ឆេះ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​កន្លែង នៅ​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ

ក្រុមហ៊ុនទេសចរណ៍មួយកន្លែង ដែលមានយីហោ«ស៊ីធីលីង» ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី២៨ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​ធ្វើ​ពិធីសែនព្រះខែ របស់បណ្ដាជនជាតិចិន-វៀតណាម នៅតាមផ្ទះ។ ការឆាបឆេះ មិន​ទាន់​ទទួល​បាន​ការ​អះអាង ពី​មូលហេតុ​ច្បាស់លាស់នៅឡើយ។ តែអ្នកនៅក្នុង ហេតុការណ៍ខាងលើ បាន​បញ្ជាក់​ពី​មូលហេតុ​ខុស​គ្នា។
ឆេះ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​កន្លែង នៅ​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ
ទិដ្ឋភាពពន្លត់អគ្គិភ័យ ដែលបានឆាបឆេះការិយាល័យក្រុមហ៊ុន រថយន្ដក្រុងមួយ។ (រូបថត monoROOM.info/ H. Vuthy)

អគ្គីភ័យនេះបានឆេះឡើង កាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងផ្ទះលេខ៧E0 ផ្លូវ​២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្តីបុគ្គលិកម្នាក់ ដែលធ្វើការ នៅក្រុមហ៊ុន​ខាង​លើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា អគ្គីភ័យនេះ ឆេះដោយសារភ្លើងធូបទាន ដែលអ្នក​នៅ​ជាន់​ផ្ទាល់​ដីដុត នៅថ្ងៃសែនព្រះខែ។

បុគ្គលិខាងលើ បានរៀបរាប់ពីហេតុការណ៍មុនដំបូងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយ ចេញពី​ជាន់ផ្ទាល់ដី ដែលជាកន្លែងសែន។ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្តាតភ្លើង បានឆាបឆេះចេញ ពី​ក្រុមហ៊ុន​ទាំងមូលតែម្តង។ សាក្សីរូបនេះបន្តទៀតថា មានរបស់របរជាច្រើន រងការខូចខាច ប៉ុន្តែអ្នកធ្វើការ នៅ​ក្នុង​ក្រុមហ៊ុនទាំងអស់ មិនមានគ្រោះនោះទេ។

ដោយឡែក ក្រោយពីការពន្លត់រួចរាល់ ដោយប្រើឡានទឹកអស់០៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍​បាន​នោះ អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ បានបញ្ជាក់ផ្ទុយគ្នានេះថា មូលហេតុបណ្តាលមក ពីឆ្លងចរន្តចរន្ត​អគ្គិសនី នៅក្នុងក្រុមហ៊ុន។ លោកបានអះអាងបែបនេះ ខណៈដែលឧបករណ៍អេឡិចត្រូនិចភាគច្រើន បានផ្ទុះនឹងឆេះ​អស់​មួយចំនួន ដោយសារឆ្លងចរន្តខ្សែរភ្លើង នៅក្នុងក្រុមហ៊ុន។

យ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះ ក្រុមហ៊ុន«City Link» ដែលមានជំនាញ ខាងសេវារថយន្តក្រុង ដឹក​អ្នក​ដំណើរលំដាប់អន្តរជាតិ សាខាផ្សាដេប៉ូទីបីនេះ នៅមិនទាន់ដំណើការ ដូចដើមនៅឡើយ ហើយបច្ចុប្បន្ន កំពុង​ធ្វើការ​ជួសជុល ក្រោយពេលមានបញ្ហាឆាបឆេះ៕