អ្នក​ភូមិ​​ដែល​អស់​កម្លាំង​​​ដោយ​សារ​ជម្លោះ​ដី​​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​សាលា​ខេត្ត​បន្ទាយមានជ័យ

ផ្លូវ​នៅ​មុខ​​សាលា​ខេត្ត​​​បន្ទាយ​មាន​ជ័យ​​ត្រូវ​បាន​បិទ​រយៈ​ពេល​៣ម៉ោង​​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ជាង​២៥០​នាក់​​មក​ពី​​ប្រាំមួយ​ឃុំ​នៅ​ទូទាំង​ខេត្ត​ភាគ​ពាយព្យ​​​នេះ​បាន​មក​ជួប​ជុំគ្នា​​អង្វរ​ករ​​ឲ្យ​​ក្រុម​មន្ត្រី​​​​មូលដ្ឋាន​​ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​​យូរ​មក​ហើយ​របស់​ពួកគាត់​ជាមួយ​​ក្រុម​ហ៊ុន​ឯកជន​​ និង​​អ្នក​រក​ស៊ី​មាន​អំណាច​។

យោង​តាម​អ្នក​ចូល​រួម​បាន​​ឲ្យ​ដឹង​ថា ​​​ដោយ​ខ្លះ​កាន់​រូប​​លោក​នាយក​រដ្ឋមន្ត្រី និង​​រូប​ភរិយា​​របស់​លោក​ អ្នក​តវ៉ា​​​បាន​មក​ជួបជុំគ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​​​អាជ្ញាធរ​ខេត្ត​​​ ក្នុង​ក្រុង​សេរី​សោភ័ណ នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ហើយ​បាន​​​​រំសាយ​ទៅវិញ​មុន​ពេល​ថ្ងៃ​ត្រង់​​​បន្ទាប់ពី​​​​អ្នក​តំណាង​​​​​​​ប្រាំមួយ​ក្រុម​ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​ចូល​​ដើម្បី​លើក​ឡើង​នូវ​ទុក្ខ​កង្វល់​របស់​ខ្លួន​។

លោក សំ ម៉ាប់ ដែល​​គ្រួសារ​របស់​លោក​​​​ជាគ្រួសារ​មួយ​ក្នុង​ចំណោម​១៧០​គ្រួសារ​ នៅ​ស្រុក​ថ្មពួក ដែល​កំពុង​កើត​មាន​ជម្លោះ​ជាមួយ​​ឈ្មួញ​​​ លី សំអាន ​មិន​ចប់​មិន​ហើយ​តាំង​ពី​ឆ្នាំ​២០០៧​មក ​បាន​និយាយ​ថា សហគមន៍​នេះ​​​បាត់​ដី​២៩៣​ហិកតា​ ប្រសិន​បើ​អាជ្ញាធរ​មិន​គាំទ្រ​ពួក​គាត់​។

លោក ម៉ាប់ បាន​និយាយ​ថា “​យើង​ទាម​ទារ​ឲ្យ​​អភិបាល​ខេត្ត​​វាស់​វែង​ដី​​​ឲ្យ​យើង​​ ពីព្រោះ​ក្រុមហ៊ុន​បាន​ដណ្ដើម​យក​​ដីស្រែ​ចម្ការ​របស់​យើង​​”។ លោក​បាន​បន្ថែម​ទៀត​ថា ការ​ប៉ុន​ប៉ង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​ក្រុមហ៊ុន​​ដើម្បី​យក​គ្រឿង​ចក្រ​ចូល​ និង​​​ឈូស​ឆាយ​ដី​​ ត្រូវ​បាន​រារាំង​​ដោយ​អ្នក​ស្រុក​ដែល​មាន​កំហឹង​ខ្លាំង​។

លោក​ យឹម ពិសិដ្ឋ ដែល​កំពុង​តវ៉ា​​តាង​នាម​ឲ្យ​​គ្រួសារ​​ទាហាន​​ចូល​និវត្ត​៣១​នាក់​ ដែល​រស់​នៅ​ស្រុក​អូរជ្រៅ ​កំពុង​​តស៊ូ​ដើម្បី​រក្សា​ទុក​​ដី​៣ទៅ​៥ហិកតា​ដែល​ពួកគាត់​បាន​និង​កំពុង​ធ្វើ​ស្រែចម្ការ​តាំង​ពី​ឆ្នាំ​១៩៩៣​មក ប៉ុន្តែ​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​​​ក្រុមហ៊ុន​ ស៊ូ ចន្ធូ នៅ​ឆ្នាំ​២០០៤។

លោក ពិសិដ្ឋ បាន​និយាយ​ថា “​យើង​​មិន​​ទាម​ទារ​យក​​ដី​នោះ​​លក់​ទេ ប៉ុន្តែ​​​យើង​ត្រូវ​ការ​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​”។

និយាយ​ក្រោយ​ពី​​ជំនួប​ជាមួយ​​តំណាង​សហគមន៍​ លោក អ៊ំ រាត្រី អភិបាល​រង​ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា លោក​​កំពុង​​យក​ចិត្ត​ទុក​ដាក់​​​នឹង​បណ្ដឹង​​របស់​អ្នក​ភូមិ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ទទួល​​បណ្ដឹង​ជាង​១០០​​ទាក់​ទិន​នឹង​​ជម្លោះ​ដី​ធ្លី​ [នៅ​​បន្ទាយ​មាន​ជ័យ] ប៉ុន្តែ​​មិន​មាន​​ន័យ​ថា យើង​​​​​នឹង​មិន​ដោះ​ស្រាយ​នោះ​ទេ”៕ និត​​​​​​​​​

 

 

The post អ្នក​ភូមិ​​ដែល​អស់​កម្លាំង​​​ដោយ​សារ​ជម្លោះ​ដី​​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​សាលា​ខេត្ត​បន្ទាយមានជ័យ appeared first on ខេមបូឌា ដេលី.