មនុស្ស​បី​នាក់​​ស្លាប់​បន្ទាប់ពី​​​រថយន្ត​​ដឹក​ទំនិញ​​បុក​រថយន្ត​ទេសចរណ៍​​នៅ​ខេត្ត​កណ្ដាល​

នគរ​បាល​ក្នុង​មូលដ្ឋាន​​បាន​និយាយ​ថា មនុស្ស​បី​នាក់​​បាន​​ស្លាប់​ និង​ប្រាំ​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ពេល​ដែល​​រថយន្ត​​ដឹក​ទំនិញ​​មួយ​គ្រឿង​​​បាន​បុក​រថយន្ត​​ទេសចរណ៍​​នៅ​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​សុក្រ។

លោក វ៉ែន សុវិន ​ស្នង​ការ​រង​​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​​​​នៅ​ពេល​​រសៀល​ នៅ​ពេល​នោះ​រថយន្ត​​ទេសចរណ៍​​មួយ​គ្រឿង​​​ដឹក​អ្នក​ដំណើរ​ប្រាំបី​នាក់ និង​មាន់​មួយ​ចំនួន​​មក​ពី​ខេត្ត​តាកែវ​ទៅ​ក្រុង​ភ្នំពេញ​​ ត្រូវ​បាន​បុក​ដោយ​​រថយន្ត​ដឹកទំនិញ​ដែល​ធ្វើ​ដំណើរ​​ក្នុង​ទិស​​ផ្ទុយ​គ្នា​។

លោក សុវិន ​បាន​មាន​ប្រសាសន៍​ថា “​នៅ​ម៉ោង​ប្រហែល​​១​រសៀល​ រថយន្ត​​​​​ដឹកទំនិញ​​បាន​បុក​រថយន្ត​​ទេសចរណ៍​​ ហើយ​អ្នក​ដំណើរ​បី​នាក់​​បាន​ស្លាប់​​ភ្លាម​នៅ​ក្នុង​រថយន្ត​តែ​ម្ដង​”។

លោក​បាន​​បន្ថែម​ទៀត​ថា អ្នក​ដំណើរ​ប្រាំនាក់​ផ្សេង​ទៀត​​បាន​រង​របួស​​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ក្នុង​ក្រុង​ភ្នំពេញ។

លោក សុវិន ​បាន​​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​បើក​រថយន្ត​ធុនធំ​​បាន​រត់​គេច​ខ្លួន​​ភ្លាម​ក្រោយ​ពី​​ការ​បុក​នោះ​​ ហើយ​​​នគរ​បាល​កំពុង​​តាម​ស្វែង​រក​​ចាប់​ខ្លួន​គាត់​។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា “​យើង​​សន្និដ្ឋាន​ថា ជន​សង្ស័យ​​ [អ្នក​បើក​រថយន្ត​​ធុនធំ​] ងងុយ​ដេក​ ហើយ​បាន​រេចង្កូត​​ចូល​ផ្លូវ​ម្ខាង​ទៀត និង​បាន​បុក​រថយន្ត​​ទេសចរណ៍​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តុលាការ​​មិន​ទាន់​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​បើក​បរ​នោះ​​ទេ យើង​​នឹង​ស្វែង​រក​​ចាប់​ខ្លួន​គាត់​”៕ និត​​​​​​​​​​

 

 

The post មនុស្ស​បី​នាក់​​ស្លាប់​បន្ទាប់ពី​​​រថយន្ត​​ដឹក​ទំនិញ​​បុក​រថយន្ត​ទេសចរណ៍​​នៅ​ខេត្ត​កណ្ដាល​ appeared first on ខេមបូឌា ដេលី.