លោក​កឹម សុខា​៖ គណបក្សសង្រ្គោះជាតិគ្រោងបង្កើតក្រុមបកស្រាយព័ត៌មានពិត​ – សីហា

រាជធានីភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងសិក្ខាសាលាស្តីពី “ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ” នាថ្ងៃសុក្រទី០២តុលានេះ បានលើកឡើងចំនួនបីចំណុច ក្នុងនោះ មានការបង្កើតក្រុមបកស្រាយព័ត៌មានពិត(ប្រតិកម្មឆ្លើយតប)ដើម្បីឆ្លើយតប​ទៅនឹងការវាយ​ប្រហារណាមួយពីមជ្ឈដ្ឋាន​មួយចំនួន ​ជាពិសេសការលើកឡើង​របស់មន្រ្តីបក្សកាន់អំណាចផងដែរ។

លោក កឹម សុខា បានញ្ជាក់ថា ចំណុចទ១.គឺផ្ដោតលើបំណងសិក្ខាសិលា គឺដើម្បីកសាងសារនយោបាយ យុទ្ធសាស្រ្ដ និងផែនការសកម្មភាព
ចំណុចទី២.លោកបានស្នើ៧ចំណុច ដើម្បីឲ្យអង្គសិក្ខាសាលា លើកមកពិភាក្សារួមមាន៖ ១.ការរក្សា និងពង្រឹងកម្លាំងដែលមានស្រាប់ ២.ការទាក់ទាញ និងការពង្រីកកម្លាំងថ្មីបន្ថែម ៣.ការស្វែងយល់ឲ្យបានច្បាស់អំពីច្បាប់ នីតិវិធី និងយន្ដការនៃការបោះឆ្នោត ៤.ការវាយតម្លៃចំពោះគណបក្សសង្គ្រោះជាតិខ្លួនឯង ៥.ការកំណត់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់គូប្រគួត ៦.ការកំណត់យកប្រធានបទសម្រាប់និយាយ និងធ្វើសកម្មភាពចំពោះមុខ និង៧.ការបង្កើតនូវយន្ដការសម្រាប់អនុវត្ត។ និងចំណុចទី៣. លោក កឹម សុខា បានស្នើឲ្យសិក្ខាសាលា បង្កើតយន្ដការផ្ទៃក្នុងគណបក្សសង្គ្រោះជាតិមាន ៣ចំណុចសំខាន់គឺ៖ ១.ការបង្កើតឲ្យមានក្រុមគិត វិភាគ និងផ្ដល់យោបល់(Think-Tank) ២.ការបង្កើតក្រុមបកស្រាយព័ត៌មានពិត(ប្រតិកម្មឆ្លើយតប) និង៣.ការបង្កើតយន្ដការសម្រាប់តាមដាន និងវាយតម្លៃ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ដ និងសកម្មភាពទាំងអស់នោះ៕សីហា

លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ

លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ