ប្រ​ធាន​​រដ្ឋស​ភា​ប​ដិសេធ​សំ​ណើ​តំ​ណាង​រាស្រ្ត​សុំ​លិ​ខិត​​បេស​កកម្ម​​ពិ​និត្យ​​ព្រំ​ដែន និង ព្រៃ​ឈើ​​​នៅ​​តំ​បន់​​កន្ទុយ​នាគ​​

ភ្នំពេញ៖ ប្រ​ធាន​រដ្ឋ​ស​ភា​លោក ហេង សំរិន បាន​​បដិ​សេធ​​សំ​ណើ​របស់​តំ​ណាង​​រាស្រ្ត​គណ​បក្ស​​សង្រ្គោះ​ជាតិលោក ម៉ៅ មុ​នី​វ​ណ្ណ​ ក្នុង​​ការ​​សុំ​​លិ​ខិត​​បេស​កកម្ម​​ចុះ​​ទៅ​ពិ​និត្យ​​មើល​​ព្រំ​ដែន ​និង​​ព្រៃ​ឈើ​​នៅ​​​តំ​បន់​កន្ទុយ​នាគ​ ខេត្ត​​រតន​គិ​រី​​ ។ លិខិតរបស់​លោក ម៉ៅ មុនីវណ្ណ ចុះថ្ងៃទី​២៥ខែកញ្ញា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​លោក​​បាន​ស្នើ​លោក ហេង សំរិន ចេញ​លិខិត​បេសកកម្ម​មាន​រយៈ​ពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី​០១ខែតុលា ចុះទៅពិនិត្យ​និង​ស្វែងយល់​ពី​ស្ថាន​​ភាព​ជាក់ស្តែង​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​គមនាគមន៍ ការជីករុក​រក​រ៉ែ​ខុសច្បាប់ ការ​កាប់បំផ្លាញ​ព្រៃឈើ​(តំបន់​ឧទ្យាន​​​វីរៈជ័យ​)រួម​នឹង​ការ​ពិនិត្យ​បង្គោល​ព្រំដែន​ដែល​បាន​បោះរួច នៅតំបន់​​កន្ទុយនាគ ខេត្ត​រតនគិរី។ ជាការ​ឆ្លើយ​តប ​លោក ហេង សំរិន បាន​ចារនៅ​ថ្ងៃទី​០១ខែ​តុលា​លើលិខិត​របស់តំណាងរាស្រ្ត​ថា​​តំណាងរាស្រ្ត​​អាច​អញ្ជើញទៅពិនិត្យ​​បាន តែ”​រដ្ឋសភា​មិន​ចេញលិខិត​បេសកកម្ម​ឲ្យ​ទេ វៀរលែង​តែ​បេសកកម្ម​របស់​គណៈ​កម្មការ​ជំនា​ញរដ្ឋសភា”។ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព ធ្លាប់​មានប្រសាសន៍ថា កន្លង​ទៅ​ក្រុមហ៊ុន ទ្រី ភាព ធ្លាប់​ទទួលបាន​គោលការណ៍​ពី​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​តំបន់​វីរៈ​ជ័យ តែ​លោក​ថាក្រុមហ៊ុន​បាន​ប្រគល់​តំបន់​នេះ​មក​រដ្ឋាភិបាល​វិញ​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​។ លោក​អះអាង​ថាក្រុមហ៊ុន​បាន​សិក្សា​ស៊ីជម្រៅ​ពី​ស្ថានភាព​ដី​នៅ​ទីនោះ​ឃើញថា​មិន​សូវ​អំណោយផល​៕​ ដោយ៖ សុធី