តូចចិត្ត​ប្រពន្ធ​រត់​ចោល យក​រូបថត​កូន​សំណព្វចិត្ត ពាក់​ករួច​ចង​.​ក​ធ្វើ​អត្តឃាត

តូចចិត្ត​ប្រពន្ធ​រត់​ចោល យក​រូបថត​កូន​សំណព្វចិត្ត ពាក់​ករួច​ចង​.​ក​ធ្វើ​អត្តឃាត

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ទឹកត្រី​ម្នាក់ មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ហើយ​ត្រូវ​ប្រពន្ធ​រត់​ចោល​ទៅ​នៅផ្ទះ​ប្អូន​រយៈពេល​២​ថ្ងៃ ។ ដោយ​តូចចិត្ត​ពេក បុរស​នេះ​បាន​យក​រូបថត​កូនប្រុស​ចងខ្សែ​ពាក់​ជាប់​ក បន្ទាប់​មក​ធ្វើ​អត្តឃាត​ដោយចង​.​ក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង និង​ត្រូវ​បាន​ម៉ូយ​បោះ​ដុំ​ទឹកត្រី​ទៅ​ទារ​លុយ​ប្រទះ​ឃើញ ស្រែក​ប្រាប់​អ្នក​ជិតខាង ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​ទាំង​ព្រឹក ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ បន្ទាប់​ពី​ដឹង​ថា​ប្ដី​ចងក​សម្លាប់​ខ្លួន ក៏​យំ​ស្រែក​ននៀល​ដី ព្រោះ​មិន​នឹក​ស្មានថា ប្ដី​ហ៊ាន​ធ្វើ​បែប​នេះ​សោះ ។

ការ​ប្រទះ​ឃើញ​ចង​.​ក​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ តុលា នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​C២៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​រូប​នេះ​ឈ្មោះ ឃិ​ត ចាន់​ដា​រ៉ា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រម៉​លើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ប្រពន្ធ​ឈ្មោះ វ៉ែន តេន អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ម្នាក់ និង​មានស្រុក​កំណើត​នៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ឱ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​២​ថ្ងៃ នាង​និង​ប្ដី​មាន​ទំនាស់​គ្នា​បន្តិចបន្តួច ដោយសារ​តែ​ពេល​នោះ​នាង​ពិបាកចិត្ត​ពី​រឿង​ប្ដី​រកស៊ី​យូរ​ៗ​ទៅ​ជំពាក់​លុយ​ថ្លៃ​ទឹកត្រី​ម៉ូយ​បោះ​ដុំ​ដល់​ទៅ​១​លាន​២​សែន​រៀល មិនតែប៉ុណ្ណោះ ប្ដី​តែងតែ​យក​លុយ​ប៉ាវ​មិត្តភក្តិ​ផឹកស៊ី​ញឹកញាប់​ថែម​ទៀត​ផង ។ ពេល​នោះ​នាង​បាន​ប្រាប់​ប្ដី​កុំ​ឲ្យ​ផឹកស៊ី​ច្រើន​ពេក ប៉ុន្តែ​ប្ដី​មិន​ព្រម​ស្ដាប់​ទេ​ទើប​មាន​ទំនាស់​គ្នា ហើយ​នាង​បាន​ប្រាប់​ប្ដី​ទៀត​ថា បើ​នៅ​តែ​បែប​ហ្នឹង​ទៀត​នាង​មិន​នៅ​ជាមួយ​ទៀត​ទេ ។

ក្រោយ​ពេល​ឮ​នាង​និយាយ​បែប​នេះ ប្ដី​បាន​ដេញ​នាង​ចេញពីផ្ទះ​របៀប​ចាក់បណ្ដោយ​ខុ​ស​អំពី​ចិត្ត ហើយ​នាង​ក៏​បាន​ចាកចេញ​មែន ប៉ុន្តែ​មិន​បាន​ទៅ​ស្រុក​កំណើត​ឡើយ គឺ​ទៅ​ស្នាក់​នៅ​ជាមួយ​ប្អូន​ក្នុងផ្ទះ​ជួល​ជិត​នោះ​ដែរ ។ នៅ​យប់​ថ្ងៃ​ទី​១ តុលា នាង​បាន​ប្រើ​ប្អូន​ឲ្យ​ទៅ​មើល​ប្ដី​ដែរ ប៉ុន្តែ​ទោះ​ស្រែកហៅ​យ៉ាងណា​ក៏​ប្ដី​មិន​បើកទ្វារ​ឱ្យ ខណៈនោះ​ប្អូន​របស់​នាង​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ដឹង​ថា​ប្ដី​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

ដោយឡែក បុរស​ម្នាក់​ដែល​ជា​ម៉ូយ​បោះ​ដុំ​ទឹកត្រី​និយាយ​ថា បុរស​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ គឺជា​អ្នក​ទទួល​ទិញ​ទឹកត្រី​ពី​ខ្លួន​ទៅ​ដើរ​លក់​តាម​ភូមិ​បន្ត​ទៀត ហើយ​ទៅ​ទិញ​រាល់ថ្ងៃ និង​បាន​ជំពាក់​ប្រាក់​ខ្លួន​ចំនួន​១២០.០០០​រៀល (​មួយ​លាន​ពីរ​សែន​រៀល​) ដោយ​សន្យា​ថា​សង​នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលា ទៀត​ផង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២​តុលា បាត់​មិនឃើញ​ទៅ​យក​ទឹកត្រី និង​មិន​បាន​យក​លុយ​ទៅ​សង ទើប​ខ្លួន​ទូរស័ព្ទ​សួរ​រក  តែ​ហៅ​ចូល​ហើយ​មិន​មាន​អ្នក​លើក​ឡើយ ។ ដោយ​មានការ​ងឿងឆ្ងល់ ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ដល់​បន្ទប់​ផ្ទះ​ជួល​ដែល​បុរស​នោះ​ស្នាក់​នៅ  លុះ​ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត និង​ជាប់​គន្លឹះ​ពី​ខាងក្នុង​ថែម​ទៀត ខ្លួន​ក៏​ស្រែកហៅ ប៉ុន្តែ​មិន​ឮ​ឆ្លើយ​សោះ ទើប​ខ្ចី​កៅអី​អ្នក​ជិតខាង​ឡើង​អើត​មើល ស្រាប់តែ​ឃើញ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​នេះ​បាន​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ ចង​.​ក​ជាប់​ជាមួយ​ដំបូល​បន្ទប់​ផ្ទះ​ជួល ។ នៅ​មុន​ពេល​ចង​.​ក បាន​យក​រូបថត​កូនប្រុស​១​សន្លឹក ចងខ្សែ​ពាក់​ជាប់​ក​ដែល​បញ្ជាក់​ថា​រូបគេ​ស្រឡាញ់​កូន​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​ខឹង​ប្រពន្ធ​រត់​ចោល ទើប​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ។ ក្រោយ​ពេល​ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នេះ​ជា​ការ​គិត​ខ្លី​ហើយ​គិត​ងាយ​ណាស់ បើ​ស្រឡាញ់​ស្ទើរ​លេប​ទៅ​ហើយ ហេតុ​អ្វី​មិន​រក្សា​ជីវិត​របស់​ខ្លួន​ដើម្បី​អនាគត​កូន ? 

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព