របៀបធ្វើបបរពោតផ្អែមឆ្ងាញ់ពិសា

ជាមួយ​ការ​ធ្វើងាយៗ​តែប៉ុណ្ណោះ ​មិត្ដអ្នក​អាន​នឹង​មាន​បង្អែម​មួយ​មុខផ្អែម ​ឆ្ងាញ់​សម្រាប់​ស្វាគមន៍​រដូវ​ក្ដៅភ្លាម​។ អញ្ចឹង​ខាង​ក្រោម​នេះ​ Coolfm1007 សូម​ណែ​នាំ​មិត្ដ​អ្នក​អាន​ពីរបៀប​ធ្វើ​បង្អែម​បបរ​ពោតដ៏​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ពិសា ​សម្រាប់​ទទួល​ទាន​លក្ខណៈ​គ្រួសារ៖​
របៀបធ្វើបបរពោតផ្អែមឆ្ងាញ់ពិសា
ក-គ្រឿង​ផ្សំ​ពោតខ្ចី​ ២-៣ផ្លែ​ ម្សៅមី​មួយ​កូនចាន​ ស្ករ ​០,៥ខាំ ខ្ទិះ​ដូង​១០០ម.ល អំបិល​កន្លះ​ស្លាប​ព្រា​ ម្សៅ​ពោត​មួយ​ស្លាបព្រា។​
ខ-របៀប​ធ្វើ​ពោត​ឈូស​យក​តែសាច់។​ ដាក់ឆ្នាំង​ដាំទឹក​ជា២ចាន ​ដាក់​សាច់​ពោត​និងស្នូល​ពោត​ចូល​ស្ងោរ​ជាមួយគ្នា ​រហូត​ដល់​គ្រាប់​ពោត​ឆ្អិន​ល្អ​ស្រង់​ស្នូល​ពោត​ចោល។​ ដាក់ស្ករ​ចូលឆ្នាំង​ពោត ​បើក​ភ្លើង​តូច ​ដើម្បី​ឱ្យ​ស្ករ​ជ្រាបសព្វ​សាច់​ពោត។​ កូរ​ម្សៅមី​ឱ្យ​រលាយ​សព្វក្នុង​ទឹកជាមួយ​កែវ ​ដួស​សន្សឹមៗ ​ទឹកម្សៅ​ដាក់ចូល​ឆ្នាំង​បង្អែម​ដែល​កំពុង​រម្ងាស់​លើចង្ក្រាន​ ហើយ​កូរ​តិចៗ​រហូត​ម្សៅមី​ឡើងថ្លា​ ពន្លត់​ភ្លើង​ទុក​មួយ​អន្លើ​។ យក​ឆ្នាំង​មួយ​ទៀត​ដាក់ខ្ទិះ​ដូង​ ម្សៅ​ពោត​និង​អំបិល​ចូល​គ្នា​ដាំលើ​ចង្រ្កាន​ បើក​ភ្លើង​តូច​និងកូរ​បណ្ដើរៗ​រហូត​ខ្ទិះដូង​ដាច់​ទឹកអស់។​
ពេល​បរិភោគ ​ដួស​បង្អែម​ដាក់​ចាន​ហើយ​ស្រូប​ខ្ទិះដូង​ពីលើ​បន្ដិច​ហូប​បាន​ទាំងក្ដៅ​ទាំង​ត្រជាក់ ​ឆ្ងាញ់​ពិសា​ដូចគ្នា៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​