឹង​១៣៩% នៃ​អ្នក​ប្រើប្រាស់​ធៀប​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។ ជាង​នេះ​ទៀត កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី ។ ចំពោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​វិញ មាន​ចំនួន​៥​លាន​នាក់ គឺ​ស្មើនឹង​១​ភាគ​៣​នៃ​ចំនួន​ប្រជាជន​សរុប ដែល​អាច​ប្រើប្រាស់​អី​ុ​ន​ធើ​រ​ណេ​ត​តាម​រយៈ​ទូរស័ព្ទ​ដៃ ។

លោក សុ​ិ​ន រ៉ា​ពី​ដ ថ្លែង​ទៀត​ថា មូលហេតុ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ច្រើន ដោយសារ​តែ​តម្លៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​អី​ុ​ន​ធើ​រ​ណេ​ត​បាន​នោះ មាន​តម្លៃ​ថោក​សមរម្យ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ទិញ​យក​មក​ប្រើប្រាស់​បាន ។ លើស​ពី​នេះ សេវា​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា ក៏​មាន​តម្លៃ​ថោក​សមរម្យ​ដែរ ដែល​កំពុង​ពង្រីក​តាម​រយៈ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​រហូត​ដល់​បណ្តា​ខេត្ត​នានា និង​ជនបទ​ចុងកាត់មាត់ញក ជាក់ស្តែង​ក្នុង​ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី ។ បច្ចុប្បន្ន តាម​រយៈ​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​នោះ បាន​រាយ​ខ្សែកាប​អុ​ប​ទិ​ក​ទៅ​តាម​បណ្តា​ខេត្ត​នានា​មាន​ចំនួន​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដែល​ជា​ឆ្អឹងខ្នង​សម្រាប់​ត​ភ្ជាប់​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ។

លោក ស៊ិ​ន រ៉ា​ពី​ដ ឱ្យ​ដឹង​ទៀត​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន​៨​បាន​រាយ​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ដើម្បី​ឱ្យ​ការ​បញ្ជូន​ទិន្នន័យ​មាន​ភាពល្អ​ប្រសើរ​។ ដូច្នេះ ការ​ធ្វើ​ឡើង​របស់​ក្រុមហ៊ុន​ទាំងនោះ ដោយសារ​តែ​មាន​គោលនយោបាយ​លើ​វិស័យ​គមនាគមន៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ប្រៃសណីយ៍​និង​គមនាគមន៍ ។ ជាក់ស្តែង ថ្មី​ៗ​នេះ​ក្រសួង​ប្រៃសណីយ៍​បាន​អនុម័ត​ផែនការមេ​ស្តី​ពី​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដែល​មាន​គោលដៅ ក្នុង​ការ​ជំរុញ​សេវា​រាជរដ្ឋាភិបាល​ផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍  គមនាគមន៍  និង​សេវា​មួយ​ចំនួន​ទៀត ។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​ច្រើន​លើសលប់​ជាង​ចំនួន​ប្រជាជន​នេះ ត្រូវ​បាន​លោក ស៊ិ​ន រ៉ា​ពី​ដ ថ្លែង​ថា មិន​បាន​ពាក់ព័ន្ធ​អ្វី​នោះ​ទេ ព្រោះថា​វា​ជម្រើស​រើស​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទិញ​ស៊ី​មកា​ត ដោយ​បាន​ចុះ​ឈ្មោះ​រួច​ហើយ មាន​ទាំង​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ប្រជាជន​នៅ​ប្រទេស​ណា​ក៏​អាច​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​បាន​ច្រើន​ដែរ អាស្រ័យ​លើ​តម្រូវការ ឬ​ទីផ្សារ​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​ណា​ថោក គាត់​អាច​ទិញ​ប្រើប្រាស់​បាន ។

ចំពោះ​ករណី​ចំនួន​អ្នក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​ច្រើន​នេះ ត្រូវ​បាន​លោកស្រី ជី​ម ម៉ា​ណា វី នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​លើក​ឡើង​ថា បាន​ទទួលផល​ចំណេញ​ហើយ​ក៏​ទទួលផល​វិបាក ព្រោះថា​ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ការ​មើល​ព័ត​មាន និង​សិក្សា​ស្រាវជ្រាវ​ផ្សេង​ៗ​នោះ មាន​ផលប្រយោជន៍ ។ ផ្ទុយ​ទៅ​វិញ ការ​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​មាន​ផល​អវិជ្ជមាន​ដូច​ជា មាន​លេខ​ស៊ី​មកា​ត​ច្រើន​គេ​អាច​ទូរស័ព្ទ​មក​បោកប្រាស់ គំរាម ឬ​ក៏​ប្រើ​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​មួ​លង្កា​ច់ និង​អ្នកខ្លះ​យក​ប្រព័ន្ធ​ទូរស័ព្ទ​រកស៊ី បោកប្រាស់ សម្លាប់​មនុស្ស​ជាដើម ។

លោកស្រី ជី​ម ម៉ា​ណា​វី បន្ត​ថា បញ្ហា​នេះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ត្រូវ​តែ​មានការ​យល់​ដឹង​ឱ្យ​បាន​ច្រើន ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា មាន​មតិ​ខ្លះ​ធ្លាប់​លើក​ឡើង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន បាន​ចែក​ស៊ី​មកា​ត​ដោយ​មិន​បាន​យក​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ជា​គ្រឿង​សម្គាល់​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ដូច​ជា ការ​គំរាម​យក​ប្រាក់ ឬ​មធ្យោបាយ​បោកប្រាស់​ជា​ច្រើន​ករណី​រួច​គេ​បោះ​ស៊ី​មកា​ត​នោះ​ចោល ដើម្បី​បំបិទ​ភស្តុ​តាង ៕

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព