លោក សម រង្ស៊ី បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្នូល​នៃ​ការរួបរួម​ជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បានបញ្ជាក់​នៅ​ចុង​សប្តាហ៍​នេះ​ថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់​ដែលជា​ស្នូល​នៃ​ការរួបរួម​ជាតិ និង​មាន​គោលនយោបាយ​ស្នេហា​សន្តិភាព​ពេញលេញ​ដែល​គោលជំហរ​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​មិន​ខាន​។ លោក សម រង្ស៊ី បាន​ពន្យល់ថា ប្រទេស​កម្ពុជា​នឹង​កាន់តែ​រឹងមាំ និង​មានការ​អភិវឌ្ឍ​ពិតប្រាកដ​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ព្រោះ​ចំណុចខ្សោយ​របស់​ប្រទេស​កម្ពុជា​កាលពី​អតីតកាល​គ្មាន​ការរួបរួម​ជាតិ​បានល្អ និង​រឹងមាំ​នោះទេ ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទន់ខ្សោយ​ជា​បន្តបន្ទាប់ ដូច្នេះ​ប្រសិនបើ​ប្រទេស​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ការរួបរួម​ជាតិ​បានល្អ និង​រឹងមាំ នោះ​ប្រទេស​កម្ពុជា​នឹងមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង និង​រឹងមាំ​មិន​ខាន​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ កម្លាំង​អ្នកប្រជាធិបតេយ្យ អ្នក​សេ្ន​ហា​ជាតិ នៅតែ​មិនទាន់បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ​នៅឡើយ​ទេ​ហើយ​ចំពោះមុខ​បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ជា​ស្នូល​ជំរុញ​ឲ្យ​មានការ​រួបរួម​ជាតិ​ជា​ធ្លុង​មួយ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ចំណុចខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​ការគាំទ្រ​ពី​ពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ ហើយ​ការគាំទ្រ​នេះ ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ចិត្ត​ថា​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់​ជា​ក្តី​រំពឹង​របស់​ពួកគាត់​ក្នុងការ​ដឹកនាំ​ប្រទេស​។​

​គួររំលឹកថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ បញ្ជាក់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ហើយ​ទទួលបាន​អំណាច​ស្របច្បាប់​ទៅ​ដឹកនាំ​ប្រទេស នោះ​ប្រទេស​កម្ពុជា​នឹង​គ្មាន​សង្គ្រាម​កើតឡើង​ដូច​មជ្ឈដ្ឋាន​មួយចំនួន​បាន​ព្រមាន​នោះទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យន្តការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​ទាំង​បញ្ហា​ក្នុងប្រទេស និង​ក្រៅប្រទេស ពិសេស​បញ្ហា​ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ជាតិ អន្តរជាតិ និង​សន្តិវិធី​។​
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ថា ប្រទេស​កម្ពុជា​នឹង​គ្មាន​សង្គ្រាម​នោះទេ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រកាន់​គោលការណ៍​មិន​យក​ប្រជាជន​ខ្មែរ​ម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ​ធ្វើជា​សត្រូវ​នោះទេ​៕

12088463_753350188143539_44106554840305559_n