ប្រធានអង្គការ ច្បាប់កម្ពុជា ប្រកាសគាំទ្រច្បាប់ អង្គការនិងសមាគម

ភ្នំពេញ ៖ ប្រធានអង្គការច្បាប់កម្ពុជា លោកបណ្ឌិត ទួត លុច ប្រកាសគាំទ្រច្បាប់អង្គការនិងសមាគម ដែលរដ្ឋសភា ទើបអនុម័តឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ។

ច្បាប់អង្គការនិងសមាគម ត្រូវបានអង្គការសង្គមស៊ីវិល និង យុវជនមួយចំនួនមាននិន្នាការគាំទ្របក្សប្រឆាំង ប្រកាសមិនគាំទ្រ ដោយអះអាងថា នឹងធ្វើឱ្យសិទ្ធិសេរីភាពនៃការបញ្ចេញមតិធ្លាក់ចុះ ។

លោកបណ្ឌិត ទួត លុច ថ្លែងថា ច្បាប់អង្គការនិងសមាគម បានចូលជាធរមានហើយ ។ ដូច្នេះសាធារណជន ត្រូវគោរពតាម ។ តាងនាមអង្គការច្បាប់កម្ពុជា លោកសូមគាំទ្រច្បាប់នេះ ។

ប្រសាសន៍របស់លោកបណ្ឌិត ទួត លុច ប្រធានអង្គការច្បាប់កម្ពុជា នាពេលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងកម្មវិធីប្រគល់ជ័យលាភីជូនអ្នកនិពន្ធឆ្នើមក្នុងការប្រកួតរឿងប្រលោមលោកខ្នាតខ្លី នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

ក្នុងពិធីនេះ មានវត្តមានលោកបណ្ឌិត ទួត លុច ប្រធានអង្គការច្បាប់កម្ពុជា លោក ចាន់ និមល អនុប្រធានអង្គការច្បាប់កម្ពុជា លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោក ថៃ នរសត្យា ប្រធានគណៈកម្មការវាយតម្លៃ និង ជារដ្ឋលេខាធិការក្រសូងវប្បធម៌និងវិចិត្រសិល្បៈ ។

បេក្ខជន៣រូបក្នុងចំណោម៩រូបបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងផលិតរឿងប្រលោមលោកខ្នាតខ្លី ពាក់ព័ន្ធច្បាប់ ក្នុងន័យអប់រំផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ។ យុវជនឈ្មោះ ស្វាយ លីម៉េង បានទទួលជីយលាភីលេខ១ ក្នុងការផលិតរឿងប្រលោមលោកខ្នាតខ្លី មានចំណងជើងថា " វិប្បដិសារី " ៕

ប្រធានអង្គការ ច្បាប់កម្ពុជា ប្រកាសគាំទ្រច្បាប់ អង្គការនិងសមាគម