លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់​ពី​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​គួរ​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​

​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ក្នុង​សប្តាហ៍​នេះ បានបញ្ជាក់​ថា​រដ្ឋ​ត្រូវ​ផ្តល់​មធ្យោបាយ​គ្រប់គ្រាន់ តាមរយៈ​ការចំណាយ​ថវិកាជាតិ យ៉ាងតិច ៤​ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក (​ផសស​) ឬ​យ៉ាងតិច ២០​ភាគរយ នៃ​ថវិកាជាតិ​ប្រចាំឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​យុវជន​ក្លាយទៅជា​ប្រជាពលរដ្ឋ​សកម្ម​រឹងមាំ មាន​សមត្ថភាព​ខ្ពស់ មានចំណេះ​ជំនាញ​ពិត មាន​ភាព​ច្នៃប្រឌិត មាន​វិន័យ មាន​សីលធម៌​ថ្លៃថ្នូរ ស្រឡាញ់​ភាពត្រឹមត្រូវ ប្រកាន់​យុត្តិធម៌ ឲ្យ​តម្លៃភាព​ស្អាតស្អំ មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​សម្បជញ្ញៈ និង​មាន​មនសិការ​ជាតិ​។​

​ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​សង្កត់ធ្ងន់ថា សន្តិភាព​ដែល​បានមកពី​សង្គម គឺ​អ្នកដឹកនាំ ក្រុម​ដឹកនាំ ត្រូវ​កំណត់​គោលដៅ​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ ពោលគឺ អភិវឌ្ឍន៍​ដើម្បី​មនុស្ស ដើម្បី​ប្រជាពលរដ្ឋ ដើម្បី​សង្គម ដែល​គេ​ផ្តល់​គុណ​តម្លៃ​នៃ​ការរស់នៅ​ដោយ​សមសួន និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដែល​យើង​ដឹង​ច្បាស់​ថា សេចក្តីត្រូវការ​ជា​មូលដ្ឋាន​របស់​មនុស្ស​រួមមាន​៖ ទី​១.​សម្លៀកបំពាក់ ចំណីអាហារ ទី​២.​ផ្ទះសម្បែង ទី​៣.​ថ្នាំសង្កូវ ប្រព័ន្ធ​សុខាភិបាល ទី​៤. ការសិក្សា​រៀនសូត្រ ប្រព័ន្ធ​អប់រំ និង​ទី​៥.​ការងារ​ធ្វើ រួមផ្សំ និង យុត្តិធម៌​សង្គម សីលធម៌​សង្គម នោះ​សន្តិភាព​ប្រាកដជា​បានមកពី​សង្គម​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បានលើកឡើង​ទៀតថា រដ្ឋ​ត្រូវបង្កើត​គោលនយោបាយ​ជាតិ​ហ្វឹកហាត់​ការងារ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន បាន​ចូលរួម​ធ្វើការ​ងារ​ដោយ​ស្ម័គ្រចិត្ត តាម​ក្រុមហ៊ុន រោងចក្រ ក្រសួង មន្ទីរ បណ្តា​ស្ថាប័នរដ្ឋ នៅ​គ្រប់​កម្រិត ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ការងារ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមទៀតថា លើសពីនេះ យុវជន ត្រូវ​ព្យាយាម​សិក្សា​ស្វែងយល់​អំពី សមាហរណកម្ម​អាស៊ាន រៀន​ភាសា​អង់គ្លេស រៀន​ជំនាញ​កុំព្យូទ័រ ស្ម័គ្រចិត្ត​ហ្វឹកហាត់​ការងារ រៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ​ខ្លី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការងារ ជាមួយ​យុវជន​អាស៊ាន នៅ​ចុងឆ្នាំ​២០១៥ ៕

11150560_994008000662665_3417153265992895163_n