អភិបាលខេត្ត​បន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ក្នុង​មូលដ្ឋាន​

​កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​ទាំងឡាយណា ដែល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​រង់ចាំ​មើលថា ពេលណា​ទើប​លោក ហ៊ុន សែន ដកហូត​លោក គោ​ស៊ុំ សារឿ​ត ចេញពី​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រោះ​លោក គោ​ស៊ុំ សារឿ​ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ​។ ជាងនេះទៅទៀត​សូម្បីតែ​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​មកពី​តំបន់​នានា​ក្នុងស្រុក​ចំនួន​៣​និង​ក្រុង​១​នៃ​ខេត្តបន្ទាយមានជ័យ នាំគ្នា​មក​តវ៉ា​ដល់​មុខ​សាលាខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​យ៉ាងណាក៏ដោយ ក៏​លោក គោ​ស៊ុំ សារឿ​ត មិន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើយ​។​

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី និង​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា អាជ្ញាធរខេត្ត​មិន​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ​។ ហេតុនេះហើយ​ទើប​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ រាលដាល​កាន់តែខ្លាំង​ឡើងៗ​ប៉ុន្តែ​មិនទាន់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តន៍​តាម​ការព្រមាន​របស់ខ្លួន​នាពេល​កន្លងមក​ត​ទាល់​សោះ​។ ប្រភពពី​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​ខេត្ត​នេះ​មាន​បញ្ហាដីធ្លី​រាប់រយ​ករណី ហើយ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ឡើយ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ តំណាង​និង​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ជាង​២០០​នាក់​មកពី​៦​តំបន់​ក្នុងស្រុក​ចំនួន​៣​និង​ក្រុង​១ បានមក​តវ៉ា​ដល់​មុខ​សាលាខេត្ត​ដើម្បី​ឲ្យ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់​។ ជម្លោះដីធ្លី​ជាច្រើន​ករណី​ក្នុង​ខេត្តបន្ទាយមានជ័យ កើតឡើង​ដោយសារតែ​អ្នកមាន​លុយ អ្នកមានអំណាច និង​កង​កម្លាំងយោធា ឆក់​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ ហើយ​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ ពុំមាន​ចំណាត់ការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា កន្លងមក​អាជ្ញាធរខេត្ត​បានត្រឹមតែ​ទទួល​ពាក្យបណ្ដឹង​យកទៅ​ទុកចោល​ប៉ុណ្ណោះ ហើយ​មិនបាន​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​យកចិត្តទុកដាក់​ឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ រាលដាល​កាន់តែខ្លាំង​ហើយ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​ស្រែចម្ការ​គួរ​ឲ្យ​ព្រួយបារម្ភ​៕

dsc05453លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ 41