គ្រូ​អ​សីលធម៌​ដាក់​ទណ្ឌកម្ម​សម្រាត​សំពត់​សិស្ស

គ្រូ​អ​សីលធម៌​ដាក់​ទណ្ឌកម្ម​សម្រាត​សំពត់​សិស្ស

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​ដ៏​អាក្រក់​មិន​គួរ​អត់ឱន​ឱ្យ​មួយ ដែល​ប្រព្រឹត្ត​ទ្បើ​ង​ដោយ​គ្រូ​អគតិ​ម្នាក់ បាន​កើត​ទ្បើ​ង​តាំងពី​ខែឧសភា​កន្លង​មក ហើយ​រហូត​ដល់​វិស្សមកាល​ចូល​មក​ដល់ និង​ជិត​ដល់​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ទៅ
ហើយ នៅ​តែ​មិន​មានការ​ឈឺឆ្អាល​ពី​សំណាក់​ស្ថាប័ន​ណាមួយ​សោះ ទើប​ពេល​នេះ​លោកយាយ​ជា​ជីដូន​បាន​ងាក​មក​រក​អ្នក​សារព័ត៌មាន​ឱ្យ​ទម្លុះទម្លាយ​រឿងរ៉ាវ​គួរ​ឱ្យ​អាម៉ាស់​នេះ ។

រឿង​រ៉ា​វ​មួយ​នេះ​ត្រូវ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា សិស្ស​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ ត្រូវ​បាន​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​ដាក់​ទារុណកម្ម​ដ៏​អាក្រក់ ដោយ​ឱ្យ​នាង​ទ្បើ​ង​ឈរ​លើ​តុ​ក្នុង​ថ្នាក់រៀន ហើយ​លើកដៃ​ទ្បើ​ង​លើ​បែរមុខ​រក​សិស្ស​ឯទៀត រួច​ប្រើ​ឱ្យ​សិស្ស​ប្រុស​សម្រាត​សំពត់​និង​ខោ​ក្នុង​របូត​ដល់​កែងជើង និង​បញ្ជា​ឱ្យ​សិស្ស​ឯទៀត​មើល​សើច​លេង​ជា​ល្បែង ។ ទ​ង្វើ​ដ៏​លាមក​របស់​គ្រូបង្រៀន​រូប​នេះ នៅ​មិន​ទាន់​មាន​ស្ថាប័ន​ណា​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​សិស្ស​ស្រី​រូប​នេះ​នៅឡើយ​ទេ ទើប​លោកយាយ​វ័យ​៦៤​ឆ្នាំ​ជា​ជីដូន កើតទុក្ខ​មិន​សុខចិត្ត​អំពាវនាវ​ឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ។

លោកយាយ បាន​អំពាវនាវ​រក​យុត្តិធម៌​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា នៅ​ភូមិ​ទួល​ចំបក់ ឃុំ​សង្កែ ស្រុក​រំដួល ។ លោកយាយ សា​រ៉​ន អាយុ​៦៤​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ចៅស្រី​របស់​គាត់​ឈ្មោះ ណា​វ ស៊ីវ​ម៉ី អាយុ​១១​ឆ្នាំ ត្រូវ​គ្រូ​ប្រចាំ​ថ្នាក់​ធ្វើ​ទារុណកម្ម​យ៉ាង​អ​សីលធម៌​នៅ​ចំពោះ​មុខ​សិស្ស​ក្នុង​ថ្នាក់ ។ រឿងរ៉ាវ​ដ៏​អាម៉ាស់​នេះ បាន​កើត​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន វត្ត​ថ្មី ស្ថិត​នៅ​ភូមិ​តា​បោង ឃុំ​សង្កែ ស្រុក​រំដួល ដោយ​គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​២​។ មូលហេតុ​នៃ​ការ​ធ្វើ​ទារុណកម្ម​នេះ មក​ពី​ចៅស្រី​គាត់​អាន​អក្សរ​លើ​ក្តារខៀន​មិន​រួច​(​មិន​ចេះ​អាន​អក្សរ​) ទើប​គ្រូ​អ​សីលធម៌​នេះ​ដាក់​ទណ្ឌកម្ម​ដ៏​លាមក​បែប​នេះ ។

គាត់​និយាយ​ថា តើ​ខ្វះ​វិធី​ណាស់​ទៅ​ឬ​ដែល​គ្រូ​ធ្វើ​ទារុណកម្ម​បែប​នេះ តើ​នេះ​ជា​គរុកោសល្យ​របស់​គ្រូ​ឬ ? ទណ្ឌកម្ម​នេះ បាន​ធ្វើ​ឱ្យ​ចៅស្រី​របស់​គាត់​ខ្មាស​គេ​ស្រែកយំ​រត់​ចេញពី​សាលា ហើយ​បាន​គេច​សាលា​លែង​ហ៊ាន​ចូល​រៀន តែ​រូប​គាត់​ជា​ជីដូន​មិនដឹង​រឿង​ក៏​ចេះ​តែ​អង្វរ​ចៅ​ឱ្យទៅ​រៀន ។ លុះ​ក្រោយមក​ទើប​ដឹង​ថា មូលហេតុ​ចៅស្រី​មិន​ចូល​សាលា គឺ​មក​ពី​គ្រូ​ប្រចាំ​ថ្នាក់​ដាក់​ទណ្ឌកម្ម​សម្រាត​សំពត់​អាក្រាត​កាយ​នៅ​មុខ​សិស្ស​ក្នុង​ថ្នាក់ ទើប​លោកយាយ​ទៅ​ប្តឹង​លោកនាយក​សាលា ។

តាម​ចៅស្រី​បាន​ប្រាប់​ថា គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត នេះ បាន​ដាក់​ទណ្ឌកម្ម​ចាប់​សម្រាត​សំពត់​ចំនួន​៣​លើក​មក​ហើយ ។ អ្វី​ដែល​កាន់តែ​ឈឺចាប់​នោះ គឺ​រូប​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោក​មេ​ភូមិ លោក​មេឃុំ រហូត​ដល់​សាលាដំបូង​ខេត្ត​៥​ខែ​មក​ហើយ នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌ ទើប​អស់ជម្រើស​មក​ប្រាប់​អ្នក​សារព័ត៌មាន សុំ​អំពាវនាវ​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដោយ​អនុគ្រោះ​ផង ។

លោកយាយ​បាន​រំលឹក​ថា ពេល​រូប​គាត់​ប្តឹង​នៅ​សាលាឃុំ លោក​មេឃុំ​បាន​សម្រុះសម្រួល​ឱ្យ​ជន​បង្ក​សងជំងឺចិត្ត​ដល់​ចៅស្រី​៣០០​ដុល្លារ​។ ពេល​នោះ​លោកយាយ​ប្រាប់​ថា ចាំ​សួរ​ម្តាយ​ចៅ​សិន ពីព្រោះ​ម្តាយ​ឪពុក​ចៅស្រី​បាន​ផ្ញើ​កូន​ឱ្យ​នៅ​ជាមួយ​គាត់ និង​ទៅ​រកស៊ី​នៅ​ភ្នំពេញ ស្រាប់តែ​លោក អ៊ុ​ង រ៉ា ជំទប់​ឃុំ​សង្កែ និង​ត្រូវជា​សាច់ញាតិ​គ្រូ​នោះ​និយាយ​ថា ៣០០​ដុល្លារ​ច្រើន​ណាស់ កូន​គេ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​គេ​ទារ​មិន​បាន​ប៉ុណ្ណឹង​ផង ចៅ​យាយ​ឯង​ក្មេង​គ្រាន់តែ​សម្រាត​សំពត់​ប៉ុណ្ណឹង​យក​ទៅ ប្រាក់​៣០០​ដុល្លារ​ច្រើន​ណាស់ ។

ដោយសារ​តែ​គេ​មិន​មានការ​យកចិត្តទុកដាក់​បែប​នេះ ទើប​រូប​គាត់​ដក​ពាក្យបណ្តឹង​ពី​សាលាឃុំ មក​ប្តឹង​នៅ​សាលាដំបូង​ខេត្ត គឺ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៨ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ និង​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ជា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​កោះហៅ​ទៅ​សាកសួរ​។ ពេល​នោះ ជន​ត្រូវ​ចោទ ដួង ស៊ី​ណេ​ត បាន​ទ្បើ​ង​ទៅ​សុំ​សម្រុះសម្រួល​ដោយ​ព្រម​សងជំងឺចិត្ត​ចំនួន​២​ពាន់​ដុល្លារ ហើយ​ឱ្យ​លោកយាយ​ដក​ពាក្យបណ្តឹង​ពី​លោក​ព្រះរាជអាជ្ញា ក៏​ប៉ុន្តែ​ឱ្យ​លោកយាយ​ដូរ​បទ​ចោទ​ដាក់​ថា មិន​បាន​សម្រាត​របូត​ដល់​កែងជើង​ទេ គឺ​គ្រាន់តែ​គំរាម​។ ចំពោះ​ករណី​នេះ លោក​ព្រះរាជអាជ្ញា​ប្រាប់​ថា បើ​ប្តូរ​ពាក្យបណ្តឹង​លោកយាយ​ក្លាយជា​ចុង​បណ្តឹង​វិញ​ហើយ ទើប​លោកយាយ​មិន​ព្រម​កែ​ពាក្យបណ្តឹង និង​មិន​បាន​ដក​ពាក្យបណ្តឹង​ទេ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ទ្បើ​យ ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក ពៅ សា​មឿ​ន នាយក​សាលា​បឋម​សិក្សា​ហ៊ុន សែន​វត្ត​ថ្មី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត ពិតជា​បាន​ធ្វើ​ទារុណកម្ម​សិស្ស​ស្រី ដោយ​សម្រាត​សំពត់​សិស្ស​ប្រាកដ​មែន ហើយ​កុមារី​រង​គ្រោះ​ត្រូវ​គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត ដាក់​ទណ្ឌកម្ម​៣​លើក​មក​ហើយ និង​បាន​ដាក់​ទណ្ឌកម្ម​ដល់​សិស្ស​ប្រុស​ៗ​ពីរ​បី​នាក់​មក​ហើយ​ដែរ ។​ប៉ុន្តែ​កន្លង​មក​រូប​លោក​មិន​បានដឹង​ទេ ទើបតែ​លោកយាយ​សិស្ស​ស្រី​រង​គ្រោះ​មក​ប្តឹង ទើប​បែកធ្លាយ​រឿង​ពី​មុន​ៗ​មក ហើយ​លោក​ក៏​បាន​រាយការណ៍​ជូន​មន្ទីរ​អប់រំ យុវជន និង​កី​ទ្បា​ខេត្ត​រួច​ហើយ​ដែរ ។

ចំណែក​មាតាបិតា​សិស្ស​វិញ បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ឱ្យ​បញ្ឈប់​ឬ​ដក​គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត ចេញពី​សាលា​ហ៊ុន សែន វត្ត​ថ្មី ព្រោះ​ពួក​គាត់​មិន​អាច​ទទួលយក​គ្រូ​អ​សីលធម៌​ឱ្យមក​បង្រៀន​កូន​ៗ​ពួក​គាត់​ទៀត​ទ្បើ​យ ។ ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​នេះ មិន​អាច​រក​ការ​បំភ្លឺ​ពី​គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ដោយសារ​ជា​ពេល​វិស្សមកាល ៕

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព