វិធី​ថែ​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

Sanofi

១)​ប្រេងល្ង​

​ក្រៅពី​គ្រឿងផ្សំ​ក្នុង​ផ្ទះបាយ ប្រេងល្ង​នៅ​អាច​ប្រើ​ជា​ឱសថ​ថែរក្សា​សុខភាព​ទៀតផង​ព្រោះ​វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ពី​ធម្មជាតិ ជួយ​កាត់បន្ថយ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ឱ្យ​ស្បែក​ចាស់​ជាង​វ័យ និង ការពារ​កាំរស្មី​យូ​វី ដែលជា​បុព្វហេតុ​ធ្វើឱ្យ​ស្បែក​បាត់បង់​ភាពយឺត និង ប្រឈម​ជំងឺមហារីក ។ ហេតុនេះ​គួរប្រើ​ប្រេងល្ង​ម៉ាស្សា​ស្បែក​ដើម្បី​ការពារ និង ផ្តល់​សំណើម​ដល់​ស្បែក ព្រោះ​ប្រេងល្ង​មាន​វីតាមីន E ស័ក្តិសម​នឹង​ស្បែក​គ្រប់​ប្រភេទ ។​


២)​ខ្លាញ់ត្រី​

​ការ​លេបថ្នាំ​ចម្រាញ់​ពី​ខ្លាញ់ត្រី​ផ្តល់​ប្រយោជន៍​ក្រាស់ក្រែល​ដល់​ការវិវឌ្ឍ​វ័យ ។ ខ្លាញ់ត្រី​ជួយ​ជំរុញ​មុខងារ​បេះដូង ប្រព័ន្ធ​ស៊ាំ​រាងកាយ ធ្វើឱ្យ​សក់​ឆាប់​វែង និង ស្បែក​មាន​សុខ​ភាពល្អ ។ ក្រៅពីនេះ វា​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​ទឹកនោមផ្អែម​ប្រភេទ ២ ឈឺសន្លាក់ និង ចាស់​វង្វេង​ទៀតផង ។​


៣)​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ​

​ការកាត់បន្ថយ​ស្ករស ឬ អាហារ​ដែល​ប្រើ​ស្ករស ដូចជា នំប៉័ង នំ​ស្រួយ និង ស្ករ​គ្រាប់ នឹង​ពន្យឺត​ការវិវឌ្ឍ​វ័យ ព្រោះ​រាងកាយ​ត្រូវ​ចំណាយ​ថាមពល​ច្រើន​ក្នុងការ​បំបែក​ម៉ូលេគុល​ស្ករ​ដែលជា​កត្តា​ព​ន្លឿ​ន​ដល់​ការវិវឌ្ឍ​វ័យ ។ លើសពីនេះ​សារធាតុ​ស្ករ Fructose ជា​ភ្នាក់ងារ​ជំរុញ​ដល់​ការបង្កើត​ខ្លាញ់​សរីរាង្គ​ខាងក្នុង​ដែលជា​បុព្វហេតុ​នៃ​ជំងឺ​ទឹកនោមផ្អែម និង បេះដូង ។​


៤)​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​

​វីតាមីន C និង វីតាមីន E ជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី និង កាត់បន្ថយ​ការវិវឌ្ឍ​វ័យ ។ ការ​ទទួលទាន​វីតាមីន C ឬ អាហារ​សម្បូរ​វីតាមីន C​ជួយ​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ ជំរុញ​ដល់​ការផលិត​កូ​ឡា​ជេន​ជួយ​ឱ្យ​ស្បែក​រលោង ការពារ​កាំរស្មី​យូ​វី ជួសជុល​កោសិកា​ចាស់ និង ការពារ​ជំងឺ​ស្បែក​នានា ។ ហេតុនេះ​គួរ​ទទួលទាន​បន្លែ និង ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C និង សារធាតុចិញ្ចឹម​នានា​ឱ្យបាន​ច្រើន​ដើម្បី​រក្សា​សម្ផស្ស​ឱ្យ​ក្មេង​ជាង​វ័យ ។​


៥)​ថែរក្សា​រង្វង់​ភ្នែក និង ប្រអប់ដៃ​

​ភាព​ចាស់​ច្រើន​លេចចេញ​ត្រង់​បរិវេណ​រង្វង់​ភ្នែក និង ប្រអប់ដៃ គួរប្រើ​ក្រែ​ម​សម្រាប់​លាប​រង្វង់​ភ្នែក​កុំឱ្យ​ជ្រួញ និង ហើមប៉ោង ។ ចំណែក​ប្រអប់ដៃ​ក៏​គួរ​ថែរក្សា​ឱ្យបាន​ល្អ​ដែរ ដោយ​ប្រើ​ហ្វូ​ម​គ្រើម និង ម៉ាស​ថែរក្សា​ប្រអប់ដៃ ។​


៦)​ទឹក​

​ទឹកជា​ឱសថ​ថែរក្សា​ស្បែក​ដ៏​សំខាន់បំផុត ដោយសារ​វា​អាចធ្វើឱ្យ​ស្បែក​ទន់ និង មាន​សំណើម ។​ទោះបីជា​ការវិវឌ្ឍ​នៃ​វ័យ​បណ្តាលមកពី​ពន្លឺ​ថ្ងៃ អាយុ និង ហ្សែ​ន ក៏ដោយ​ក៏​ទឹក​នៅតែ​សំខាន់​ព្រោះ​ស្រទាប់​ក្រៅ​នឹង​ប្រែជា​គ្រើម បើ​យើង​ផឹកទឹក​មិនបាន​គ្រប់គ្រាន់​ទេនោះ ។ មិន​ត្រឹមតែ​ជួយ​ស្បែក​នោះទេ​ទឹក​មាន​សារសំខាន់​ចំពោះ​រាងកាយ​ទាំងមូល​ដោយ​ជួយ​ឱ្យ​សរីរាង្គ និង ប្រព័ន្ធ​នានា​ដំណើរការ​ស្រួល រក្សា​សីតុណ្ហភាព​បណ្តេញ​ជាតិពុល សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង ជួយ​បញ្ជ្រាប​សារធាតុចិញ្ចឹម​ទៅក្នុង​រាងកាយ ៕