ដើម​ថ្កុ​លមាស​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​ល្បី​ថា​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​

Sanofi

ដើម​ថ្កុ​លមាស​មួយ​ដើម​ប្រវែង ៣២ ម៉ែត្រ មាន​អាយុកាល​ជាង ១ ពាន់​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​រកឃើញ​នៅក្នុង​បឹង​មួយ​កាលពី​ឆ្នាំ ២០០៥ ត្រូវបាន​អាជ្ញាធរខេត្ត​អនុញ្ញាតឱ្យ​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន ស្ថិតក្នុង​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង អ្នកទេសចរ​មួយចំនួន​មានជំនឿថា ដើម​ថ្កុ​លមាស​នេះ​មាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​គោរពបូជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​បុណ្យទាន និង​ថ្ងៃសីល​ម្តងៗ ។

​លោក ឡុង គឹមហុង មេឃុំ​សំរោង​សែន បាន​និយាយ​ពី​ប្រវត្តិ​នៃ​ការយក​ដើម​ថ្កុ​លមាស​មក​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន​ឱ្យ​អ្នកយកព័ត៌មាន​របស់​យើង​បានដឹងថា​មុនពេល​រកឃើញ​ដើម​ថ្កុ​លមាស​នេះ​កូន​របស់គាត់​ឈ្មោះ ហ៊​ម ច​ន្ធី អាយុ ៣៧ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​សំរោង​សែន​បាន​សុបិន​ឃើញ​អ្នកតា​សច្ចំ​ម្នាក់​មក​ប្រាប់​ថាឱ្យ​កូន​គាត់​នាំ​អ្នកស្រុក​ទៅយក​ដងទង់​ដើម​ថ្កុ​លមាស​ស័ក្តិសិទ្ធិ​នេះ​នៅក្នុង​បឹង​ដងទង់ ក្នុងភូមិ​ប៉ប្រក​ចាស់​មក​រក្សាទុក​នៅ​វត្ត​សំរោង​សែន ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​នេះ​នឹងមាន​សេចក្តីសុខ​ហើយ ។ បន្ទាប់មក​កូន​របស់​គាត់​ក៏បាន​នាំ​អ្នកស្រុក​ទៅរក​មើល​តាម​ការ​សុបិន​ហើយក៏​បានឃើញ​ដើម​ថ្កុ​លមាស​នេះ​អណ្តែត​លើ​ភក់​ក្នុង​បឹង​ដងទង់​នោះ​ពិតប្រាកដ​មែន ។

ដើម​ថ្កុ​លមាស​នេះ​មាន​ប្រវែង ៤៥ ម៉ែត្រ និង ទទឹង ៨ តឹក ។ ក្រោយមក​កូន​របស់គាត់​ត្រូវបាន​អ្នក​សច្ចំ​ថែរក្សា​ដើម​ថ្កុ​លមាស​នោះ​ចូល​សណ្ឋិត​ដោយ​ប្រាប់ថា​អ្នកមាន​បុណ្យ​បារមី​ចំនួន ៤ ព្រះអង្គ​បាន​គង់នៅ​ថែរក្សា​ដើម​ថ្កុ​លមាស​នេះ​គឺ​ទី ១ ព្រះ​ចក្រី​សេរី​វង្ស ទី ២ ព្រះ​សេដ្ឋា ទី ៣ ព្រះ​នាង​កិ​ន្ទ​រ និង ៤ (​លោក​មេឃុំ​មិន​ចាំ​ព្រះនាម​) ។ ក្រោយពី​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក និង ខេត្ត​រួចមក​នៅ​ថ្ងៃ ១៥ កើត ខែ​ពិសាខ ក្នុង​ខែឧសភា ឆ្នាំ ២០០៥ ប្រជាពលរដ្ឋ​បាននាំគ្នា​ធ្វើបុណ្យ ៣ យប់ ៣ ថ្ងៃ​ដង្ហែ​យក​ដើម​ថ្កុ​លមាស​នោះ​ពី​បឹង​ដងទង់ ដែលមាន​ចម្ងាយ ៧ គីឡូម៉ែត្រ មក​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន​សម្រាប់​គោរពបូជា​រហូតមក ។

លោក​មេឃុំ​បានឱ្យដឹង​ទៀតថា​ក្នុងពេលដែល​អ្នកស្រុក​នាំគ្នា​ដង្ហែ​ដើម​ថ្កុ​លមាស​នោះ​ភាព​អច្ឆរិយ​ក៏បាន​កើតឡើង​គឺមាន​ស្ត្រី​ម្នាក់​ដួល​បាក់ឆ្អឹង​ស្មងជើង និង អ្នកស្រុក​មួយចំនួនទៀត​បាន​ជាប់ផុង​ដួល​ក្នុង​ភក់​បឹង​ហើយ​នៅពេល​រូប​សណ្ឋិត​សូត្រ​ផ្លុំ​មន្ត​គាថា​ក៏​ស្រាប់តែ​អ្នក​បាក់ជើង​នោះបាន​ជា​វិញ​ភ្លាមៗ ។ ចំណែក​អ្នកស្រុក​ដែល​ជាប់ផុង​ទាំងនោះ ក៏បាន​ស្ទុះ​ក្រោក​ដើរ​លើ​ដើម​ថ្កុ​លមាស​នោះ​ដង្ហែ​មកកាន់​វត្ត​សំរោង​សែន យ៉ាង​ងាយស្រួល​មិនគួរ​ឱ្យ​ជឿ​សោះ ហើយ​ដើម​ថ្កុ​លមាស​នោះបាន​បាក់​មួយ​កំណាត់​នៅសល់តែ​ប្រវែង ៣២ ម៉ែត្រ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ​មាន​លោកយាយ​ម្នាក់​បាន​លួច​យក​បំណែក​ដើម​ថ្កុ​លមាស​នេះ​មួយ​ដុំ​ទៅ​ទុក​ក្នុងផ្ទះ​គោរពបូជា​ក៏បាន​ឈឺ​ចុកពោះ និង ត្រូវគេ​ពន្យល់​ស​ប្តិ​ឱ្យ​យក​បំណែក​ដើម​ថ្កុ​លមាស​នោះមក​ទុក​ក្នុង​វត្ត​វិញ ទើប​លោកយាយ​រូបនោះ​បានជា​សះស្បើយ​វិញ ។

បច្ចុប្បន្ន​ដើម​ថ្កុ​លមាស​នេះ​ត្រូវបាន​គណៈកម្មការ​វត្ត និង ប្រជាពលរដ្ឋ​ធ្វើ​រោង​តម្កល់​ដើម​ថ្កុ​លមាស​នេះ​ទុក​ក្នុង​វត្ត និង រៀងរាល់​ថ្ងៃសីល​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​នេះ​បាននាំគ្នា​មក​គោរពបូជា ក្នុងនោះដែរ​ក៏មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​មក​គោរពបូជា និង បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​បាន​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ​ផងដែរ ។ ​លោក​មេឃុំ​បានឱ្យដឹង​ទៀតថា​បើតាម​លោក​សុក​ធួ​ក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​រៀបរាប់​ពី​ប្រវត្តិ​ដើម​ថ្កុ​លមាស​នេះ​របស់​ឱ្យដឹងថា​ដើម​ថ្កុ​លមាស​នេះ​មាន​អាយុកាល​ជាង ១.១០០ ឆ្នាំ​មកហើយ​ក្នុង​សម័យកាល​បុរេប្រវត្តិ​ទីទួល​វត្ត​សំរោង​សែន​នេះ​កាលពី​សម័យ​នោះ​ជាទី​ទួល​ចត​សំពៅ​របស់​អ្នកជំនួញ និង សំពៅ​របស់​ស្តេច​ជំនាន់​នោះបាន​ដឹក​ថ្ម​ទៅ​កសាង​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប ។

ចំណែក​ដើម​ថ្កុ​លមាស​នេះ​គឺជា​ដងទង់​ដាក់​ភ្លើង​បំភ្លឺ​សម្រាប់​សម្គាល់ថា​ជាទី​ទួល​សំចត​ដែល​កាលណោះ​ទីនោះ​ជា​ផ្ទៃសមុទ្រ ។ ដូច្នេះ​អាយុកាល​នៃ​ដើម​ថ្កុ​លមាស​នេះ​មាន​អាយុកាល​ជាង ១១០០ ឆ្នាំ​មកហើយ​ត្រូវ​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន ។ កន្លងមក​ថ្នាក់លើ​ចង់យក​ដើម​ថ្កុ​លមាស​នេះ​ទៅ​រក្សាទុក​នៅ​សាលា​រចនា​ទីក្រុង​ភ្នំពេញ​ដែរ​តែ​ត្រូវបាន​អ្នក​ស្នង​រូប​ប្រាប់ថា​ក្រៅពី​ទីទួល​វត្ត​សំរោង​សែន និង ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប​គេ​មិនអាច​យក​ដើម​ថ្កុ​លមាស​នេះ​ទៅ​ទុក​ក្រៅពី​កន្លែង​ទាំងពីរ​នេះ​បានឡើយ ។

ចាប់តាំងពី​អ្នកស្រុក​បាន​គោរពបូជា​ដើម​ថ្កុ​លមាស​នោះមក​នៅក្នុង​មូលដ្ឋាន​ឃុំ​សំរោង​សែន​នេះ​តែងតែមាន​សេចក្តីសុខ​សម្បូរ​សប្បាយ​មិន​ដែលមាន​គ្រោះធម្មជាតិ ដូចជា រន្ទះបាញ់​ខ្យល់ព្យុះ ដូច​កាលពីមុន​ទៀតឡើយ ហើយ​ប្រជាពលរដ្ឋ​នៅទីនេះ​ចាត់ទុក​ដើម​ថ្កុ​លមាស​នេះ​ជា​វត្ថុ​មានបុណ្យ​បារមី​មកជួយ​សង្គ្រោះ​ពួកគាត់​ឱ្យបាន​សេចក្តីសុខ​រហូតដល់​ស​ព្វ​ថ្ងៃនេះ ៕​