លោក ស៊ុន ចាន់ថុល លើកទឹកចិត្ត ឲ្យសិស្សធ្លាក់បាក់ឌុប កុំបោះបង់ការសិក្សា និងប្រឹងប្រែងរៀនបន្ត

កណ្តាល៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងជំរុញលើកទឹកចិត្តដល់សិស្ស ប្រឡងបាក់ឌុប កុំឲ្យបាក់ទឹកចិត្ត និងបោះបង់ការសិក្សា ពោលត្រូវប្រឹងប្រែងរៀនបន្តសម្រាប់ការប្រឡងបាក់ឌុប នៅឆ្នាំក្រោយ ឬអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង និងរៀនជំនាញវិជ្ជាជីវៈផ្សេងៗក៏បាន ព្រោះមានវិទ្យាស្ថាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនកំពុងរង់ចាំពួកគេ។

ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី អញ្ជើញចុះជួបសំណេះសំណាលផ្តល់ កម្លាំងចិត្តដល់សិស្សប្រឡងធ្លាក់បាក់ឌុប ២៨២នាក់ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែ តុលា ឆ្នាំ២០១៥នេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងលើកទឹកចិត្តសិស្ស ដែលធ្លាក់បាក់ឌុបយ៉ាងដូច្នេះថា «ប្អូនៗ កុំបាក់ ទឹកចិត្តហើយបោះបង់ការសិក្សាឲ្យសោះ។ យើងត្រូវតែប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីត្រៀមប្រឡងបាក់ឌុបនៅ ឆ្នាំក្រោយទៀត ឬក៏យើងអាចបន្តសិក្សាថ្នាក់បរិញ្ញាបត្ររង ឬក៏រៀនជំនាញវិជ្ជាជីវៈផ្សេងៗ ក៏បាន ធ្វើយ៉ាងណារក ចំណេះជំនាញដាក់ខ្លួនឲ្យបាន»។

បន្ទាប់ពីសំណេះសំណាល លោក ស៊ុន ចាន់ថុល ក៏បានឧបត្ថម្ភថវិកាដល់សិស្សធ្លាក់បាក់ឌុបក្នុងស្រុកកោះធំទាំង ២៨២នាក់ ម្នាក់ៗ ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានអញ្ជើញចុះទៅ លើកទឹកចិត្ត និងសម្តែងការអបអរសាទរជាមួយសិស្សក្នុងស្រុកកោះធំ ដែលបានប្រឡងជាប់បាក់ឌុប ៤០៧នាក់ ផងដែរ។ លោក ស៊ុន ចាន់ថុល បានឧបត្ថម្ភដល់សិស្សប្រឡងជាប់បាក់ឌុបនេះ ម្នាក់ៗ ១០០ដុល្លារ។

ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៥ ស្រុកកោះធំ មានសិស្ស ៦៨៨នាក់ ស្រី ៣៣៦នាក់ មកពីវិទ្យាល័យទាំង៤ (វិទ្យាល័យហ៊ុន សែន កោះធំ វិទ្យាល័យ ហ៊ុន សែន សំពៅពូន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង និងវិទ្យាល័យ ហ៊ុន សែន កំពង់កុង) បានចូលរួមប្រឡង។ សិស្សទាំង ៦៨៨នាក់នេះ សិស្សជាប់បាក់ឌុបមាន ចំនួន៤០៧នាក់ ស្រី២២១នាក់ ស្មើនិង៥៨,៧៣ភាគរយ។

ក្នុងចំណោមសិស្សជាប់នេះ អ្នកទទួលបាននិទ្ទេស B ១៥នាក់ និទ្ទេស C ៤៤នាក់ និទ្ទេស D ៦៦នាក់ និទ្ទេស E ២៨២នាក់។ តែមិនមានអ្នកទទួលបាននិទ្ទេស A នោះទេ។ បើតាមរបាយការណ៍ របស់ការិយាល័យអប់រំស្រុក បានគូសបញ្ជាក់ថា ចំនួនសិស្សជាប់បាក់ឌុប នៅក្នុងស្រុកកោះ ធំនៅឆ្នាំនេះ មានការកើនខ្ពស់ជាង ឆ្នាំ២០១៤ ដែលមានត្រឹមតែ ៣៨៣ប៉ុណ្ណោះ៕

លោក ស៊ុន ចាន់ថុល លើកទឹកចិត្ត ឲ្យសិស្សធ្លាក់បាក់ឌុប កុំបោះបង់ការសិក្សា និងប្រឹងប្រែងរៀនបន្ត

លោក ស៊ុន ចាន់ថុល លើកទឹកចិត្ត ឲ្យសិស្សធ្លាក់បាក់ឌុប កុំបោះបង់ការសិក្សា និងប្រឹងប្រែងរៀនបន្ត

លោក ស៊ុន ចាន់ថុល លើកទឹកចិត្ត ឲ្យសិស្សធ្លាក់បាក់ឌុប កុំបោះបង់ការសិក្សា និងប្រឹងប្រែងរៀនបន្ត