ចោរប្រដាប់កាំភ្លើង ៣ដើម ចូលប្លន់ប្រជាពលរដ្ឋ នៅស្រុកជុំគិរីទៀតហើយ ខណៈករណីប្លន់កន្លងទៅ មិនទាន់វែកមុខចោរ

កំពត៖ បើកឆាកដើមខែតុលា ឆ្នាំ២០១៥នេះ ក្រុមចោរ ៥នាក់ប្រដាប់ដោយកាំភ្លើង ៣ដើម បានចូលប្លន់ផ្ទះប្រជា ពលរដ្ឋនៅលើទឹកដីខេត្តកំពត ក្នុងស្រុកជុំគិរីទៀហើយ យកលុយ ១០លានរៀល ប្លាទីន ២តម្លឹង និងម៉ូតូសេ ១២ ៥ មួយគ្រឿង។ កាលពីខែកញ្ញា កន្លងទៅក្រុមចោរមានគ្នា ៥នាក់ ប្រដាប់ដោយកាំភ្លើង ៣ដើម ដូចករណីប្លន់យប់ មិញនេះ ក៏បានចូលទៅប្លន់ផ្ទះអ្នកលក់ចំណីសត្វក្នុងស្រុកជុំគិរីនេះដែរ។ ការប្លន់ជាញឹកញាប់នេះ បានធ្វើឲ្យប្រ ជាពលរដ្ឋខេត្តកំពត ព្រួយបារម្ភយ៉ាងខ្លាំងលើសុវត្ថិភាពរបស់ពួកគេ។

យោងតាមសមត្ថកិច្ចខេត្តកំពត បានបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ក្រុមចោរ ៥នាក់ ពាក់ម៉ាស់មុខប្រដាប់ដោយកាំភ្លើង AK ចំនួន ២ដើម និងអាវុធខ្លី១ដើម ចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃឃ្លៃ ឃុំ ស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ ស្រ្តីរងគ្រោះជាម្ចាស់ ឈ្មោះ អ៊ីម ម៉ៅ អាយុ ៤០ឆ្នាំ។

សមត្ថកិច្ចបន្តថា ពេលចូលធ្វើសកម្មភាពប្លន់នេះ ជនសង្ស័យបានចាប់ម្ចាស់ផ្ទះចងចំនួន ៥នាក់ រហូតដល់ម៉ោង ៥ភ្លឺ ទើបរើរួចរត់មកប្តឹងសមត្ថកិច្ច។ ម្ចាស់ផ្ទះបានបញ្ជាក់ថា ក្រុមចោរប្លន់ បានប្រមូលយក លុយប្រមាណ ១០ លានរៀល ប្លាទីន ២តម្លឹង និងម៉ូតូសេ១២៥ ចំនួន ១គ្រឿង។

សូមបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ក្នុងខេត្តកំពត បានកើតមានក្រុមចោរប្រដាប់អាវុធចូលប្លន់ផ្ទះប្រ ជាពលរដ្ឋជាញឹកញាប់ នាំឲ្យប្រជាពលរដ្ឋព្រួយបារម្ភជាខ្លាំង។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះ ក្រុមចោរ ៥នាក់ ប្រដាប់កាំភ្លើងវែងខ្លី ៣ដើម ដូចករណីខាងលើនេះដែរ បានចូលទៅប្លន់ផ្ទះអ្នកលក់ចំណី សត្វ និងវាយស្រ្តីម្ចាស់ផ្ទះបែកក្បាលប្លន់ យកលុយជាង ១ពាន់ដុល្លារ និងគ្រឿងអលង្ការជិត ៦តម្លឹង រួមនិងក្រវិល ពេជ្រមួយគូ ស្ថិតក្នុងភូមិស្នាយអញ្ជឹត ឃុំស្នាយអញ្ជឹត ស្រុកជុំគិរី ខេត្តកំពត។

ដោយឡែកកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ក្រុមចោរប្រដាប់អាវុធ ៤នាក់ ក៏បានលួចកាត់របងលួស ចូលបាញ់ម្ចាស់ផ្ទះឲ្យរងរបួសធ្ងន់ធ្ងរ នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ។ តែក្រុមចោរមិនបានយកទ្រព្យ សម្បត្តិនោះទេ ដោយសារខ្លាចសមត្ថកិច្ចមកដល់ ពួកគេក៏រត់គេចខ្លួនបាត់អស់ទៅ។

អំពើចោរប្លន់ជាច្រើនករណី គេនៅមិនទាន់ឃើញសមត្ថកិច្ចក្នុងខេត្តកំពត ធ្វើការបង្រ្កាបបានមួយករណីណានៅ ឡើយនោះទេ៕