ស្នងការ​ខេត្ត​កំពង់ចាម​ប្រកាស​ឱ្យ​អ្នក​ប្រើ​ផ្លាក​លេខ​ន.ប​ស្លៀក​ពាក់​ឯកសណ្ឋាន​គ្រប់​ពេល​បើកបរ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដោយ​មិន​អនុញ្ញាត​ឱ្យ​គ្រប់​ម្ចាស់​យានយន្ត ឬ​អ្នក​បើកបរ​ដែល​មាន​ស្លាក​លេខ​នគរបាល (ន.ប) ស្លៀក​ពាក់​ស៊ីវិល​ជា​ដាច់ខាត។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ដោយ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក​ឧត្ដមសេនីយ៍ ប៉ែន រ័ត្ន កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា ឱ្យ​ដឹង​ថា វិធានការ​នេះ​គឺ​ដើម្បី​ធានា​បាន​គោលការណ៍​អនុវត្ត​ច្បាប់ និង​លុប​បំបាត់​ភាព​អសកម្ម​ក្នុង​ការ​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ។ ទន្ទឹម​នោះ មាន​មន្ត្រី​នគរបាល​មួយ​ចំនួន​បាន​ប្រើប្រាស់​យានយន្ត​នគរបាល​ជាតិ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ជាមួយ​គ្នា​នេះ ក៏​មាន​ជនល្មើស​មួយ​ចំនួន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ស្លាក​លេខ​យានយន្ត​នគរបាល​ជាតិ ក្លែងក្លាយ​ដើម្បី​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្លូរ និង​កិត្យានុភាព​របស់​កងកម្លាំង​នគរបាល​ជាតិ។

ក្នុង​នោះ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម តម្រូវ​ឱ្យ​គ្រប់​អង្គភាព​ចំណុះ​ក្រោម​ស្នងការដ្ឋាន​ខេត្ត​ដែល​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ស្លាក​លេខ​នគរបាល ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ស្តីពី​ការ​គ្រប់គ្រង​យានយន្ត​នគរបាល​ជាតិ។

អ្នក​បើកបរ​យានយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ជាតិ ដែល​កំពុង​ធ្វើ​ចរាចរ​ត្រូវ​យក​ជាប់​ជាមួយ​នូវ​លិខិត​សម្គាល់​យានយន្ត​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ផ្លាស់ប្ដូរ​លិខិត​សម្គាល់​យានយន្ត​ចាប់​ពី​ថ្ងៃ​ទី​១៧ កញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​អាច​ទទួល​ស្គាល់​លិខិត​ថតចម្លង​បណ្តោះអាសន្ន។ មិន​អនុញ្ញាត​ឱ្យ​អ្នក​បើក​បរ​ស្លាក​លេខ​នគរបាល ស្លៀកពាក់​ស៊ីវិល​ជា​ដាច់​ខាត ម្យ៉ាង​ត្រូវ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

បន្ថែម​ពី​នេះ គ្រប់​អង្គភាព​ចំណុះ​ក្រោម​ស្នងការដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​នេះ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា ដល់​ថ្ងៃ​ទី​១៥ តុលា ២០១៥ ហើយ​ចាប់​អនុវត្ត​នូវ​វិធានការ​នេះ​ពី​ថ្ងៃ​ទី​១៦ តុលា ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។