សាកលវិទ្យាល័យ​ឯកជន​ដំបូង​គេ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​បើក​សាលា​វេជ្ជសាស្រ្ត

សាកលវិទ្យាល័យ​ឯកជន​ដំបូង​គេ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​បើក​សាលា​វេជ្ជសាស្រ្ត

កាលពី​ថ្ងៃ៥ ខែតុលា ឆ្នាំ២០១១ និសិ្សត​កូរ៉េ​ខាង​ជើង​នៅសាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព្យុងយ៉ាង​ (PUST) អង្គុយ​ស្តាប់​ក្នុង​សិក្ខាសិលា​មួយ។ បន្ទាប់​ពី​ពន្យារពេល​អស់​រយៈពេល​ជិត​១ឆ្នាំ សាកលវិទ្យាល័យ​ឯកជន​ដំបូង​គេ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​បាន​បើក​បង្រៀន​ផ្នែក​វេជ្ជសាស្រ្ត ហើយ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​ចំនួន២។ វ៉ាស៊ីនតោន—

សាកលវិទ្យាធិការ​របស់​សាកលវិទ្យាល័យ​ឯកជន​ដំបូង​គេ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ VOA នៅ​ក្នុង​សបា្តហ៍​នេះ​ថា សាកលវិទ្យាល័យ​របស់​លោក​បាន​បើក​បង្រៀន​មុខវិជ្ជា​វេជ្ជសាស្រ្ត។

សាកលវិទ្យាល័យវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព្យុងយ៉ាង​ (PUST) បាន​បើក​បង្រៀន​មុខវិជ្ជា​វេជ្ជសាស្រ្ត​នៅ​ដើម​ខែ​នេះ ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​ប្រកាស​ការគ្រោង​ទុក​របស់​ខ្លួន។​ ការ​ពន្យារ​ពេល​នេះ​គឺ​ដោយសារ​ការ​ចាប់​ផ្តើម​សាង់សង់​អគារ​មាន​ភាព​យឺតយ៉ាវ​ នៅ​ពេល​សាកលវិទ្យាល័យ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការស្វែងរក​សម្ភារៈ​ឲ្យ​បាន​គ្រប់​ទាំង​អស់។

នៅ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​ VOA លោក​វេជ្ជបណ្ឌិត ​Kim Chin-Kyung​ ដែល​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ថា វា​មាន​ការ​លំបាក​ជា​ច្រើន។

លោក​បាន​និយាយ​ថា​ ៖ «តែ​ទោះ​បី​ជា​យ៉ាង​ណា​ ​យើង​បាន​បើក​មហាវិទ្យាល័យ​ទន្តសាស្រ្ត (ពេទ្យ​ធ្មេញ) និង​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​ក្នុង​ត្រីមាស​នេះ»។

សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ និង​ដំណើរការ​ដោយ​មូលនិធិ​ពី​បរទេស។ វា​ជា​គម្រោងរួម​គ្នា​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ជំនួយ​ពី​ប្រទេស​ផ្សេង​ទៀត​ដូចជា​ ចិន និង​សហរដ្ឋ​អាមេរិក ដែល​ជា​ផ្នែក​នៃ​ចលនា​របស់​សាសនា​គ្រិស្ត ​មាន​ឈ្មោះ​ថា Evangelical Christian។

សាកលវិទ្យាល័យ​នេះ​កំពុង​រៀបចំ​បង្កើត​មហាវិទ្យាល័យ​ចំនួន​៥​នៅ​ក្នុង​សាលាពេទ្យ​មួយ​នោះ​ ដោយ​បូក​រួម​ទាំង​មហាវិទ្យាល័យ​ពីរ​ដែល​បាន​បើក​នៅ​ក្នុង​ខែ​កញ្ញា​នេះ។ សម្រាប់​ត្រី​មាស​ដំបូង​ មហាវិទ្យាល័យ​នីមួយៗ​មាន​និស្សិត​៣០នាក់​ចុះ​ឈ្មោះ​ចូល​រៀន។

លោក Kim បាន​និយាយ​ថា កម្មវិធី​កម្រិតឧត្តម​សិក្សា​នៅ​សាកលវិទ្យាល័យ​របស់​លោក​កំពុង​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ផ្នែក​សុខាភិបាល​ទូទៅ​របស់​កូរ៉េ​ខាង​ជើង​ ដែល​ក្នុង​នោះ​សាលា​ពេទ្យ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​ថា្នក់​បរិញ្ញាបត្រ។

លោក​ Kim និយាយ​ថា៖ «សាលា​ពេទ្យ​របស់​យើង​គឺជា​កម្មវិធី​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ហើយ​យក​លំនាំ​តាម​កម្មវិធី​សិក្សា​របស់​សាលា​ពេទ្យ​អន្តរជាតិ​និង​របស់​សាលា​ពេទ្យ​អាមេរិក»។

ដូច្នេះ​ និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​ ឲ្យ​សិក្សា​ក្នុង​កម្មវិធី​ទាំង​នេះ​សុទ្ធ​តែ​មាន​បរិញ្ញាបត្រ​ផ្នែក​វេជ្ជសាស្រ្ត​រយៈពេល​៤ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ​ទី​១ ពួកគេ​នឹង​សិក្សា​មុខវិជ្ជា​នានា​ជា​ភាសា​អង់គ្លេស។

លោក​ Kim និយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទំនង​ជា​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​សាកលវិទ្យាល័យ​របស់​លោក។ ​រដ្ឋា​ភិបាល​នេះ​បាន​ផ្តល់​មន្ទីរពេទ្យ​ចំនួន​២​ឲ្យ​សាកលវិទ្យាល័យ​ប្រើ​ប្រាស់។

សាកលវិទ្យាធិការ​រូប​នេះ​បាន​ពន្យល់​បន្ថែម​ថា មាន​សាស្រ្តាចារ្យ​ប្រមាណ​ជា​១០​រូប​មក​ពី​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស និង​ប្រទេស​ស៊្វីស ហើយ​ថា សាកលវិទ្យាល័យ​មាន​គម្រោង​នឹង​បើក​មហាវិទ្យាល័យ​ចំនួន​៣​ដែល​នៅ​សល់​ រួម​មាន​មហាវិទ្យាល័យ​គិលានុបដ្ឋាយិកា​ ឱសថ​ និង​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ផ្សេង​ទៀត ក្នុង​រយៈពេល​១ឆ្នាំ។

លោក​ Kim បញ្ជាក់​ថា តាម​រយៈ​កម្មវិធី​វេជ្ជសាស្រ្ត​របស់​សាកលវិទ្យាល័យ​ PUST​ របស់​លោក លោក​នឹង​បន្ត​អភិវឌ្ឍ​គុណភាព​ទាំង​អស់​របស់​សាលា​ពេទ្យ​ ព្រម​ទាំង​បណ្តុះ​បណ្តាល​គ្រូ​ពេទ្យ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ