លោក សម រង្ស៊ី និយាយ​ថា គណបក្ស​សង្គ្រោះជាតិ​​​​មិន​​​សម្លាប់​ឧកញ៉ា​ទេ​

លោក សម រង្ស៊ី មេដឹកនាំ​​គណបក្ស​ប្រឆាំង​​បាន​ប្រាប់​​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​​ជាង​១០០​នាក់​​​កាលពី​ថ្ងៃ​សុក្រថា សំណើ​របស់​គណបក្ស​​​នឹង​​ដក​ហូត​យក​មក​វិញ​នូវ​ដី​ដែល​​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​ខុស​ច្បាប់​​ដោយ​​​ក្រុម​អ្នក​មាន​​របស់​ប្រទេស​នេះ​ គេ​មិន​ត្រូវ​យល់​ថា ជា​ការ​ប៉ុន​ប៉ង​មួយ​​​ដើម្បី​ដក​ហូត​ទ្រព្យ​សម្បត្តិ​​​ពី​អ្នក​​ទាំង​ឡាយ​ដែល​​​ទទួល​​​បាន​ដី​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ។

ថ្លែង​សុន្ទរកថា​បើក​នៅ​​ឯ​សន្និសីទ​មួយ​​​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​​អំពី​យុទ្ធសាស្ត្រ​​​​យក​ឈ្នះ​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ឆ្នាំ​២០១៨ លោក​ សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ដែល​ថា គណបក្ស​សង្គ្រោះជាតិ​​​មាន​បំណង​​ចង់​ “​សម្លាប់​” ក្រុម​អ្នក​មាន​របស់​ប្រទេស​នេះ​ គឺ​​គ្មាន​មូលដ្ឋាន​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ចំពោះ​ការ​ចោទ​អំពី​ការ​​រឹប​អូស​យក​ដីធ្លី​​ ​​គេ​ហៅ​វា​ថា​ជា​សង្គ្រាម​វណ្ណៈ​ ពីព្រោះ​​ការ​ចោទ​ប្រកាន់​នោះ​​​​គឺ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​ស្អប់​អ្នក​មាន​ ដូច្នេះ​​​​គណបក្ស​នេះ​នឹង​​កម្ចាត់​អ្នក​មាន​ដោយ​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​​ឲ្យ​អ្នក​ក្រ​ ឬ​សម្លាប់​អ្នក​មាន​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​​កាន់​អំណាច​”។

លោក​​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​យើង​​​មិន​​​មាន​បំណង​សម្លាប់​អ្នក​មាន​​ដូច​ដែល​ពួកគេ​បាន​​អះអាង​​នោះ​ទេ។ គឺ​ខុស​ទាំង​ស្រុង​ហើយ​”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ថា ​គណបក្ស​​សង្គ្រោះ​ជាតិ​​គោរព​​សហគ្រិន​ដែល​​រកស៊ី​មាន​បាន​​តាម​រយៈ​មធ្យោបាយ​​ស្រប​ច្បាប់​ ដោយ​លោក​បាន​លើក​ឡើង​នូវ​ការ​សរសើរ​របស់​លោក​ផ្ទាល់​ចំពោះ​​លោក ប៊ីល​ ហ្គែត ស្ថាបនិក​​ក្រុម​ហ៊ុន​ម៉ៃក្រូសូហ្វ ជា​អ្នក​មាន​​ក្នុង​ចំណោម​អ្នក​មាន​​បំផុត​​លើ​សាកល​​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា ​”​ដូច្នេះ នេះ​ជា​សារ​មួយ​​ទៅ​​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ និង​ជោគ​ជ័យ​ថា យើង​​គោរព​។ យើង​គោរព​អ្នក​មាន ហើយ​យើង​​ឲ្យ​តម្លៃ​​ដល់​​ពួកគេ ពីព្រោះ​យើង​ត្រូវ​ការ​រៀន​សូត្រ​ពី​ពួកគេ​​​អំពី​របៀប​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​”។

លោក រង្ស៊ី ក៏​បាន​ការ​ពារ​​គណបក្ស​របស់​លោក​ចំពោះ​ការ​ព្រមាន​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​​​ដែល​ថា រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាប់​ផ្ដើម​​ធ្វើ​សង្គ្រាម​​​ជាមួយ​វៀតណាម ដោយ​សារ​​ប្រវត្តិ​របស់​ខ្លួន​ចាត់​ទុក​​ប្រទេស​ជិត​ខាង​ខាង​កើត​​របស់​​ប្រទេស​កម្ពុជា​​ជា​សត្រូវ​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​​មាន​ប្រសាសន៍​ថា ​គណបក្ស​នេះ​​នឹង​ប្ដឹង​ទៅ​​តុលាការ​អន្តរជាតិ​ចំពោះ​ការ​អះអាង​របស់​ខ្លួន​ដែល​ថា វៀតណាម​​​បាន​​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា ដោយ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ប្រើ​​យុទ្ធសាស្ត្រ​ដូច​គ្នា​នេះ​​ក្នុង​យុទ្ធនាការ​​​ប្រកប​ដោយ​​ជោគ​ជ័យ​​របស់​ខ្លួន​​​ដើម្បី​ទប់​ស្កាត់​​ការ​ទាមទារ​របស់​ថៃ​​​ចង់​បាន​ប្រាសាទ​​ព្រះវិហារ​នោះ​។

លោក រង្ស៊ី ​បានបន្ត​ទៀត​ថា “​យើង​ចាំបាច់​​​ផ្ដល់​ការ​បក​ស្រាយ​​​ផ្សេង​ថា​​នឹង​មិន​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ ពីព្រោះយើង​គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​ការ​គោរព​​ច្បាប់​​ និង​អនុសញ្ញា​អន្តរជាតិ​​ និង​ការ​​បង្គាប់​របស់​តុលាការ​ នៅ​ពេល​យើង​​ប្ដឹង​ទៅ​តុលាការ​”។

លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​ការ​ការ​ពារ​​ថ្មី​បំផុត​​របស់​​លោក សម រង្ស៊ី ​​ប្រឆាំង​នឹង​ការ​អះអាង​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា ​និង​ធ្វើ​ឲ្យ​មានភាព​តាន​​តឹង​ជាមួយ​ប្រទេស​ជិត​ខាង​​របស់​ខ្លួន​នោះ គឺ​មិន​ស្មោះ​ត្រង់​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​មុន​នោះ គាត់​បាន​និយាយ​អំពី​​ថៅកែ​ចិត្ត​ខ្មៅ​ ​ឧកញ៉ា​ចិត្ត​ខ្មៅ និង​និយោជក​ចិត្ត​ខ្មៅ​ ដូច្នេះ​​គាត់​នឹង​​​រឹប​អូស​យក​​​ដី​ធ្លី​ និង​ទ្រព្យ​សម្បត្តិ​​ឲ្យ​ទៅ​អ្នក​ក្រ​​ប្រសិន​បើ​គាត់​ឈ្នះ​ឆ្នោត​”។

លោក​​បាន​បន្ថែម​ថា ​”​​វា​ជា​​យុទ្ធនាការ​​នយោបាយ​របស់​គាត់ ហើយ​គ្រប់​គ្នា​​​ចាំ​ហើយ​។ និយាយ​ជា​រួម​គណបក្ស​សង្គ្រោះ​ជាតិ​​ ឬ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​​រើស​អើង​វណ្ណៈ​ ហើយ​ទី២​​ពិត​ជា​​​ប្រកាន់​ពូជសាសន៍​​ប្រឆាំង​​​នឹង​ប្រទេស​ជិត​ខាង​​ទាំង​អស់​​ និង​ចាត់ទុក​គេ​ជា​សត្រូវ​”។

​ក្នុង​​ពិធី​សំណេះសំណាល​​ជាមួយ​ក្រុម​អ្នក​គាំទ្រ​​​ខ្មែរ​អិុស្លាម​ក្នុង​ខេត្ត​​កំពង់ឆ្នាំង​កាលពី​ខែ​មុន លោក កឹម សុខា ​អនុប្រធាន​គណបក្ស​ប្រឆាំង​​បាន​បដិសេធ​ថា មិន​មាន​​​ការ​រើស​អើង​ពូជសាសន៍​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ទេ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​នៅ​ពេល​​នោះ​ថា “​នរណា​ដែល​និយាយ​ថា ខ្មែរ​​មាន​ការ​រើស​អើង​ពូជសាសន៍​​​គឺ​ខុស​ហើយ​”។

ក្នុង​បទសម្ភាសន៍​​មួយ​កាលពី​ម្សិលមិញ ​លោក សម រង្ស៊ី បាន​និយាយ​ថា លោក​មិន​​យល់​ស្រប​ថា មិន​មាន​ការ​រើសអើង​ពូជសាសន៍​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ទេ​​ ប៉ុន្តែ​​ការ​អះអាង​​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រកាន់​ពូជសាសន៍​​ជា​រឿង​ធម្មតា ពីព្រោះ​ថ្នាក់​ដឹកនាំ​របស់​​គណបក្ស​នេះ​​​និយាយ​ជាញឹកញាប់​អំពី​​ការ​គំរាម​កំហែង​​ដែល​បង្ក​ឡើង​​ដោយ​វៀតណាម បាន​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​។

លោក​បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា មាន​​ការ​រើស​អើង​​ពូជសាសន៍​​គ្រប់​ទី​កន្លែង​។ មិន​អាច​លុប​បំបាត់​បាន​ទេ”។ លោក​បាន​លើក​ឡើង​ថា ប្រវត្តិ​របស់​ប្រទេស​កម្ពុជា​​បាត់​បង់​ទឹក​ដី​​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​​ បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​កម្ពុជា​​នូវ​មូលហេតុ​​​ត្រឹម​ត្រូវ​​​​គឺ​បារម្ភ​អំពី​​ការ​​​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​​ប្រទេស​ជិត​ខាង​។

លោក សម រង្ស៊ី បាន​និយាយ​សំដៅ​លើ​ពលរដ្ឋ​ថៃ និង​វៀតណាម​​ថា “​យើង​​​​នៅ​​ជាប់​ចន្លោះ​សៀម​ និង​យួន​។ ពួកគេ​​សឹង​តែ​សម្លាប់​យើង​”។

“​ដូច្នេះ មាន​​អនុស្សាវរីយ៍​ជូរចត់​​ ប៉ុន្តែ​វា​មិន​មែន​​ជា​ការ​រើស​អើង​​ពូជសាសន៍​ទេ​។ ​គឺ​ថា អ្នក​មិន​មាន​អារម្មណ៍​​សុវត្ថិភាព​ អ្នក​​មិន​ប្រាកដ​ក្នុង​ខ្លួន​ អ្នក​មាន​អារម្មណ៍​ឈឺចាប់។ តើ​នេះ​​ជា​ការ​រើស​អើង​ពូជសាសន៍​ឬ​? ខ្ញុំ​មិន​គិត​​ដូច្នេះ​ទេ។ វា​ស្មុគ​ស្មាញ​ជាង​នោះ​​ទៅ​ទៀត​”៕ និត (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​​​​​​​​​​​​​​

 

 

The post លោក សម រង្ស៊ី និយាយ​ថា គណបក្ស​សង្គ្រោះជាតិ​​​​មិន​​​សម្លាប់​ឧកញ៉ា​ទេ​ appeared first on ខេមបូឌា ដេលី.