ភ្លើង​ស្នេហ៍​អ្នក​មេម៉ាយ​ឡើង​ដល់​តុលាការ​សា​ជា​ថ្មី

ភ្លើង​ស្នេហ៍​អ្នក​មេម៉ាយ​ឡើង​ដល់​តុលាការ​សា​ជា​ថ្មី

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​មេម៉ាយ​កូន​៣ បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ម្តងទៀត ឱ្យ​ចាត់ការ​តាម​នីតិវិធី​ទៅ​លើ​បុរស​ពោះម៉ាយ​ម្នាក់​ជា​ដៃគូ​ស្នេហ៍​មានកូន​៦ ដែល​សន្យា​ថា នឹង​បង់ប្រាក់​១​លាន​រៀលជា​សំណង​ជំងឺ​ចិត្ត ដោយសារ​តែ​បាន​អះអាង​ថា យក​គ្នា​ជា​ប្តី​ប្រពន្ធ ប៉ុ​ន្តែ​ក្រោយ​ពេល​ឆ្អែតឆ្អន់​រួច​ក៏​ដោះដៃ ។ អ្នក​មេម៉ាយ​បាន​ដក​ពាក្យបណ្តឹង​ចេញ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ប៉ុ​ន្តែ​លុះដល់​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ក៏​បាន​ដាក់​បណ្តឹង​ជា​ថ្មី ព្រោះ​អត់​បាន​ប្រាក់​ដែល​ថាឱ្យ​១​លាន​រៀល​នោះ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​បុរស​ពោះម៉ាយ​កូន​៦ ដែល​រួមមេត្រី​ជាមួយ​អ្នក​មេម៉ាយ​កូន​៣ ហើយ​មិន​បាន​ទទួល​ផ្លែផ្កា ក្រៅពី​ត្រេកត្រអាល​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ សីហា ស្ថិត​នៅ​ក្នុងផ្ទះ​អ្នក​មេម៉ាយ ត្រង់​ចំណុច​ស្រង់ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ វ៉ិ​ត កង អាយុ​២៨​ឆ្នាំ ត្រូវជា​ប្អូនស្រី​របស់​អ្នក​មេម៉ាយ​រូប​នេះ​រៀបរាប់​ថា បងស្រី​របស់​គាត់​ឈ្មោះ វ៉ិ​ត កេង អាយុ​៣០​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់​សុទ្ធតែ​ប្រុស មាន​ប្តី​ឈ្មោះ ផើង សក់ អាយុ​៥៩​ឆ្នាំ ទាំង​ពីរ​នាក់​ទើបតែ​លែងលះ​គ្នា​រយៈពេល​៣​ខែ​មុន​នេះ​ប៉ុ​ណ្ណោះ ។ ចំណែក​បុរស​ពោះម៉ាយ​នោះ​ឈ្មោះ ឯក អោ អាយុ​៥២​ឆ្នាំ មានកូន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ មាន​ប្រពន្ធ​ឈ្មោះ មួ​ង ព្រីង អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សំបូរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ បច្ចុប្បន្ន​ស្នាក់​នៅ​ចំណុច​ភ្នំ​ដោះ​ក្រមុំ ។

គាត់​បន្ត​ថា បន្ទាប់​ពី​តុលាការ​កោះហៅ​ខាង​ស្រី​ឱ្យទៅ​បំភ្លឺ​រួចរាល់ ក៏​បាន​កោះហៅ​បុរស​ពោះម៉ាយ​កំហូច​ឱ្យ​ចូលខ្លួន​បំភ្លឺ​ដែរ ដោយ​គាត់​បាន​អះអាង​ថា ជា​ការ​ត្រូវរ៉ូវ​គ្នា ទើប​ឈាន​ដល់​ការ​រួមមេត្រី​ស្នេហ៍ ។ ទោះបីជា​យ៉ាងណា បុរស​នេះ​មិន​ព្រម​ទទួលយក​បងស្រី​របស់​គាត់​ធ្វើ​ជា​ប្រពន្ធ​ឡើយ គឺ​សុខចិត្ត​បង់ប្រាក់​១​លាន​រៀល​ដើម្បី​បញ្ចប់រឿង បើសិនជា​ខាង​ស្រី​ដក​ពាក្យបណ្តឹង​វិញ​នោះ ។

គាត់​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា បងស្រី​របស់​គាត់​បាន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ដក​ពាក្យបណ្តឹង​វិញ ។ លុះ​នា​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា បងស្រី​គាត់​បាន​ទៅ​ទទួល​លុយ​ដែល​បុរស​ពោះម៉ាយ​កំហូច​សន្យា​ឱ្យ ស្រាប់តែ​ពេល​ទៅ​ដល់ បុរស​នោះ​មិន​ព្រម​បង់​ឱ្យ​ឡើយ ព្រោះ​អត់​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​តុលាការ ហើយ​និយាយ​ថា បើ​ចង់​ប្តឹង​ទៅ​ណា ក៏​ប្តឹង​ចុះ ។

ដោយសារ​ទ្រាំ​មិន​បាន​នឹង​សម្តី​បុរស​ខាងលើ ទើប​បងស្រី​របស់​នាង​សម្រេចចិត្ត​យកពាក្យ​បណ្តឹង​ទៅ​ដាក់​ម្តងទៀត ដើម្បី​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ចំណែក​អ្នក​មេម៉ាយ​ជា​សា​ម៉ី​ខ្លួន​ឱ្យ​ដឹង​ថា រឿង​នេះ​គាត់​ពិតជា​ឈឺចិត្ត​ខ្លាំង​ណាស់ ដោយសារ​បុរស​នោះ​ក្រឡាស់​សម្តី ដែល​ពី​មុន​សន្យា​ថា​យក​គាត់​ធ្វើ​ប្រពន្ធ លុះ​បាន​រួមមេត្រី​ស្កប់ស្កល់​ក៏​ដោះដៃ​ចោល ។ ក្រោយមក​ប្រាប់​ឱ្យ​គាត់​ដក​ពាក្យបណ្តឹង ដោយ​សន្យា​ថា​បង់ប្រាក់​ថ្លៃ​ខូចខាត​កិត្តិយស ប៉ុន្តែ​បែរជា​មិន​ព្រម​បង់​ទៅ​វិញ ។ បើ​បុរស​ពោះម៉ាយ​នោះ​មិន​ព្រម​បង់លុយ​១​លាន​រៀល​ក៏​មិន​អី​ដែរ គឺ​គាត់​ចង់ឱ្យ​បុរស​ម្នាក់​នេះ​ជាប់​ពន្ធនាគារ​តាម​ច្បាប់​កំណត់ ដើម្បី​ឱ្យ​ស្គាល់​រសជាតិ​ឈឺចាប់​ម្តង ព្រោះ​គាត់​ខំ​ជឿ​លើ​ការ​សន្យា​ខ្យល់​របស់​គេ​ថា បើ​ព្រម​ដក​ពាក្យបណ្តឹង គេ​នឹង​បង់ប្រាក់​ភ្លាម ។ ប៉ុ​ន្តែ​លុះ​ពេល​ដល់ត្រើយ ស្រាប់តែ​សើយ​គូទ​ទៅ​វិញ ។ គាត់​ថា នឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​នៅ​ពេល​ក្រោយ បន្ទាប់​ពី​បាន​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​នេះ ៕​

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព