លោក កែវ រ៉េមី ៖ លោកកឹម សុខា មិនទាន់ស្គាល់កម្លំាង ពិត របស់ CPP នៅឡើយនោះទេ

ភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើង របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង នៅក្នុងសន្និសីទ្ធ កាសែតថា ចំណុចខ្សោយរបស់ គណបក្សប្រជាជនកម្ពុជា ពេលនេះនៅមានច្រើនណាស់ ប៉ុន្តែចំណុចខ្លាំង របស់គណបក្សនេះស្ទើរតែអស់ទៅហើយ, ដោយពាក់ព័ន្ធនឹងការលើក ឡើងបែបនេះ ត្រូវបានលោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី នៅរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ចេញមុខអះអាងថា «លោក កឹម សុខា ភ័ន្តច្រឡំធំណាស់ គាត់នៅតែមិនទាន់ស្គាល់កម្លាំងពិត របស់គណបក្សប្រជាជននៅឡើយទេ»។

លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា ចំពោះចំណុចអវិជ្ជមានខ្លះ ដែលបានបង្កឡើងដោយបុគ្គលមួយចំនួនតូច មិនឆ្លុះបញ្ចាំងឱយគោលនយោបាយ ឬសេចក្តីណែនាំ របស់គណបក្សប្រជាជននោះទេ។ នៅទីណាក៏ដោយ, នៅគ្រប់គណបក្សនយោបាយ តែងតែមានសមាជិកដែលមិនល្អ នៅលាយឡំជាដរាប ក៏ប៉ុន្តែចំនុចពិសេស របស់គណបក្សប្រជាជន ដែលលើកឡើងឆ្លើយតបនៅពេលនេះគឺ៖

១. សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំម៉ឺងម៉ាត់ និងស្គាល់ប្រភេទមនុស្សល្អឬអាក្រក់ច្បាស់លាស់ណាស់។

២. ជាមេដឹកនាំមានគុណធម៍ស្គាល់គុណស្គាល់ទោសដែលមនុស្សដ៏ទៃមិនមានលក្ខណ:នេះ។

៣. ជាមេដឹកនាំមានលក្ខណ:សាមញ្ញ, ចេះលេងសើច, ស្គាល់សុខទុក្ខ និងការរស់នៅរបស់មនុស្ស។

៤. ជាមេដឹកនាំមហាឧស្សាហ៍ព្យាយាមមានការទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់, មិនគិតពីពេលវេលា ឆ្លើយតបជាមួយមន្ត្រីរបស់ខ្លួនដោយរហ័សលឿនជាទីបំផុត។

៥. ជាមេដឹកនាំមានសមានចិត្តល្អ, ចិត្តទូលាយ គ្មានគំនុំ។

៦. ជាមេដឹកនាំមានភាពឈ្លាសវៃ មានទេពកោសល្យបង្កើនសមត្ថភាពឥតឈប់ឈរ, រៀនមួយបំបែកបានជាបីទៅបួន ។

៧. ជាមេដឹកនាំខិតខំកសាងស្នាដៃនូវសមិទ្ធផលដើម្បីបន្សល់ទុកឱយកូនចៅជំនាន់ក្រោយ ។ល។ និង ។ល។

៨. មន្ត្រីនៅជុំវិញសុទ្ធសឹងជាមនុស្សឈ្លាសវៃនិងបិុនប្រសព្វ ក្នុងការងារ។

៩. មានការសាមគ្គីគ្នាល្អ, មានវិន័យ ចាប់តាំងពីលើដល់ក្រោម ។

នៅមានចំនុចខ្លាំងជាច្រើនទៀត ដែលគណបក្សប្រជាជនមិនអាចអត្ថធិប្បាយបាន, យើងរក្សាទុកសម្រាប់ នៅពេល ឃោសនាបោះឆ្នោតខាងមុខ ៕

លោក កែវ រ៉េមី ៖ លោកកឹម សុខា មិនទាន់ស្គាល់កម្លំាង ពិត របស់ CPP នៅឡើយនោះទេ