លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ក្នុង​ខេត្តក្រចេះ បណ្ដោយ​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ

នៅក្នុង​ខេត្តក្រចេះ មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជំនួញ​ឈើ​ខុសច្បាប់ ក៏ដូចជា​ការបង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ក្លា​។ ជាក់ស្ដែង​លោក​វរសេនីយ៍ទោ ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​រាប់សិប​នាក់ នៅតាម​ផ្លូវជាតិ​សំខាន់ៗ​ដើម្បី​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកឈើ និង​រថយន្ត​ដឹកទំនិញ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ កុងត្រូលជជុះ​របស់​ក្រុម​យោធា​ស៊ើបការណ៍​ក្នុង​ខេត្តក្រចេះ កើតមាន​ជា​យូរ​មកហើយ​ក៏ប៉ុន្តែ​មិនឃើញ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក៏ដូចជា​ប្រភពពី​ឈ្មួញ​ដឹកឈើ និង​អាជីវករ​ដឹកទំនិញ​បាន​ឲ្យ​ដឹងថា នៅតាម​ផ្លូវជាតិ​ក្នុងស្រុក​ស្នួល មាន​កម្លាំងយោធា​ស៊ើបការណ៍​របស់លោក ឈឹម ផល្លី បោះទីតាំង​ដើម្បី​ចាំ​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​។ បញ្ហា​នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​យោធា​ស៊ើបការណ៍​ក្នុង​ខេត្តក្រចេះ​នោះ​ផង​។ ដោយហេតុថា ពួកគេ​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បោះទីតាំង​ធ្វើជា​កុងត្រូលជជុះ ហើយ​ឈ្មួញ​ដែល​ដឹកឈើ​ឬ​ដឹកទំនិញ​ឆ្លងកាត់​ត្រូវ​ទម្លាក់​លុយ​ឲ្យ​ក្រុមមន្ត្រី​យោធា​ទាំងនោះ​ជាប្រចាំ​។ គេ​មិនដឹងថា យោធា​ទាំងនោះ​មាន​តួនាទី​អ្វី​ក្នុងការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​កុងត្រូលជជុះ​របស់​ពួកគេ​ទេ ព្រោះ​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺជា​ភារកិច្ច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មិនមែន​តែ​នៅក្នុង​ស្រុក​ស្នួល​ប៉ុណ្ណោះ​ទេ ដែលមាន​កុងត្រូលជជុះ​របស់​ក្រុម​យោធា​ស៊ើបការណ៍​ខេត្ត គឺ​នៅតាម​ផ្លូវជាតិ​ក្នុងស្រុក​សំបូរ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង ក៏មាន​ក្រុមមន្ត្រី​យោធា​ស៊ើបការណ៍​បង្កើត​កុងត្រូលជជុះ​តាម​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​នៅ​ស្រុក​ឆ្លូង ក៏មាន​សកម្មភាព​ក្រុមមន្ត្រី​យោធា​ស៊ើបការណ៍​យ៉ាង​អនាធិបតេយ្យ​ដូចគ្នា ហើយ​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក ឈឹម ផល្លី ដែលជា​ចៅហ្វាយនាយ​។ ដូច្នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​ការ​យោធពលខេមរភូមិន្ទ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ឈឹម ផល្លី និង​បក្ខពួក​បាន​បង្ក​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ យ៉ាង​គឃ្លើន​បំផុត​។ ជាពិសេស​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ គួរ​ចាត់វិធានការ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លុបបំបាត់​កុងត្រូលជជុះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

208_101លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ