ល្បាក់​កំ​រោ​ញ ភ្នំក្រវាញ តំបន់​ទេសចរណ៍​ដ៏​ប្រណីត

Sanofi

​បើ​ចង់ទៅ​កម្សាន្ត​នៅ​ល្បាក់​កំ​រោ​ញ​ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​នៃ​ទឹកដី​ស្រុក​ភ្នំក្រវាញ​នោះ​ភ្ញៀវទេសចរ​ទាំងឡាយ​អាចធ្វើ​ដំណើរ​បាន​តាម​បណ្តោយ​ផ្លូវ​លេខ ៥៥ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ដែលមាន​ចម្ងាយ​ផ្លូវ ៥៣ គីឡូម៉ែត្រ ស្ថិតនៅ​ប៉ែក​និរតី នៃ​ទី​រួម​ខេត្តពោធិ៍សាត់ ។ ប្រសិនបើ​យើង​ធ្វើដំណើរ​ដោយ​រថយន្ត ត្រូវ​ប្រើ​រយៈពេល​ប្រហែល​មួយ​ម៉ោង បើ​ជិះ​ម៉ូតូ​វិញ​ត្រូវ​ចំណាយពេល​រហូតដល់​ទៅមួយ​ម៉ោង​កន្លះ ។

​រមណីយដ្ឋាន​ល្បាក់​កំ​រោ​ញ​លម្អ​ទៅដោយ​ល្បាក់ទឹក​ហូរ​ធ្លាក់​លើ​ថ្ម​ផុស​ចេញពី​ផ្ទៃ​បាត​ស្ទឹង​នា​រដូវប្រាំង​រីឯ​រដូវវស្សា​ថ្ម​ទាំងនេះ​ត្រូវ​កប់​លិច​បាត់ទៅ​ក្នុង​ទឹក​វិញ ។ ល្បាក់​កំ​រោ​ញ​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​កណ្តាល​ទ្រូងព្រៃ​រង់ចាំ​ភ្ញៀវទេសចរ​ប្រុស​ស្រី​ទៅ​កម្សាន្ត ។ សព្វថ្ងៃ​តំបន់​នេះ​បាន​ក្លាយទៅជា​តំបន់​លម្ហែកាយ​មួយ​ដ៏​ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី។តំបន់​ទេសចរណ៍ល្បាក់​កំ​រោ​ញ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អង្ក្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ល្បាក់​កំ​រោ​ញ​នេះ​កំពុងតែ​បង្អួត​សម្រស់​ដ៏​អស្ចារ្យ​មាន​គង្គា​ថ្លា​ឆ្លុះ​ឃើញ​ដល់​បាត​ស្ទឹង ។

ទឹកស្ទឹង​នេះ​បាន​ហូរ​ធ្លាក់​ជា​ដំណាក់ៗ​ខួបប្រាំងខួបវស្សា​បង្កើត​បានជា​ល្បាក់ទឹក​សម្រាប់​ភ្ញៀវទេសចរ​ងូត​កម្សាន្ត និង មាន​ផ្ទាំង​ថ្ម​តូចធំ​នៅ​រាយប៉ាយ​តាម​មាត់​ស្ទឹង​ដូច​គេ​លើក​តម្រៀប​ដែលមាន​ទឹក​ហូរ​បត់បែន​ចាំង​ឆ្លុះ​នឹង​ពន្លឺ​ព្រះ​ទិនករ កំដរ​ដោយ​សូរសៀង​សត្វ​បក្សាបក្សី និង សំឡេង​រៃ​នៅលើ​ចុង​ព្រៃព្រឹក្សា​ដែល​ដុះ​ប្រជ្រៀត​គ្នា​ទោរទន់​ទៅរក​ផ្ទៃ​ទឹក​ដោយ​បង្កើតបានជា​ឆត្រ​ធម្មជាតិ​ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ​ធ្វើឱ្យ​អារម្មណ៍​ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​កន្លែង​នោះ​សប្បាយរីករាយ​បើ​បាន​ទៅ​ម្តង​ហើយ​តែងតែ​ចង់ទៅ​ម្តងទៀត ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ភ្នំក្រវាញ​បាន​និយាយថា​នៅ​តំបន់​ទេសចរណ៍​ល្បាក់​កំ​រោ​ញ​នេះ​កាលពី​ដើមឡើយ​មាន​ផ្ទាំង​ថ្ម​មួយ​ធំ​ប្រៀបបាន​ដូចជា​ជញ្ជាំង​ដែល​រាំង​កាត់ទឹក​ស្ទឹង បង្កើតបាន​ទៅជា​ល្បាក់ទឹក​ហូរ​ធ្លាក់​យ៉ាងខ្លាំង​បណ្តាលឱ្យ​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​សូម្បីតែ​ហ្វូង​មច្ឆជាតិ​គ្រប់​ប្រភេទ​ក៏​កម្រ​នឹង​ហែល​ឆ្លង​ផុតពី​ល្បាក់ទឹក​នេះ​ណាស់ ។ ​កាលពីដើម​អ្នកស្រុក​អ្នកភូមិ​នៅទីនេះ​នាំគ្នា​ហៅថា «​ល្បាក់​កម្រ​ទៅរួច​» គឺ​គ្រប់​អ្នកដំណើរ​កម្រ​នឹង​ឆ្លង​ផុត​ល្បាក់ទឹក​នេះ​ណាស់ ។ ដោយសារតែ​យ៉ាងនេះ​ហើយ ទើប​គេ​យក​កន្លែង​នេះ​ធ្វើជា​ចំណត​រង់ចាំ​អ្នក​ឡើង​ពីក្រោម និង អ្នក​ចុះ​ពីលើ​ដើម្បី​លក់​អីវ៉ាន់ ឬ ដោះដូរ​អីវ៉ាន់​គ្នា​ទៅវិញទៅមក ។

កន្លែង​នេះ​គឺជា​កំពង់​មួយ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​កំណត់​ជា​កន្លែង​ណាត់ជួប​គ្នា​ដើម្បី​លក់ដូរ​អីវ៉ាន់ ។​​ក្នុងសម័យ​កាលនោះ​នៅ​ល្បាក់​កំ​រោ​ញ​នេះ​សម្បូរ​មច្ឆា​ណាស់​អ្នកស្រុក​នៅ​ម្តុំ​នេះ​តែង​ទៅ​ចាប់​ត្រី​ដើម្បី​យកមក​ធ្វើជា ប្រហុក ផ្អក ងៀត ឆ្អើរ​សម្រាប់​លក់ដូរ​នៅទីនេះ​ផង និង ទុក​សម្រាប់​ហូបចុក​ក្នុង​រដូវវស្សា​ផង ។ ក្រៅពី​មុខរបរ​ចាប់​ត្រី​អ្នកខ្លះ​បាន​ប្រកបរ​បរកាប់​ឈើ​បោចវល្លិ​បេះ​ជ័រ​ដង​ជ័រ​បរបាញ់​សត្វ​ទៅតាម​លក្ខណៈ​បែប​បុរាណ ។ ពាក្យ​ថា «​ល្បាក់​កម្រ​ទៅរួច នេះ​ក្រោយមក​ក៏​ក្លាយជា​ល្បាក់​កំ​រោ​ញ​រហូតមកដល់​សព្វថ្ងៃ​នេះ ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​រកឃើញ​តំបន់​នេះ​មន្ទីរ​ទេសចរណ៍​ខេត្ត និង អាជ្ញាធរ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ក៏បាន​ផ្តួច​ផ្តើមកសាង​ជា​រមណីយដ្ឋាន​នេះ​ឡើង​កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០០២ ដោយ​មន្ទីរ​ទេសចរណ៍ និង អាជ្ញាធរ​ដែនដី​និង​បានដាក់​ឈ្មោះថា «​រមណីយដ្ឋាន​ល្បាក់​កំ​រោ​ញ​» ។​

​លោក​សំ​ឃីម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា​បន្ទាប់ពី​ប្តូរ​មុខមាត់​ថ្មី​សព្វថ្ងៃនេះ​ល្បាក់​កំ​រោ​ញ បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ល្បី​នៅលើ​ទឹកដី​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ផងដែរ ។ តំបន់​ទេសចរណ៍​នេះ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចាប់អារម្មណ៍ និង ចូលមក​ទស្សនា​ទេសភាព​ក៏ដូចជា​ងូតទឹក​ជ្រោះ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ៕​នឿន​