ដេប៉ូ​លក់​ខ្សាច់​នៅ​បរិវេណ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទល់មុខ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដេប៉ូ​លក់​ខ្សាច់​ដ៏​ធំ​នៅក្នុង​បរិវេណ​កំពង់ផែ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ដោយហេតុថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹក​ខ្សាច់​ជាច្រើន​គ្រឿង ចូលមក​ដឹកជញ្ជូន​ខ្សាច់​ចេញពី​ដេប៉ូ​នេះ ធ្វើ​ឲ្យ​ជ្រុះ​ខ្សាច់​ហុច​ទ្រលោម​ប៉ះពាល់​សុខភាព​ពួកគាត់​ជា​យូរ​ខែ​មកហើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ ចាត់វិធានការ​ទៅលើ​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ដ៏​ធំ​នោះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​ការរស់នៅ​របស់​ពួកគាត់​តទៅទៀត​។

កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មាន​ដេប៉ូ​លក់​ខ្សាច់​នៅ​កណ្ដាល​ក្រុង​នោះទេ ប៉ុន្តែ​ជាក់ស្ដែង​បែរ​ជាមាន​ដេប៉ូ​លក់​ខ្សាច់​ដ៏​ធំ​ត្រូ​របា​ន​គេ​បង្កើតឡើង​នៅជាប់​ខាងត្បូង​ស្ពាន​ជ្រោយចង្វា ក្នុង​បរិវេណ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហើយ​គំនរ​ខ្សាច់​ហៀរ​មកដល់​លើផ្លូវ​ព្រះស៊ីសុវត្ថិ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា ក្នុង​មួយថ្ងៃៗ​រថយន្ត​ធំៗ​ចូលមក​ដឹកជញ្ជូន​ខ្សាច់​ទាំងថ្ងៃទាំងយប់​បង្ក​ការរំខាន​យ៉ាងខ្លាំង ព្រោះ​ដេប៉ូ​នោះ​លក់​ខ្សាច់​២៤​ម៉ោង​តែម្ដង​។ គេ​សង្ស័យថា មាន​មន្ត្រីជាន់ខ្ពស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ពីក្រោយ​ដេប៉ូ​លក់​ខ្សាច់​នោះ​ទើប​មន្ត្រី​អាជ្ញាធរ​ខណ្ឌដូនពេញ មិន​ហ៊ាន​ប៉ះពាល់​ហើយ​បណ្ដោយ​ឲ្យ​មាន​ដេប៉ូ​លក់​ខ្សាច់កណ្ដាល​ក្រុង​យ៉ាង​ដូច្នេះ​។ មិនតែប៉ុណ្ណោះ​រថយន្ត​ដឹក​ខ្សាច់​មិនបាន​គ្រប​តង់​ឲ្យ​ត្រឹមត្រូវ​ឡើយ បណ្ដាល​ឲ្យ​ខ្សាច់​ជ្រុះ​ក្លាយជា​ធូលី​ហុយ​សំពោង​។

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ដេប៉ូ​លក់​ខ្សាច់​នៅក្នុង​បរិវេណ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ និង​ក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​ផលប៉ះពាល់​ដែល​កើតចេញពី​ដេប៉ូ​លក់​ខ្សាច់​ដ៏​ធំ​នោះ​ជាបន្ទាន់​។ ដោយសារ​ថា​នៅខាងមុខ​ដេប៉ូ​លក់​ខ្សាច់​នោះ តែងតែ​កើត​មាននៅ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដោយសារ​ខ្សាច់​ធ្លាក់​ពី​រថយន្ត​ក្លាយជា​ធូលី​ហុយ​ងងឹត​មេឃ​មើលផ្លូវ​មិនឃើញ និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ផងដែរ​។ ម្ចាស់​ដេប៉ូ​ដែល​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​ខណ្ឌដូនពេញ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​បំផុត​៕

Image-1 Image-3