ប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​៖ ភាគី​សហជីព​កម្មករ បញ្ចុះ​ការទាមទារ​ឡើង​ប្រាក់ខែ​ពី ១៦៨ ដុល្លារ មក​ត្រឹម ១៦៣,៥ ដុល្លារ​

ភ្នំពេញ: ​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី រវាង​ភាគី​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ គឺ​ភាគី​សហជីព​កម្មករ បាន​ព្រមព្រៀងគ្នា បញ្ចុះ​ការទាមទារ ឡើង​ប្រាក់ខែ​កម្ម​ករពី ១៦៨ ដុល្លារ មក​នៅត្រឹម ១៦៣,៥ ដុល្លារ​។   

​លោក ប៉ាវ ស៊ីណា ដែលជា​តំណាង​សហជីព​កម្មករ​មួយរូប ក្នុងចំណោម​ភាគី​សហជីព​កម្មករ ១៤​រូប នៅក្នុង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​បញ្ជាក់ថា “​ទី​១ លេខ ១៦៨ ជា​លេខ​ដែល​យើង​ដាក់​ទៅ​ចរចា វា​មិនមែនជា​លេខ ដែល​យើង​កំណត់ថា និយោជក ត្រូវ​ឲ្យ ១៦៨ ដុល្លារ​នោះទេ​។ ដូច្នេះ​បើសិនជា​និយោជក គាត់​ឡើង​ឲ្យ​យើង​បន្តិច យើង​ក៏ត្រូវ​ចុះ​បន្តិច​ដែរ​។ ភាគី​និយោជក ឡើង​ពី ១២៨ ដុល្លារ ទៅ ១៣២,៤៨ ដុល្លារ ( ១៣៣  ដុល្លារ )​។ ដូច្នេះ​យើង​ចុះ​ដូចគ្នា គឺ​ចុះ​ពី ១៦៨ ដុល្លារ មក ១៦៣,៥ ដុល្លារ​។ បើ​គាត់​ឡើង​ឲ្យ​យើង​បន្តិចទៀត យើង​ក៏​នឹង​ចុះ​ឲ្យ​គាត់​បន្តិចទៀត​ដែរ ដើម្បី​រក​តួលេខ​រួម សម្រាប់​រុញ​ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ សម្រេច​”​។​

​លោក ប៉ាវ ស៊ីណា ក៏​សង្ឃឹមថា និយោជក នឹង​បន្ត​ការពិចារណា ឲ្យ​បាន​ល្អិតល្អន់ ហើយ​គ្រប់ភាគី​ទាំងអស់ ត្រូវតែ​បង្ហាញ​ឆន្ទៈ​ស្មោះត្រង់​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ នាពេលនេះ ដោយ​មិនមាន​ការដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ទេ​។

​យ៉ាងណាក៏ដោយ លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២​តុលា គឺ​ភាគី​និយោជក​ថៅកែ​រោងចក្រ នៅ​រក្សា​ជំហរ​ដដែល គឺ​ព្រមព្រៀង​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ តែ ៥ ដុល្លារ​ប៉ុណ្ណោះ លើ​ប្រាក់ខែ​សព្វថ្ងៃ ១២៨ ដុល្លារ ពោលគឺ​ថៅកែ​រោងចក្រ​កាត់ដេរ ព្រម​ឡើង​ប្រាក់ខែ​កម្មករ ត្រឹមតែ​ចំនួន ១៣៣ ដុល្លារ​ប៉ុណ្ណោះ​។ រីឯ​ភាគី​រដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​ការងារ បានដាក់​តួលេខ​ដល់​និយោជក ឲ្យ​ឡើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៦ ចំនួន ៥,៧ % ថែម​លើ​ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន ១២៨ ដុល្លារ ពោលគឺ​ស្មើនឹង ១៣៥ ដុល្លារ​។  

​ជាការ​កត់សម្គាល់ ដំបូង​ឡើយ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី ដែល​បានចាប់ផ្តើម​ប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ គ្រោង​នឹង​បញ្ចប់​កិច្ចប្រជុំ នៅ​ថ្ងៃទី​៥ ខែតុលា ហើយ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ដឹកនាំ​ដោយ​លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ប្រជុំ​សម្រេច​លើ​តួលេខ នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ នៅ​ឆ្នាំ​២០១៦ នា​ថ្ងៃទី​៥​តុលា​។

​ក៏ប៉ុន្តែ​ដោយសារតែ​រហូតដល់​ថ្ងៃ​សុក្រ ទី​២ ខែតុលា ឆ្នាំ​២០១៥ ក្រុមការងារ​បច្ចេក​ទេស​​ត្រីភាគី មិនទាន់​ស្វែងរក​តួលេខ​ប្រហាក់ប្រហែល​រួម​បាន ដូច្នេះ​ក្រុមការងារ​បច្ចេកទេស នឹង​បន្ត​កិច្ចប្រជុំ នៅថ្ងៃចន្ទ ទី៥តុលា ហើយប្រជុំបន្ត​ដោយ​គ្មាន​កំណត់ រហូតដល់​ស្វែងរក​តួលេខ​ប្រហាក់ប្រហែល​មួយ​។ រីឯ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​អាច​ធ្វើឡើង នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៕​

ប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​៖ ភាគី​សហជីព​កម្មករ បញ្ចុះ​ការទាមទារ​ឡើង​ប្រាក់ខែ​ពី ១៦៨ ដុល្លារ មក​ត្រឹម ១៦៣,៥ ដុល្លារ​
ក្រុមការងារបច្ចេកទេសត្រីភាគី ជួបប្រជុំនិយាយពីការឡើងប្រាក់ខែកម្មករកាត់ដេរ
( រូបភាព៖ ហ្វេសប៊ុករបស់លោក ហេង សួរ )